ខេត្តកំពង់ធំ៖ បើធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៦ ចម្ងាយ១៦៨គីឡូម៉ែត្រ ដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រឡេកមើលទៅខាងស្តាំដៃនឹងឃើញរូបសំណាក «ដំរីជាន់ខ្លា» ជានិមិត្តរូបរបស់ខេត្ត ។ រូបនេះហាក់មានសភាពរស់រវើក គឺជើងមុខដំរីខាងស្តាំជាន់ទៅលើពោះខ្លា ហើយជើងខ្លាស្រវាចាប់ជើងដំរីជាប់ ។ ចំណែកសត្វខ្លាមួយក្បាលទៀត នៅលើខ្នងដំរីបង្ហាញពីសកម្មភាពប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម ។ រូបសំណាកដំរីជាន់ខ្លាកសាងឡើងនៅឆ្នាំ១៩៦៥ ដោយលោកពូ តុងហាវ អតីតចៅហ្វាយខេត្តកំពង់ធំ ។

លោកពូ តុងហាវ កើតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១៩ នៅស្រុកកោះធំ ខេត្តកណ្តាល ។ លោកបានបួសរៀននៅវត្តជាច្រើន ។ ព្រះភិក្ខុសង្ឃពូ តុងហាវ បានទទួលអនិច្ចធម្មនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៧ព្រះវស្សា នៅវត្តឧណ្ណលោម រាជធានីភ្នំពេញ ។ លោកពូ តុងហាវ បានឱ្យក្រុមជាងដែលមានស្នាដៃល្អកសាងរូបដំរីជាន់ខ្លាប្រកបដោយ បច្ចេកទេសខ្ពស់ ។ រូបមានកម្ពស់ទាបសមល្មម តែលុះក្រោយមក រូបសំណាកដំរីជាន់ខ្លាបានកែលម្អសាជាថ្មី និងមានកម្ពស់ខ្ពស់ជាងមុន ព្រមទាំងប្តូរឈ្មោះពីភូមិត្បូងចាម មកជាភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លាវិញ ។

បើយោងតាមការសិស្សាស្រាវជ្រាវឱ្យដឹងថា គោលបំណងនៃការកសាងរូបសំណាកដំរីជាន់ខ្លាដាក់ជានិមិត្តរូបនៃខេត្តកំពង់ធំ គឺចង់បញ្ជាក់ថា ខេត្តកំពង់ធំគឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយជាខេត្តសម្បូរពោរពេញទៅដោយសម្បតិ្តធម្មជាតិជាច្រើន មិនអាចគណនាបាននាសម័យនោះ រួមមាន ព្រៃភ្នំក្រំថ្ម លតាវល្លិ ប្រាសាទបុរាណជាច្រើន រ៉ែ មច្ឆា សត្វព្រៃគ្រប់ប្រភេទ ដូចជាសត្វចតុប្បាទ មានហ្វូងដំរី ខ្លា ទន្សោង គោព្រៃ ប្រើស រមាំង ខ្ទីង ជ្រូកព្រៃ…ជាដើម ។

លោកចៅហ្វាយខេត្តជំនាន់នោះ បានផ្តួចផ្តើមកសាងជារូបសំណាកដំរីជាន់ខ្លាឡើង ដើម្បីបង្ហាញពីភាពសម្បូរបែបនៃធនធានធម្មជាតិ ។ ព្រឹទ្ធាចារ្យវ័យជាង៨០ឆ្នាំមួយចំនួនឱ្យដឹងថាការកសាងរូបសំណាកដំរីជាន់ខ្លា ជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរថា ទីណាមានការជិះជាន់គាបសង្កត់ ទីនោះតែងតែមានការរើបម្រះជានិច្ច ។ ចូរចងចាំថា ខ្មែរយើងមានវីរបុរសច្រើនណាស់ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិ ហ៊ានងើបឡើងធ្វើចលនាតស៊ូប្រឆាំងនឹងពួកជិះជាន់ ។

ជាក់ស្តែង នៅសម័យបារាំងឈ្លានពានខ្មែរដែលបានបង្ហាញថា សភាវៈអាក្រក់យូរនឹងឆាប់ គង់តែចុះចាញ់ជាក់ជាមិនខាន ។ ពាក់ព័ន្ធនឹងរូបសំណាកដំរីជាន់ខ្លានេះ បើយោងតាមរឿងរាមាយនៈ(រឿងរាមកេរ្តិ៍) រូបដំរីតំណាងឱ្យតួអង្គឥន្ទ្រជិត ជាបុត្រារបស់យក្សក្រុងរាពណ៍ ដែលធ្វើសង្គ្រាមជាមួយនឹងព្រះរាម ព្រះលក្ស្មណ៍ ។ ក្រុងរាពណ៍នៅក្រុងលង្កា និងសេនាពល ធ្វើសឹកសង្គ្រាមច្បាំងជាមួយនឹងទ័ពព្រះរាម ព្រះលក្សណ៍ជាច្រើលើកច្រើនសា គឺច្បាំងមិនដែលឈ្នះទ័ពព្រះរាម និងព្រះលក្ស្មណ៍ទេ ។ ដូច្នេះ ហើយក្រុងរាពណ៍ ក៏ចាត់តាំងឱ្យកូនប្រុសឈ្មោះឥន្ទ្រជិត ដឹកនាំទ័ពយក្សដ៏ច្រើនមហិមាទៅតទល់ប្រយុទ្ធជាមួយនឹងទ័ពព្រះរាម និងព្រះលក្ស្មណ៍ទៀត ។

លើកចុងក្រោយនេះ នៅក្នុងការប្រយុទ្ធគ្នា កងទ័ពរបស់ឥន្ទ្រជិត ក៏ត្រូវបរាជ័យទៀត បណ្តាលឱ្យពលទាហានស្លាប់វិនាសអន្តរាយស្ទើរតែអស់ ។ ឃើញហេតុដ៏អាសន្នយ៉ាងដូច្នេះ ឥន្ទ្រជិតប្រើឧបាយកលក្លែងខ្លួនជាដំរីព្ធរាវណៈមួយក្បាលដ៏ធំមហិមាហាក់ដូចជាចុះពីឋានព្រះព្រហ្ម ដោយមានក្បួនដងែ្ហយ៉ាងគគ្រឹកគគ្រេង ដើម្បីបង្ហាញឲ្យគូសត្រូវរបស់ខ្លួនកោតស្ញប់ស្ញែង និងបាក់ខ្លបខ្លាចឫទ្ធិបារមីរបស់គេ ។ ឧបាយកលនេះ ហនុមានបានដឹង ក៏ក្លែងខ្លួនទៅជាសត្វខ្លាមួយក្បាលដ៏ធំ និងឱ្យស្វាឈ្មោះអង្គទ ក្លែងខ្លួនជាសត្វខ្លាដ៏ធំមួយដែរ ដើម្បីចូលតតាំងជាមួយដំរីឥន្ទ្រជិត ។ ខណៈនោះហនុមានបានទូលទៅព្រះរាមថា នៅពេលណាដែលពួកគេទាំងពីរជាប់ដៃប្រយុទ្ធជាមួយនឹងដំរីឥន្ទ្រជិត សូមព្រះអង្គប្លែងសរបាញ់ឱ្យចំដងខ្លួនរបស់ដំរីឥន្ទ្រជិតកុំខាន ។

ពេលនោះ ដំរីឥន្ទ្រជិត ឃើញខ្លា តែមិនបានដឹងថាជាខ្លាហនុមានក្លែងខ្លួន ក៏លើកជើងមុខខាងស្តាំបម្រុងជាន់កម្ទេច ប៉ុន្តែហនុមានក៏ស្រវាចាប់ជើងដំរីឥន្ទ្រជិតជាប់ធើ្វឱ្យវាបាត់បង់ជំហរប្រយុទ្ធ ។ ពេលនោះ សត្វស្វាអង្គទ ដែលក្លែងខ្លួនជាសត្វខ្លាដែរនោះ ក៏លោតទៅជិះពីលើខ្នងដំរី រួចខាំកកេរដាច់សាច់ ទាំងដុំៗ ធើ្វឱ្យដំរីឈឺចាប់ស្រែករោទ៍រំពងព្រៃ ប្រឹងរើបម្រះក៏រើពុំរួចឡើយ ។ ឆ្លៀតឱកាសដ៏ល្អនេះ ព្រះរាមក៏លើកធ្នូសរបាញ់លាន់ឮដូចរន្ទះ ត្រូវចំដំរីឥន្ទ្រជិតដាច់ខ្យល់ស្លាប់ទៅ ៕

ចែករំលែកព័តមាននេះ