រាជធានីភ្នំពេញ ៖ ភាគីកម្ពុជាបានឯកភាពកំណត់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។
ឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ថា ក្នុងស្មារតី កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ឯកឧត្តមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ ។ ឯកឧត្តមសូមបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានលើកឡើងថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ។
បើតាមឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថា នៅក្នុងជំនួបទ្វេភាគីនៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ៕
ចែករំលែកព័តមាននេះ