ខេត្តស្វាយរៀង ៖ គណៈកម្មការអាចារ្យវត្តព្រៃធ្លក រងការចោទប្រកាន់ពីប្រជាពុទ្ធបរិស័ទថា បានឃុបឃិតគ្នាលួចលក់ដើមឈើក្នុងវត្តទៅឲ្យឈ្មួញវៀតណាម ធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារ ហើយបានប្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន ឲ្យជួយអន្តរាគមន៍និងបង្ក្រាប។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតវត្តធ្លក បានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ គេឃើញឈ្មួញវៀតណាម១ក្រុមបានបើកត្រាក់ទ័រសំណ្តោងរ៉ឺម៉កចូលទៅក្នុងវត្តព្រៃធ្លកស្ថិតនៅភូមិព្រៃធ្លកឃុំស្វាយតាយាន ហើយបានធ្វើសកម្មភាព យករណា ត្រង់តូន័រ អារំលំដើមស្វាយព្រៃ ដើមឈើទាលធំៗ នៅក្នងវត្តអស់ជាង១០ដើម រលំរាបដល់ដីរួចកាត់ជាកង់ៗលើកដាក់លើរ៉ឺម៉កត្រាក់ទ័រ ខណៈនោះប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក៏បានចូលទៅទូល
ថ្វាយបង្គំព្រះគ្រូចៅអធិការវត្តព្រៃធ្លក អំពីបញ្ហានេះ លោកគ្រូចៅអធិការ បានមានថេរដិការជម្រាបប្រជាពុទ្ធបរិស័ទ ថា ថ្ងៃមុនគណៈកម្មការអាចារ្យវត្តបានមកពិតព្រះអង្គថា សុំកាប់ដើមឈើក្នុងវត្តមួយចំនួនចេញដើម្បីយកទីធ្លា សង់ចេតីយ៍ និងសង់របង ។
ព្រះតេជគុណ មិនទាន់យល់ស្របទេ ដោយយល់ឃើញថា ដើមឈើធំៗ ទាំងអស់នេះ មិនងាយដាំបានទេ ទំរាំដើមឈើដុះបានដើមធំៗបែបនេះ សូមឲ្យរកកន្លែងផ្សេង ដែលគ្មានដើមឈើ សង់ចេតិយទៅ មិននិកស្មានថា គណៈកម្មការអាចារ្យវត្តឃុបឃិតគ្នា ហៅឈ្មួញមកកាប់ដើមឈើលក់តាមចិត្តខ្លួនដូច្នេះទេ ព្រះអង្គ សោកស្តាយណាស់។
ប្រភពបន្តថា គ្រាន់តែរយៈពេលជាង២ម៉ោង គឺដល់ម៉ោងជាង១០ព្រឹក ក្រុមឈ្មួញជនជាតិវៀតណាម បានអាដើមឈើជាកង់ជាកង់លើកដាក់លើត្រាក់ទ័រទើបប្រជាពលរដ្ឋប្តឹងទៅសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយតាយាន ជួយអន្តរាគមន៍និងបង្ក្រាប។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចដាក់កម្លាំងមកអន្តរាគមន៍និងឃាត់ក្រុមឈ្មួញវៀតណាមនិងវត្ថុតាង រួមមានត្រាក់ទ័រនិងកំណាត់ឈើ នៅលើត្រាក់ទ័រ រណា ត្រង់តឺន័រ ទៅប៉ុស្ត៍រដ្ឋបាលឃុំស្វាយតាយានដើម្បីសាកសួរតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ ព្រះគ្រូចៅអធិការវត្តធ្លក បានចេញសេចក្តីបំភ្លឺ ក្រោយមានការតវ៉ា ដោយព្រះគេជគុណ ចេញលិខិតបំភ្លឺថា អាត្មាភាពយើងខ្ញុំជាព្រះគ្រូចៅអធិការគណកម្មការអាចារ្យវត្តព្រៃធ្លកបានឯកភាពគ្នា តាមរយៈការប្រំជុំកាលពីថ្ងៃទី៥ឧសភា២០២៥ ដោយឯកភាពគ្នា កាប់ដើមស្វាយមួយចំនួន ក្បែរឯបរបងខាងកើត គោលបំណងត្រៀមទីតាំងសម្រាប់កសាងទីសេនាសនៈផ្សេងៗមានចេតិយជាដើមនិងរបងផ្នែកខាងកើតរបស់វត្តនៅពេលខាងមុខ ។ ហើយក៏មិនបានកាប់ទាំងអស់ដែរគឺកាប់តែដើមឈើដែលប៉ះពាល់ប៉ុណ្ណោះ។
ទាក់ទិនករណីនេះដែរ មហាជន និងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃធ្លក មិនទាន់អស់ចិត្តចំពោះទង្វើរបស់គណកម្មការអាចារ្តវត្តដែរ បើពិតជាមានគម្រោងសង់ចេតិយ និងសង់របងមែនគួរណាស់ប្រកាស់ប្រាប់ប្រជាពុទ្ធបរិស័ទឲ្យបានដឹង មិនមែនហៅឈ្មួញលក់ឲ្យវៀតណាមមកអារលំលើកដាក់លើត្រាក់ទ័រហើយពេលប្រជាពុទ្ធបរិស័ទតវ៉ា ទើបបំភ្លឺជាក្រោយគឺគ្រាន់តែលប់កំហុសឲ្យគណៈកម្មការប៉ុណ្ណោះ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ