រាជធានីភ្នំពេញ៖ ភ្លើងប្រច័ណ្ឌបានឆាបឆេះរាលសន្ធសន្ធៅនៅក្នុងគ្រួសារអ្នកលក់មាសមួយ រហូតក្លាយជាអំពើហិង្សា និងបានធ្វើឲ្យកំហុសដែលកើតចេញពីកំហឹងមិនអាចត្រឡប់ក្រោយវិញបានជារៀងរហូត ដោយបុរសជាប្ដីបានប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយអ្នកផ្សេង ។ បន្ទាប់ពីផឹកសុីស្រវឹងក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង រវាងប្ដីប្រពន្ធអ្នកទាំង២ ហើយខណៈពេលប្រពន្ធកំពុងតែដេក បុរសនោះក៏បានយកដែកសោចាក់ចង្កូតរថយន្តវាយសំពងក្បាលប្រពន្ធឥតប្រណី បណ្ដាលឲ្យបែករងរបួសធ្ងន់ធ្ងរដួលដេកនៅក្នុងថ្លុកឈម ។ គាត់ប៉ងសម្លាប់ប្រពន្ធចោលតែម្ដង ប៉ុន្តែប្រពន្ធមិនស្លាប់គ្រាន់តែរបួសធ្ងន់ធ្ងរ និងត្រូវបានកូនៗបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់ ចំណែករូបគាត់នឹកស្មានថាប្រពន្ធស្លាប់ហើយ ក៏បានរត់ទៅចងក សម្លាប់ខ្លួននៅជាប់នឹងដើមលាភ១ដើមចម្ងាយជាង១០០ម៉ែត្រពីផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបុរីសន្តិភាព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។ សាកសពបុរសនោះត្រូវបានអ្នកភូមិដើរហាត់ប្រាណប្រទះឃើញចងកជាប់ជាមួយដើមលាភ១ដើមស្ថិតនភមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង នាវេលាម៉ោង៥ព្រឹកថ្ងៃដដែលនោះ ដោយស្លាប់ក្នុងស្ថានភាពលុតជង្គង់និងអត់ពាក់ស្បែកជើងឡើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាប្ដីឈ្មោះសៀរ នី អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះសុខ ហេង អាយុជាង៤០ឆ្នាំ ពួកគាត់គឺជាអាជីវករលក់មាសនៅក្នុងផ្សារបុរីសន្តិភាព២ និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះដែរ ។
បើតាមមិត្តភក្ដិរបស់បុរសខាងលើក៏ដូចជាអ្នករស់នៅជិតខាងបាននិយាយថាលោក សៀរ នី មានប្រពន្ធ២ ប៉ុន្តែប្រពន្ធទី១និងកូនៗរបស់គាត់បានទៅរស់នៅឯបរទេស តែមិនដឹងថាប្រទេសណាមួយទេ បន្ទាប់មកគាត់ក៏បានយកប្រពន្ធទី២ម្នាក់ទៀត គឺអ្នកស្រីសុខ ហេង ដែលជាជនរងគ្រោះនេះឯង ហើយក៏មានកូនជាមួយគ្នាផងដែរ និងបានប្រកបរបរលក់មាសនៅក្នុងផ្សារបុរីសន្តិភាព២រាល់ថ្ងៃ ។ បុរសនេះបានប្រច័ណ្ឌប្រពន្ធខ្លាំងណាស់ ហើយតែងតែរករឿងប្រពន្ធជាបន្តបន្ទាប់ ដោយឡែកនៅវេលាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្ទះរបសគាត់មានកម្មិធីផឹកសុី ដោយមានមិត្តភក្ដិបងប្អូនប្រមាណ១០នាក់ផឹកសុីជាមួយ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងថា
រហូតដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ទើបឈប់រួចបែកគ្នាហើយមិត្តភក្ដិតនិងបងប្អូនបានទៅផ្ទះរៀងៗខ្លួន រហូតដល់វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ក៏មានរឿងទំនាស់គ្នាកើតឡើងរវាងប្ដីប្រពន្ធអ្នកទាំង២ ផ្ដើមចេញពីភ្លើងប្រច័ណ្ឌនេះ ។ បន្ទាប់មកខណៈប្រពន្ធកំពុងដេកបុរសជាប្ដីរូបនេះ ក៏បានយកដែកសោចាក់ចង្កូតរថយន្តទៅវាយសំពងក្បាលប្រពន្ធ ប៉ុនប៉ងសម្លាប់ចោលតែម្ដង បណ្ដាលឲ្យបែកក្បាលដួលដេកក្នុងថ្លុកឈាម ហើយត្រូវបានកូនៗដឹកតាមម៉ូតូកង់បីបញ្ជូនទៅកាន់មន្ទីរសម្ភពចោមចៅ ប៉ុន្តែរបួសធ្ងន់ពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយវាយប្រពន្ធរួចបុរសនេះបានរត់ចេញពីផ្ទះ ហើយស្មានថាប្រពន្ធស្លាប់ ក៏បានយកខ្សែក្រណាត់ចងក សម្លាប់ខ្លួនជាប់និងដើមលាភ ១ដើមស្ថិតនៅរបងផ្ទះមួយកន្លែង ស្ថិតនៅចម្ងាយប្រមាណជាង១០០ម៉ែត្រពីផ្ទះរបស់គាត់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅ ។ សាកសពរបស់គាត់ត្រូវបានអ្នកភូមិខាងលើដើរហាត់ប្រាណប្រទះឃើញ ស្លាប់ក្នុងស្ថានភាពលុតជង្គង់ អត់ស្បែកជើងនាវេលាម៉ោង៥ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ដដែល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ បន្ទាប់មកយកខ្សែចងហ៊ុមព័ទ្ធ ។ បន្ទាប់មករាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យសាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ ហើយលទ្ធផលនគរបាលបានរកឃើញថា បុរសនោះពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនក្រោយពីវាយប្រពន្ធរួចមែន ៕



ចែករំលែកព័តមាននេះ