ប្អូនៗយុវវ័យគួរតែកុំប្រពឹត្តខ្លួនជាក្មេងទំនើងអី ពីព្រោះការប្រពឹត្តបែបនេះ ប្អូនៗគឺមានទោស ហើយនៅពេលនេះ សមត្ថកិច្ចកំពុងតែតាមប្រមាញ់រាល់ថ្ងៃ។ ឥឡូវនេះ មិនមែនគ្រាន់តែចាប់អប់រំនោះទេ គឺអាចបញ្ជូនទៅពន្ធនាគារថែមទៀត ។

កុំលេងសើចហើយយកអនាគតខ្លួនឯងមកចោលបែបនេះ ពីព្រោះការប្រពឹត្តបែបនេះ សង្គមមិនអោយតម្លៃឡើយ ។ សកម្មភាពដែលប្អូនៗអាចនឹងមានពិរុទ្ធបែបនេះ មិនត្រឹមតែត្រូវសមត្ថកិច្ចឃាត់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងចាប់កោរសក់ ដែលខូចសម្រស់ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិ យសគ្រួសារ ខាតពេលវេលារៀនសូត្រ ហើយក្រៅពីនោះ គឺថែមទាំងមានកំណត់ត្រាមិនល្អនៅក្នុងប្រវត្តិរូបផ្ទាល់ខ្លួនថែមទៀត ។
សូមភ្ញាក់រលឹកហើយព្យាយាមអូសទាញគ្នាកែប្រែខ្លួនពីទំនើងមកជាក្មេងទំនើប ។ សកម្មភាពដែលប្អូនមានពិរុទ្ធនោះគឺរាប់ទាំងសកម្មភាពហិង្សា ការបង្ហោះម៉ូតូ និងកាយវិការមិនសមប្រកបនានា នៅក្នុងសង្គម ប៉ុន្តែបើប្អូនៗកែខ្លួនជាក្មេងទំនើបមានប្រយោជន៍ គឺជាពលរដ្ឋគំរូ និងជាវីរភាព
សង្គម។
នៅពេលនេះ សមត្ថកិច្ចបានធ្វើករណីនេះជាប្រចាំ មិនមែនធ្វើឈប់ៗឡើយ ជាក់ស្តែង នៅដើម
សប្តាហ៍ទី១ នៃខែមិថុនា នេះ សមត្ថកិច្ចនគរបាលនៅទូទាំងប្រទេសបានចាត់វិធានការច្បាប់លើករណីក្មេងទំនើងនេះ១០ករណី ដោយខ្លួនយុវវ័យសរុប ប្រមាណជាជាង៤០នាក់ បញ្ជូនទៅពន្ធ នាគារតែម្តង ។
គួររំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ យុទ្ធនាការបង្ក្រាបក្មេងទំនើងទូទាំងប្រទេស បានឈានដល់ការឃាត់ខ្លួនមនុស្សរហូតដល់ទៅចំនួន៣.៣០០នាក់ តាមរយៈសំណុំរឿង៧២០ករណី។ នៅក្នុងចំណោមនោះ មានយុវវ័យប្រមាណជា២.០០០នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន។
មកដល់ពេលនេះ ក្រោមអនុសាសន៍របស់នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានី/ខេត្ត និងស្នងការទូទាំងប្រទេស រួមអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានកំពុងតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងបន្ថែមទៀត លើករណីក្មេងទំនើងនេះ ។ ដូច្នេះ សូមប្អូនៗកែប្រែខ្លួន ពីព្រោះទំនើងក្លាយជាទំនើបគឺមិនត្រឹមតែគេមិនចាប់ទេគឺថែមទាំងលើកតម្លើងបន្ថែមផងដែរ។
ក្រៅពីប្រព្រឹត្តិអំពើហិង្សាដោយផ្ទាល់នៅតាមទីសាធារណៈ សកម្មភាពច្រឡោមខាងបង្ហោះនៅលើបណ្តាញសង្គមក៏ត្រូវបានវាយតម្លៃ ហើយចាត់ទុកជាគោលដៅដែលសមត្ថកិច្ចដាក់គោលដៅបង្ក្រាបដែរ ដូច្នេះ តិចនាំគ្នាប្រើប្រាស់បណ្តាញសង្គមអួតអាងពីដាវសាម៉ូវ៉ៃ និងបបួលកាប់ ឬវាយគ្នានៅតាមហ្វេសប៊ុក ឬតិកតុកអីក៏មានពិរុទ្ធខូចអនាគតដែរ ។
ជាការពិត ការដាក់ច្បាប់អនុវត្តតឹងរឹងចំពោះក្មេងទំនើងទាំងអស់នេះ គឺដើម្បីស្តារអនាគតរបស់ក្មេងទាំងនោះ និងកសាងសង្គមមួយដែលមានសុខសុវត្ថិភាពសម្រាប់សង្គម ។ បើយើងអនុត្តច្បាប់តឹងរឹង យើងបង្ការដោយជួយបានទាំងក្មេងទំនើងហ្នឹង យើងជួយទាំងឪពុកម្តាយ យើងជួយទាំងប្រជាពលរដ្ឋ។
ប្អូនៗសូមទម្លាក់ដាវ ដំបង ដុំថ្ម និងបញ្ឈប់បង្ហោះម៉ូតូទៅ។ សកម្មភាពទាំងនេះ វាអត់ចំណេញទេ គឺក្រៅពីមានទុក្ខលំបាក របួស ពិការខ្លួនឯងហើយគឺនៅប្រឈមនឹងច្បាប់មួយជាន់ទៀត ។ សូមទម្លាក់ដៃ ហើយចាកចេញពីសង្គមក្មេងទំនើងនេះ វិលមកកាន់កុំព្យូទ័រ ប៊ិច ខ្មៅដៃ និង សៀវភៅរៀនសូត្រវិញ ។
ការកាន់ប៊ិចកាន់សៀវភៅ វាមិនហួសពេលទេ ទោះជាយើងអាយុប៉ុន្មានក៏ដោយឲ្យតែតាំងចិត្តរៀនសូត្រគឺដឹងតែទៅមុខហើយ ។ នៅក្នុងករណី ប្អូនៗមិនចង់រៀនក៏គួរតែសម្លឹងមើលមុខជំនាញវិជ្ជាជីវៈណាមួយដែលខ្លួនចូលចិត្ត ពីព្រោះនៅពេលនេះមានជំនាញបច្ចេកទេសជាច្រើនដែលរាជរដ្ឋាភិបាលបានកំពុងតែផ្តល់ដល់ប្អូនៗ នូវឱកាសរៀនសូត្រ ពីព្រោះចំណេះនិងជំនាញបច្ចេកទេសទាំងនោះ គឺជាទុនសម្រាប់យកទៅស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត ។
បើប្អូនៗខំកែខ្លួនពីក្មេងទំនើងទៅជាក្មេងទំនើប យកការអប់រំ យកការងារជាធំ អនាគតរបស់ប្អូនៗទៅថ្ងៃមុខ គឺមិនមែនយ៉ាប់ហើយនៅតែបាតសង្គមឡើយ។ នៅក្នុងសង្គមនាពេលនេះ ទាំងនៅកម្ពុជានិងនៅឆាកអន្តរជាតិ ក្មេងដែលធ្លាប់ទំនើងនៅពេលដែលបានក្លាយខ្លួនជាក្មេងទំនើប យកពេលវេលាគ្មានប្រយោជន៍ ដែលធ្លាប់យកទៅគំរាមកំហែងគេឯង ទៅប្រើប្រាស់ពេលវេលាស្រាវជ្រាវធ្វើនេះធ្វើនោះ គឺមានអ្នកដែលជោគជ័យជាច្រើន រួចមកហើយ។ ដូច្នេះ ចូរកែប្រែខ្លួនភ្លាមៗចាប់ពីឥឡូវ ។
ចែករំលែកព័តមាននេះ