ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​រក​ឃើញ​ប្រអប់​ខ្មៅ​យន្ត​ហោះ​ធ្លា.ក់​ពី​ម្សិល​មិញ​ស្លា.ប់​ជាង​២០០​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​ញូដេលី៖ នៅ​ទី​បំផុត​ អាជ្ញា​ធរ​ឥណ្ឌា​រក​ឃើញ​ហើយ​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​ដែល​បាន​ធ្លាក់​ និង​ផ្ទុះ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​កាល​ពី​ម្សិល​មិញ​។ ហេតុ​ការណ៍​នោះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ នៅ​រស់​តែ​ម្នាក់ប៉ុណ្ណោះ​។ នគរ​បាល​ប្រាប់​ថា​ប្រអប់​ខ្មៅ​នោះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើត​ហេតុ​នោះ​ទេ​។​ ហេតុ​ការណ៍​នេះ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិ​ភាព​ពិត​ជា​រន្ធត់​ណាស់​។ យន្ត​ហោះ​ទើប​តែ​ហើប​កង់​ផុត​ពី​​ដី​បាន​ប្រហែល​៤០​វិនាទី​​ក៏​សំយុង​ក្បាល​ចុះ​វិញ និង​ឆេះ​តែ​ម្ដង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៤១​នាក់​គិត​ទាំង​អ្នក​ដំណើរ​…

ទី​ក្រុង​ញូដេលី៖ នៅ​ទី​បំផុត​ អាជ្ញា​ធរ​ឥណ្ឌា​រក​ឃើញ​ហើយ​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​ដែល​បាន​ធ្លាក់​ និង​ផ្ទុះ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​កាល​ពី​ម្សិល​មិញ​។ ហេតុ​ការណ៍​នោះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ នៅ​រស់​តែ​ម្នាក់ប៉ុណ្ណោះ​។ នគរ​បាល​ប្រាប់​ថា​ប្រអប់​ខ្មៅ​នោះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើត​ហេតុ​នោះ​ទេ​។​

ហេតុ​ការណ៍​នេះ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិ​ភាព​ពិត​ជា​រន្ធត់​ណាស់​។ យន្ត​ហោះ​ទើប​តែ​ហើប​កង់​ផុត​ពី​​ដី​បាន​ប្រហែល​៤០​វិនាទី​​ក៏​សំយុង​ក្បាល​ចុះ​វិញ និង​ឆេះ​តែ​ម្ដង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៤១​នាក់​គិត​ទាំង​អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុម​ហ៊ុន​។ ​ស្លាប់​ប៉ុណ្ណឹង​មិន​ទាន់​អស់​ទេ។ យន្ត​ហោះ​ជ្រុល​ទៅ​ធ្លាក់​លើ​អគារ​ស្នាក់​នៅ​របស់​និស្សិត​ពេទ្យ​ស្លាប់​អស់​៥​នាក់​ថែម​ទៀត។​

ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង​នៅ​រដ្ឋ​គជ់​ចា​រ៉ាត​ (Gujarat) ដែល​ជា​ស្រុក​កំណើត​របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​។ ក្រុម​កោសល្យ​វិច័យ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ឌី​អឹន​អេ​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​ជន​រង​គ្រោះ​។​ ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ យន្ត​ហោះ​​នេះ​ធ្លាក់​ដោយ​សារ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ​​​។ អាកាសចរណ៍ស៊ីវិល​ឥណ្ឌា​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ហើយ​។​

​​ថ្ងៃ​នេះ​លោក​ម៉ូឌី​ចុះ​សួរ​សុខ​អ្នក​ដំណើរ​​តែ​ម្នាក់​គត់​ឈ្មោះ​វិស្វ​កុមារ​​ដែល​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។ លោក​វិស្វ​កុមារ​​ប្រាប់​ថាមក​ទល់​នឹង​ពេល​នេះ សូម្បី​តែ​រូប​គាត់​ផ្ទាល់​ក៏​រក​នឹក​មិន​យល់​ថា​ហេតុ​អ្វី​បាន​​ជាគាត់​នៅ​រស់​ខណៈ​ដែល​មនុស្ស​មួយ​យន្ត​ហោះ​ស្លាប់​អស់​រលីង​? គាត់​ប្រាប់​ថា​​គ្រាន់​តែ​ចាប់​ចេញ​ដំណើរ​ភ្លាម យន្ត​ហោះ​​ក៏​​គាំង​ម៉ាស៊ីន​នៅ​​កណ្ដាល​អាកាស​​តែ​ម្ដង​​។

ដោយ​សារ​មិន​អាច​ហោះ​ឡើង​ទៅ​លើ​​បាន​ យន្ត​ហោះ​ក៏​ដាំ​ក្បាល​ចុះ​មក​ក្រោម​វិញ​ និង​ធ្លាក់​ទៅ​លើ​អគារ​នៅ​ក្បែរ​នោះ​។​ លោក​វិស្វ​កុមារ​អង្គុយ​នៅ​ចំ​ទី​តាំង​ដែល​យន្ត​ហោះ​បុក​ទង្គិច​នឹង​អគារ​។ ហេតុ​នេះ ការ​ប៉ះ​មួយ​ទំហឹង​នោះ​ធ្វើ​ឱ្យ​​គាត់​ប៉ើង​ចេញ​ពី​កៅ​អី​បន្ទាប់​ពី​តួ​យន្ត​ហោះ​របេះ​​​​ចេញ​ពី​គ្នា​។​ ដូច្នេះ​បង្កើត​ជា​ចន្លោះ​សម្រាប់​បើក​ផ្លូវ​ឱ្យ​គាត់​ធ្លាក់​ចុះ​មក​ក្រោម​។ គាត់​ថា​ពេល​នោះ ទ្វារ​យន្ត​ហោះ​ក៏​របើក​ចេញ​ពី​គ្នា​។ គាត់​មិន​រង់​ចាំ​យូរ​ទេ​ក៏​ប្រឡេះ​ទម្ពក់​ខ្សែ​ក្រវាត់​​ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​។

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក​ម៉ូឌី បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​យើង​ទាំង​អស់​គ្នា​សោក​ស្ដាយ​បំផុត​ចំពោះ​សោក​នាដ​កម្ម​នេះ​។ ការ​បាត់​បង់​ជីវិត​របស់​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​បែប​នេះ​ជា​ទិដ្ឋ​ដ៏​សោក​សៅ​ដែល​ហួស​ពី​ការ​ពិ​ពណ៌​នា​។ ប្រភព​ខ្លះ​ថា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដឹក​អ្នក​ដំណើរ​នេះ​រ៉ាប់​រង​ផ្ដល់​ប្រាក់​សំណង​​ជាង​១១​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ម្នាក់​ៗ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ