ទីក្រុងតេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់លែងមានអារម្មណ៍ចង់ចរចាគ្នាជាមួយអាមេរិកតទៅទៀតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរហើយ។ អ៊ីរ៉ង់ថ្លែងថាចរចាគ្នាបានការអី បើកំពុងចរចាសុខៗ អ៊ីស្រាអែលវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីតាំងយោធា និងនុយក្លេអ៊ែរជាច្រើនកន្លែងរបស់ខ្លួនបណ្ដាលឱ្យស្លាប់មេបញ្ជាការកំពូលនៃឆ្មាំបដិវត្ត និងអ្នកវិទ្យាសាស្ត្រមួយចំនួន។ ឥឡូវនេះ សភាពការណ៍ចាប់ផ្ដើមវឹកវរកាន់តែខ្លាំងនៅពេលអ៊ីរ៉ង់ចាត់វិធានការវាយបកវិញ។
កាលពីថ្ងៃសុក្រ អ៊ីរ៉ង់ប្រើប្រាស់ដ្រូនហាក់ដូចជាមិនសូវមានប្រសិទ្ធភាព។ កាលពីយប់មិញ អ៊ីរ៉ង់ប្រើប្រាស់មីស៊ីលប្រហែលមួយរយគ្រាប់ឃើញថាមានប្រសិទ្ធភាពគ្រាន់បើ។ ទោះបីខែលការពារដែនអាកាសរបស់អ៊ីស្រាអែល និងអាមេរិកអាចស្ទាក់ចាប់បានខ្លះ ប៉ុន្តែក៏មានគ្រាប់មីស៊ីលមួយចំនួនវាយចំគោលដៅផងដែរធ្វើឱ្យឆេះអគារនៅទីក្រុងតែឡាវីវ និងយេរូសាឡឹម។
ទីក្រុងតេអេរ៉ង់ថ្លែងថាការសន្ទនាគ្នាជាមួយអាមេរិកហាក់ដូចជាគ្មានន័យខ្លឹមសារអ្វីទេបើអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានជាជ្រុលដៃវាយប្រហារប៉ុណ្ណេះហើយ។ ប៉ុន្តែអ៊ីរ៉ង់បញ្ជាក់ថាខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណានៅឡើយទេដើម្បីកំណត់ថាតើគួរចូលរួមការសន្ទនាគ្នានៅថ្ងៃអាទិត្យឬយ៉ាងណា។ មានន័យថាមិនទាន់បិទផ្លូវចរចាទាំងស្រុងឡើយ។
អ៊ីរ៉ង់អាក់អន់ចិត្តបន្តិចដែរចំពោះឥរិយាបថរបស់អាមេរិក។ ម្ខាងចរចាគ្នាដើម្បីដោះស្រាយបញ្ហា រីឯម្ខាងទៀតបណ្ដោយឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនវាយអ៊ីរ៉ង់។ លោកត្រាំទើបតែនិយាយពីម្សិលមិញលម្អៀងទៅខាងអ៊ីស្រាអែលទាំងស្រុង និងដាក់កំហុសទៅលើអ៊ីរ៉ង់។ ត្រាំថាគាត់ទុកឱកាសឱ្យអ៊ីរ៉ង់រយៈពេល៦០ថ្ងៃរួចហើយដើម្បីចរចាគ្នា។ ប៉ុន្តែអ៊ីរ៉ង់បោះបង់ឱកាសនោះចោល។
អ្នកនាំពាក្យអ៊ីរ៉ង់ថាមិនទាន់ច្បាស់ថាតើរដ្ឋាភិបាលរបស់ខ្លួននឹងចូលរួមការសន្ទនាគ្នានៅថ្ងៃអាទិត្យដែរឬទេ។ អ្នកនាំពាក្យរូបនេះថាបើគ្មានសញ្ញាភ្លើងខៀវពីអាមេរិកទេ អ៊ីស្រាអែលក៏មិនហ៊ានវាយដែរ។ អ៊ីរ៉ង់ចោទថាវ៉ាស៊ីនតោនគាំទ្រការវាយប្រហារនេះ។
នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាមេរិកប្រាប់អ៊ីរ៉ង់ថាបើអ៊ីរ៉ង់ជាមនុស្សឆ្លាតវៃគួរចូលតុចរចាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ គម្រោងចរចាលើកទី៦នេះនឹងរៀបចំនៅរដ្ឋធានីម៉ាស់ស្កាត (Muscat) ប្រទេសអូម៉ង់ (Oman)។ ប៉ុន្តែគេមិនដឹងថាតើការចរចាគ្នាលើកនេះអាចនឹងមានលទ្ធផលល្អដែរឬទេបើអ៊ីស្រាអែល និងអ៊ីរ៉ង់វាយគ្នាឡើងវល់ពេញហ្នឹងទៅហើយនោះ។
អ៊ីស្រាអែលអះអាងថាខ្លួនត្រូវតែទប់ស្កាត់ផែនការរបស់អ៊ីរ៉ង់ឱ្យបានព្រោះប្រទេសនេះត្រៀមផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែអ៊ីរ៉ង់បកស្រាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់វិស័យស៊ីវិលតែប៉ុណ្ណោះ។ លោកត្រាំប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាលោកពិតជាបានដឹងតាំងពីដំបូងដៃថាថ្ងៃណាមួយអ៊ីស្រាអែលមុខតែវាយប្រហារអ៊ីរ៉ង់ជាមិនខាន។ ឥឡូវនេះ វាយមែន។ ប៉ុន្តែត្រាំនៅតែមានជំនឿថាអ៊ីរ៉ង់គួរតែចូលតុចរចាដើម្បីឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕
ចែករំលែកព័តមាននេះ