ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ស្លា.ប់​៥​នាក់​បន្ទាប់​ពី​​ត្រាំ និង​ពូ​ទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​​លោក​ត្រាំ និង​​លោក​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ចាស់​ដៃ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ នៅ​ក្នុង​ចំណោម​នោះ មាន​កុមារ​ម្នាក់​អាយុ​១​ឆ្នាំ ស្ត្រី​ជា​ម្ដាយ និង​ជី​ដូន​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​​ប្រាយ​លូគី (Pryluky)នៅ​ភាគ​ខាង​ជើង​។…

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​​លោក​ត្រាំ និង​​លោក​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ចាស់​ដៃ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ នៅ​ក្នុង​ចំណោម​នោះ មាន​កុមារ​ម្នាក់​អាយុ​១​ឆ្នាំ ស្ត្រី​ជា​ម្ដាយ និង​ជី​ដូន​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​​ប្រាយ​លូគី (Pryluky)នៅ​ភាគ​ខាង​ជើង​។ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន លោក​អ៊ី​ហ័រ​ ឃ្លី​មេនកូ (Ihor Klymenko) ថ្លែង​ថា​ដ្រូន​របស់​រុស្ស៊ី​៦​គ្រឿង​ហោះទៅ​វាយ​ប្រហារ​ទី​តាំង​របស់​ជន​ស៊ីវិល​រស់​នៅ​ទី​ក្រុង​ខាង​លើ​នេះ​តាំង​ពី​មុន​ព្រឹក​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍​។ មនុស្ស​យ៉ាង​តិច​៩​នាក់​ក៏​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ផង​ដែរ​។

​គេ​មិន​ដឹង​ថា​តើ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក​ទាំង​២​​បាន​និយាយ​អ្វី​ខ្លះ​ទេ​ទើប​បាន​ជា​និយាយ​រួច​ទើប​តែ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ រុស្ស៊ី​វាយ​ប្រហារ​ដូច្នេះ​។ លោ​កត្រាំ​ថ្លែង​ថា​លោក​ពូទីន​បង្ហាញ​កំហឹង​យ៉ាង​ក្រេវ​ក្រោធ​ចំពោះ​ករណី​ដែល​អ៊ុយ​ក្រែន​វាយ​ប្រហារ​​ថ្មី​ៗ​នេះ​​។ លោក​ពូទីននិយាយ​ដោយ​សម្ដី​ខ្លាំង​ៗ​ប្រាប់​លោ​កត្រាំ​ថារុស្ស៊ី​​ត្រូវ​តែ​សង​សឹក​ករណី​ដែល​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​មួយ​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​ជា​ច្រើន​កន្លែង​របស់​រុស្ស៊ី​ចម្ងាយ​ជាង​៤​ពាន់​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​។​​

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ម្សិល​មិញ លោក​ពូទីន​ធ្លាប់​និយាយ​ម្ដង​ហើយ​អំពី​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​។ លោក​​ចាត់​ទុក​ថា​ករណី​ដែល​អ៊ុយ​ក្រែន​ដាក់​គ្រាប់​បែក​បំផ្ទុះ​ស្ពាន​ជា​ច្រើន​កន្លែង​នៅ​ប្រ៊ីយ៉ង់ និង​ខឺស​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់ និង​របួស​ជាង​១០០​នាក់​​ជា​អំពើ​ភេរវកម្ម​។ លោក​ពូទីនចង់​​បង្ហាញ​ថា​មូល​ហេតុ​នេះ​ហើយ​​ដែល​​លោក​មិន​​​ទទួល​យក​បទ​ឈប់​បាញ់​ជា​ដាច់ខាត​។ លោក​ដាក់​ជា​សំណួរ​ថា​តើ​ឱ្យ​រុស្ស៊ី​ចរ​ចា​ជា​មួយ​ពួក​ភេរវ​កម្ម​ដូច​ម្ដេច​នឹង​កើត? ហើយ​ចរ​ចា​គ្នា​បាន​ការ​អ្វី​?

ទី​ក្រុង​ប្រាយ​លូ​គី​កាល​ពី​មុន​ផ្ទុះ​សង្គ្រាម​មាន​មនុស្ស​រស់​នៅ​៥​ម៉ឺន​នាក់​ ស្ថិត​នៅ​ចម្ងាយ​មួយ​រយ​គីឡូ​ម៉ែត្រ​​ឆៀង​ខាង​កើត​​ទី​ក្រុង​កៀវ​​។ ទី​ក្រុង​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​សមរភូមិ​ជើង​គោក និង​មិន​មាន​មូលដ្ឋាន ឬ​បរិក្ខារ​យោធា​នៅ​ទី​នោះ​ទេ​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី ថ្លែង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​១០៣​គ្រឿង និង​មីស៊ីល​១​គ្រាប់​វាយ​ប្រហារ​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​វេលា​យប់​អធ្រាត្រ​រួម​មាន​តំបន់​ដូញ៉ែត (Donetsk), ខាគីវ (Kharkiv), អូដេសា (Odesa), ស៊ូមី (Sumy), ឆឺនី​ហ៊ីវ (Chernihiv),​ ឌី​នីប្រូ (Dnipro) និង​ខឺសុន​ (Kherson)។

លោក​ហ្សេឡិន​ឆ្លៀត​ឱកាស​នេះ​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ថា​សហ​គមន៍​អន្តរ​ជាតិ​ ជា​ពិសេស​ មហា​អំណាច​លោក​ខាង​លិត​ត្រូវ​ចាត់​វិធាន​ការ​សរុប​ដោយ​ដាក់​ដាក់​ទណ្ឌ​កម្ម​ និង​សម្ពាធជា​អតិ​បរមា​ទៅ​លើ​រុស្ស៊ី​។ ទោះ​បី​លោក​ស្នើសុំ​ជួប​គ្នា​ផ្ទាល់​ជា​មួយ​លោក​ពូទីន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ប៉ុន្តែ​លោក​ពូទីន​គ្មាន​អារម្មណ៍​ចង់​ជួប​គ្នា​ទេ​។ ម៉្យាង​ទៀត​ លោក​ពូទីន​ក៏​មិន​ព្រម​ដក​ថយ​សូម្បី​តែ​បន្តិ​ចនៅ​ក្នុង​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​គាត់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ