ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​សប្ដាហ៍ទី១ ក្មេង​ទំ.នើ.ង​ជាង​៤០នាក់ត្រូវ​សមត្ថ​កិច្ចបញ្ជូន​ទៅ​ពន្ធនាគារ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ដើម​ស​ប្តា​ហ៍​ទី​១​នៃខែមិថុនា​នេះ ពោល​គឺ​ក្នុង​រយៈពេល​៨​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំងសមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជាង​១០​ករណី ដោយ​ឃាត់ខ្លួន​និង​បញ្ជូន​ជាង​៤០​នាក់​ទៀត​ទៅពន្ធនាគារ…

រាជធានី​ភ្នំពេញ ៖ នា​ដើម​ស​ប្តា​ហ៍​ទី​១​នៃខែមិថុនា​នេះ ពោល​គឺ​ក្នុង​រយៈពេល​៨​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំងសមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជាង​១០​ករណី ដោយ​ឃាត់ខ្លួន​និង​បញ្ជូន​ជាង​៤០​នាក់​ទៀត​ទៅពន្ធនាគារ ។ នេះ​បើតាម​អ្នកនាំ ពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ឃៈ ។

បើ​តាម​លោក ទូច សុ​ឃៈ លទ្ធផល​នៃ​ការ​បង្ក្រាប​ក្មេង​ទំនើង​ដូច​បាន​បញ្ជាក់​មុន​នេះ គឺជា​ការ​បង្ហាញ​ច្បាស់​ថា បញ្ហា​នេះ​នៅ​តែ​ជា​កិច្ចការ​អាទិភាព​មួយ ដែល​កម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញា​ធរ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ឱ្យបាន​សកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​ម៉ឺងម៉ាត់​បំផុត ។

លោក​បញ្ជាក់​ថា បញ្ហា​នេះ​ក៏​មិន​អាច​ដាក់បន្ទុក​តែ​លើ​កម្លាំង​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​នោះដែរ ពោល​គឺ​អាណាព្យាបាល ឪពុក​ម្ដាយ ត្រូវ​តែបន្ត​យកចិត្តទុកដាក់​អប់រំ​ប្រៀនប្រដៅ​កូនចៅ​របស់​ខ្លួន ឱ្យ​ដើរ​តាម​គន្លង​ធម៌ ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ក្នុង​នោះ​រួម​ទាំង​ការ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការ​ដើរ​លេង​ជា​ក្រុម ជា​បក្ខ​ជា​ពួក​នៅ​ពេល​យប់​។

ជា​ថ្មី​ម្ដងទៀត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ថា កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ចាប់ពី​អគ្គស្នងការដ្ឋាន រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ នឹង​បន្ត​បង្ក្រាប​ក្មេង​ទំនើង បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស និង​ឈាន​ដល់​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការ​លើកលែង ស្រប​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ការទទួល​ដឹកនាំ​អនុវត្ត​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​ង​បាន​ជាង​៤០​នាក់ ក្នុង​រយៈពេល​៨​ថ្ងៃ​នាស​ប្តា​ហ៍​ទី​១ នៃ​ខែមិថុនា​នេះ គឺ​មាននៅ​ក្នុងរាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ឧត្តរ​មានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកោះកុង និង​ខេត្តតាកែវ​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ផ្ដាំផ្ញើដោយ​ព្រមាន​ចំ​ៗ​ទៅ​កាន់​ក្រុម​ក្មេង​ទំនើង ដែល​បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​នេះ ត្រូវ​ស្វ័​យ​កែប្រែ​ឥរិយាបថ បើ​មិន​ចង់​ទទួល​នូវ​ការ​អនុវត្ត​ច្បាប់ និង​គោល ការណ៍​ផ្សេង​ៗ​ពី​កម្លាំង​មាន​សមត្ថកិច្ច ពោល​គឺ​«​បើ​មិន​កែ មាន​តែ​គុក បើ​ចង់​សុខ​គឺ​ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ​»  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ