ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាក់ដាត ប្រទេសអ៊ីរ៉ាក់ ត្រៀមជម្លៀសបុគ្គលិកជាបន្ទាន់ទៅកាន់ទីកន្លែងសុវត្ថិភាពព្រោះមានសញ្ញាថាអាចនឹងផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ កូនចៅរបស់អ៊ីរ៉ង់ក៏អាចនឹងចូលរួមលេងល្បែងសង្គ្រាមនេះផងដែរ។ ឥឡូវនេះគេឮថាក្រុមហ៊ូទីនៅប្រទេសយេម៉ែនប្រកាសថាបើសង្គ្រាមនេះផ្ទុះឡើងមែន ខ្លួនអាចចូលរួមកំដរបាន។
ស្ថានការណ៍វិវត្តថ្មីៗនេះកើតឡើងនៅពេលអាមេរិក និងអ៊ីរ៉ង់ត្រៀមចរចាគ្នាជាថ្មី។ ប៉ុន្តែគេមិនទាន់ដឹងថាតើការចរចាគ្នាអាចនឹងទទួលបានជោគជ័យឬយ៉ាងណាទេ។ អ៊ីរ៉ង់ព្រមានថាបើការចរចាគ្នាបរាជ័យ ហើយខ្លួនទទួលរងការវាយប្រហារ ខ្លួននឹងចាត់ការវាយបកវិញទៅលើមូលដ្ឋានកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។ ទីភ្នាក់ងារព័ត៌មានអេភីផ្សាយថាស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ចេញបញ្ជាឱ្យជម្លៀសបុគ្គលិកធម្មតា។ មានន័យថាទុកតែអ្នកដែលសំខាន់ខ្លាំងមែនទែនដែលត្រូវតែប្រចាំការដោយខានមិនបាន។
អាមេរិកក៏ផ្ដល់សិទ្ធិឱ្យទាហានដែលប្រចាំការនៅទូទាំងតំបន់មជ្ឈិមបូព៌ាអាចចាកចេញបានបើពួកគេចង់ចាកចេញ។ សភាពការណ៍កាន់តែឡើងកម្ដៅនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅពេលការចរចាគ្នាហាក់ដូចជាមិនរីកចម្រើនទៅមុខសោះ។ ក្រសួងការបរទេសអាមេរិកប្រកាសឱ្យត្រៀមជម្លៀសបុគ្គលិកទូតបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ប្រកាសថាបើការចរចានុយក្លេអ៊ែរបរាជ័យពេលណា អ៊ីរ៉ង់នឹងវាយប្រហារពេលនោះ។
តាមពិត អាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួននៅបាក់ដាតតាំងពីយូរមកហើយ។ មានន័យថាគ្មានមនុស្សប៉ុន្មាននាក់នៅក្នុងនោះទេ។ ដូច្នេះបើមានការណ៍អ្វីមិនស្រួល អាមេរិកមិនពិបាកជម្លៀសមនុស្សចេញច្រើនពេកទេ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានផ្ដល់សិទ្ធិឱ្យបុគ្គលិកទូតនៅប្រទេសបារ៉េន និងគូវែតគួរត្រៀមជម្លៀសខ្លួនឱ្យហើយទៅ។ មានន័យថាពួកគេអាចចាកចេញពីប្រទេសទាំងនោះតែម្ដង មិនមែនត្រឹមតែជម្លៀសខ្លួនធម្មតាៗនោះទេ។
មន្ទីរបញ្ចកោណថ្លែងថាខ្លួនកំពុងត្រៀមលក្ខណៈសម្បត្តិ២៤ម៉ោងលើ២៤ម៉ោងដើម្បីជួយសម្រួលការជម្លៀសជនជាតិអាមេរិកនៅបាក់ដាត។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានអេភី។ តាមមើលទៅ, ការចរចាគ្នាមិនសង្ឃឹមថាមានកិច្ចព្រមព្រៀងទេ។ សូម្បីតែលោកត្រាំខ្លួនឯងក៏មិនទាន់ដឹងច្បាស់ថាតើកិច្ចព្រមព្រៀងនេះអាចនឹងទៅរួចឬអត់។
កាសែតញូយ៉កប៉ុស្តិ៍បានសាកសួរលោកត្រាំថាតើលោកមានជំនឿថាអ៊ីរ៉ង់យល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុវិទ្យុសកម្ម (អ៊ុយរ៉ាញ៉ូម) ដែរឬទេ? លោកឆ្លើយតបថាប្រហែលជាមិនអាចទេ។ លោកកាន់តែអស់សង្ឃឹមទៅអស់ទៅហើយនៅក្នុងរឿងនេះ។ ប៉ុន្តែត្រាំបញ្ជាក់ម្ដងហើយម្ដងទៀតថាគាត់មិនអាចបណ្ដោយឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាតទោះនៅក្នុងតម្លៃណាក៏ដោយ។ មានន័យថានៅក្នុងករណីចាំបាច់ អាមេរិកមុខតែវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមិនខាន។
មិនមែនតែអាមេរិកទេ អ៊ីស្រាអែលក៏អាចនឹងចូលរួមវាយប្រហារផងដែរ។ ប៉ុន្តែត្រាំថ្លែងថាបើអាចជៀសវាងបាន វាយប្រហារអ៊ីរ៉ង់ល្មមៗបានហើយដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ។ មិននិយាយលេងសើចទេ គណបក្សសាធារណរដ្ឋបើហ៊ាននិយាយត្រូវតែហ៊ានធ្វើ។ ឥឡូវនេះ មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ត្រៀមគ្រប់សេណារីយោទាំងអស់។ ឧត្ដមសេនីយ៍ម៉ៃឃើល ឃូរីឡា (Michael Kurilla) ប្រាប់អ្នកតំណាងរាស្ត្រអាមេរិកថាក្រសួងបានដាក់ជូនផែនការវាយប្រហារអ៊ីរ៉ង់ទៅសេតវិមានរួចហើយ៕
ចែករំលែកព័តមាននេះ