ខេត្តកណ្តាល ៖ ឃាតកម្មដ៍សាហាវព្រៃផ្សៃមួយបានកើតឡើង ដោយបុរសម្នាក់ កំពុងផឹកស្រាថ្នាំលើគ្រែ ត្រូវឃាតក កាន់កាំបិតខ្វែវ ដើរចេញពីផ្ទះ កាប់ប្រហារមួយកាំបិត ដាច់ក្បាលធ្លាក់ចេញពីស្មារយ៉ាងរន្ធត់បំផុត ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់សម្លាប់ដាច់ក្បាលធ្លាក់ចេញពីស្មារនេះមានឈ្មោះ ទុំ ចិន្តា ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុ ។ ចំណែកជនដៃដល់មានឈ្មោះ ចែម ធារ៉ា ភេទ ប្រុសអាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះសមត្ថកិច្ចដកហូតកាំបិតខ្វែវ ចំនួន០១ ហើយកន្លងមកជនសង្ស័យបានប្រើប្រាស់សារធាតុញៀនជាប្រចាំ ។
សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រាថ្នាំជាមួយឈ្មោះ ឈាង និង ឈ្មោះណាន នៅលើគ្រែមុខផ្ទះរបស់ឈ្មោះអន ផៃ នៅក្បែរផ្ទះរបស់ជនសង្ស័យ លុះពេលជនរងគ្រោះកំពុងហូបស្រាថ្នាំលើគ្រែនោះ ស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវ ដើរចេញពីផ្ទះសំដៅកន្លែងវង់ផឹកស្រា ពេលនោះអ្នកនៅក្នុងវង់ផឹកស្រាបានសួរជនសង្ស័យថា «ហ្អែងទៅណា?»ជនសង្ស័យនិយាយថា «ទៅរកកាប់ចម្ពាម» និយាយរួចក៏ដើរចេញបានបន្តិច ស្រាប់តែជនសង្ស័យក៏ដើរត្រឡប់មកវិញ យកកាំបិតខ្វែវកាប់សំដៅកជនរងគ្រោះបណ្ដាលឲ្យដាច់ក្បាលជនរងគ្រោះចេញពីស្មាធ្លាក់លើគ្រែ ឯខ្លួនធ្លាក់ទៅដីស្លាប់យ៉ាងរន្ធត់ រួចជនសង្ស័យរត់គេចខ្លួន។
បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមៗសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ទីកន្លែងកើហេតុ ឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធី ។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ