ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានជម្រុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបង្កើនការដាំដុះ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ ដើម្បីឆ្លើយតប ទៅនិងតម្រូវការប្រចាំថ្ងៃរបស់ខ្លួន ឬអាចជួយផ្គត់ផ្គង់ដល់ទីផ្សារបានមួយផ្នែក ខណៈនាពេលបច្ចុប្បន្ន ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានភាពតានតឹង ហើយឈានដល់ការផ្អាកនាំចេញ-ចូល នូវទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ នានាទៅវិញទៅមក ធ្វើឲ្យមានកង្វះខាតក្នុងទីផ្សារ។

ថ្លែងក្នុងពិធីចែកពូជកូនឈើហូបផ្លែ ដល់កសិករនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា សភាពការណ៍បច្ចុប្បន្ននេះ យើងត្រូវចេះរស់ដោយខ្លួនឯង ហើយការធានាបាននូវផលិតផលស្បៀង អាហារ បំពេញតម្រូវការក្នុងស្រុក គឺជារឿងចាំបាច់បំផុតដែលកន្លងមកយើងនៅខ្វះខាតខ្លះ។

ឯកឧត្តមបន្តថា បើបងប្អូនអាចដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ បានទាំងអស់គ្នា យើងលែងព្រួយបារម្ភពីបញ្ហាខ្វះខាត ការហូបចុកប្រចាំថ្ងៃ ដែលកន្លងមកយើងពឹងផ្អែកលើទំនិញពីផ្សារ ។ ការអនុវត្តបាននូវកសិកម្ម ខ្នាតតូចក្នុងគ្រួសារ មិនត្រឹមកាត់បន្ថយការចំណាយប្រចាំថ្ងៃ តែយើងទទួលបានអត្ថប្រយោជន៍ សម្រាប់សុខភាពក្រុមគ្រួសារទាំងមូល ដ្បិតបន្លែ ផ្លែឈើ ត្រីសាច់ ដែលយើងដាំនិងចិញ្ចឹមខ្លួនឯង គឺមានសុវត្ថិភាពក្នុងការទទួលទាន។

ទន្ទឹមការ ដាំដុះ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់ប្រជាកសិករ ត្រូវបន្តដាំដំណាំដែលមានសក្តានុពលស្រាប់ក្នុងខេត្ត ដូចជា ប័រ កាហ្វេ ក្រូចវល្លិ៍ ម្រេច ស្ពៃក្តោប ជាដើម។ព្រោះដំណាំទាំងនេះ ត្រូវបានមហាជនទាំងក្នុងខេត្តក្រៅខេត្តស្គាល់ រួចជាស្រាច់ មិនពិបាកធ្វើទីផ្សារ សំខាន់គឺមានការផ្គត់ផ្គង់គ្រប់គ្រាន់ ទៅកាន់អ្នកបញ្ជាទិញទាន់ពេលវេលា។

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទទួលកូនពូជឈើហូបផ្លែនាពេលនេះ សូមឲ្យយកចិត្តទុកដាក់ដាំដុះថែរក្សា ឲ្យលូតលាស់ទទួលបានផលផ្កាផ្លែ ។ ហើយរដូវនេះមានភ្លៀងធ្លាក់ច្រើន ក៏សូមបងប្អូនទាំងអស់គ្នា បង្កើនការថែរក្សាសុខភាពឲ្យបានល្អ គ្រប់ក្រុមគ្រួសារ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចែកពូជដំណាំប័រ សាវម៉ាវ ចំនួនមួយពាន់ដើម ដើម្បីចែកជូនដល់ កសិករ ចំនួន ២០០ គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ សម្រាប់យកទៅដាំដុះបន្ថែមតាមលំនៅដ្ឋានរបស់ខ្លួនដើម្បីចូលរួមចំណែកនូវប្រាក់ចំណូលក្នុងគ្រួសារនីមួយៗ នាពេលខាងមុខ៕



ចែករំលែកព័តមាននេះ