ខេត្តបាត់ដំបង ៖ ស្របពេលកាលៈទេសៈនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ នៅស្រុកសំឡូត ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំតាតោក និង អ្នកធ្វើដំណើរដទៃទៀត កំពុងប្រឈមយ៉ាងខ្លាំងនៅពេលមានជំនន់ទឹកភ្លៀងម្ដងៗ ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានដែក មួយកន្លែង«ស្ពានអូរថ្ម» នៅចំណុចភូមិអូរតាទាក ដែលរងការបំផ្លិចបំផ្លាញ ដោយសាររថយន្តយក្សដឹកខ្សាច់លើសទម្ងន់ អស់រយៈពេលជិត១ខែកន្លងមកហើយ តែអាជ្ញាធរ ឬ មន្ត្រីជំនាញនៅតែពុំទាន់មានគម្រោងជួសជុលឬសាងសង់ថ្មី។
ជាក់ស្ដែងនៅថ្ងៃទី ០២ មិថុនា ក្រោយមានភ្លៀងធ្លាក់ជោគជាំខ្លាំងនៅតំបន់ប៉ែកខាងលើ នៃទឹកដីស្រុកសំឡូត ជំនន់ទឹកភ្លៀងបានហក់ឡើង ជោរជន់ខ្លាំងក្នុងរយៈពេលខ្លី នៅចំណុច«អូរថ្ម» ជាទីតាំង«ស្ពានដែកបាក់ស្រុត» ធ្វើឲ្យប្រជាពលរដ្ឋ អ្នកដំណើរតាមយានយន្តគ្រប់ប្រភេទ ជួបការលំបាកខ្លាំង ដោយសារមិនអាចឆ្លងកាត់អូរនោះបាន ទាំងឆ្លងកាត់លើស្ពាន ទាំងឆ្លងកាត់ផ្លូវបណ្ដោះ អាសន្ន នៅផ្នែកខាងលើ ដែលអាជ្ញាធរបានឈូសឆាយចាក់ដីដើម្បីឆ្លងកាតបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា ស្ពានបេឡេមួយខ្សែ (ស្ពានដែក) ប្រវែងប្រហែលជាង២០ម៉ែត្រ ហៅស្ពាន «អូរថ្ម» ស្ថិតក្នុងភូមិអូរតាទាក ឃុំតាតោក ស្រុកសំឡូត បានរងការខូចខាតស្ទើរទាំងស្រុង ក្រោមការបំភ្លេចបំផ្លាញ ដោយរថយន្តយក្សដឹកខ្សាច់លើសទម្ងន់ ដែលបើកឆ្លងកាត់ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី ០៩ ឧសភា កន្លងទៅថ្មីៗនេះ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អ្នកដំណើរនានា តាមរយៈយានយន្តគ្រប់ប្រភេទ មិនអាចធ្វើដំណើរឆ្លងកាត់លើស្ពានដែកនេះបានឡើយ។
ក្រោយពីភាគីរថយន្តបំផ្លាញស្ពាន ប្រើគ្រឿងចក្រជួយរុញ ជួយទាញរថយន្តដឹកខ្សាច់ឲ្យឆ្លងផុតពីស្ពានបាក់ស្រុត អាជ្ញាធរ និង មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានចុះត្រូតពិនិត្យស្ថានភាពស្ពានបាក់ស្រុតនោះ ដើម្បីរិះរកវិធីដោះស្រាយ។ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន លោក ព្រូញ រិទ្ធថា បានទទូលស្គាល់ក្នុងអំឡុងពេលនោះថា «ស្ពានដែកមួយខ្សែនោះ ពិតជាត្រូវខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តដឹកខ្សាច់លើសទម្ងន់បើកឆ្លងកាត់មែន»។
លោកប្រធានមន្ទីរ បានចង្អុលចំៗថា «រថយន្តដែលបំផ្លាញស្ពានដែកឆ្លងកាត់អូរថ្មខាងលើនោះ គឺជារថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនសាងសង់សំណង់ស្ទាក់ទឹកនៅតំបន់ទឹកដី ឃុំតាតោក នោះតែម្ដង»។ លោក ព្រូញ រិទ្ធថា បានបញ្ជាក់ថា បើយោងលើការចុះពិនិត្យជាក់ស្ដែងរបស់មន្ត្រីជំនាញ ស្ពានដែកនេះ បានបាក់ស្រុតខូចខាតយ៉ាងធ្ងន់ធ្ងរនៅត្រង់គល់ស្ពានម្ខាង។
លោកបានបន្ថែមថា បើតាមមើលពីស្ថានភាព នៃការខូចខាតនេះ មិនអាចជួសជុលបានឡើយ ដែលតម្រូវឲ្យរុះរើធ្វើថ្មីតែម្ដង។ ពាក់ព័ន្ធនឹងការទទូលខុសត្រូវចំពោះការសាងសង់ស្ពាននេះឡើងវិញ លោក ព្រូញ រិទ្ធថា បានទាមទាឲ្យភាគីរថយន្តបង្កត្រូវតែចេញមុខទទូលខុសត្រូវ ក្នុងការរុះរើនិងសាងសង់«ស្ពានដែកនេះឡើងវិញទាំងស្រុង»។ ហើយត្រូវធ្វើឲ្យបានឆាប់បំផុត មុនពេលមានជំនន់ទឹកភ្លៀងកើតឡើងក្នុងរដូវវស្សានេះ ចៀសវាងការលំបាកដល់អ្នកធ្វើដំណើរឆ្លងកាត់។
គេពិនិត្យឃើញជាក់ស្ដែង ក្រោយស្ពាននេះត្រូវបាត់ខូចខាត មិនអាចឲ្យអ្នកដំណើរឆ្លងកាត់បាន ភ្លាមៗអាជ្ញាធរ និង មន្ត្រីជំនាញ បានទាមទាឲ្យភាគីរថយន្តបង្ក ត្រូវប្រើគ្រឿងចក្រឈូសឆាយចាក់ដីឆ្លងកាត់អូរ ផ្នែកខាងលើបន្តិច ដើម្បីឲ្យអ្នកដំណើរ ឬ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ន មុនពេលសាងសង់ស្ពានដែកថ្មីរួចរាល់។ ប៉ុន្តែបើគិតរហូតមកដល់ថ្ងៃនេះ (០៣ ០៦ ២៥) ស្ពាន«អូរថ្ម»ដែលបាក់ស្រុតខាងលើនេះ ហាក់នៅទ្រឹងមិនទាន់កំរើកនៅឡើយទេ សូម្បីបន្តិច។
រីឯផ្លូវចាក់ដីថ្មី ដែលឈូសឆាយធ្វើឲ្យអ្នកដំណើរឆ្លងកាត់អូរបណ្ដោះអាសន្ននោះ ក៏រងការបាក់ដាច់ខូចខាតស្ទើរអស់ទៀត ដោយសារជំនន់ទឹកភ្លៀងវាយប្រហារជាបន្តបន្ទាប់ក្នុងរយៈខ្លីនាប៉ុន្មានកន្លងទៅនេះ ដែលជាការរំខានយ៉ាងខ្លាំង ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ខ ទាំងការដឹកជញ្ជូនកសិផល ទាំងការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៏នានា ដែលធ្វើដំណើរទៅកាន់តំបន់នោះ នៅថ្ងៃចុងសប្ដាហ៏។
ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមដូច្នេះថា «ប្រសិនបើស្ពានដែកនេះ មិនអាចសាងសង់ថ្មី បានទាន់ពេលវេលាទេ ក្នុងរដូវវស្សានេះអ្នកដំណើរទាំងឡាយ គ្មានផ្លូវផ្សេងអាចធ្វើដំណើរបានឡើយ ក្រៅពីផ្លូវឆ្លងកាត់ស្ពានអូរថ្មនេះ។ ជាពិសេស អ្នកដែលជួបការលំបាកខ្លាំងបំផុត គឺ ប្រជាពលរដ្ឋរស់នៅឃុំតាតោក នេះតែម្ដង ដែលមានតម្រូវការចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់«ស្ពានអូរថ្ម»នេះរាល់ថ្ងៃ»។ ដូច្នេះ អាជ្ញាធរ ឬ មន្ត្រីជំនាញ គួរតែប្រញ៉ាប់ប្រញ៉ាល រុះរើស្ពានដែកនេះ ឬ រកវិធីជួសជុលយ៉ាងណា ដើម្បីបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងរដូវភ្លៀងធ្លាក់ជោកជាំនេះ ព្រោះពេលមានជំនន់ទឹកភ្លៀងតាមដងអូរម្ដងៗ អ្នកដំណើរមិនអាចឆ្លងកាត់អូរបានឡើយ។
យ៉ាងណាក្ដី ជុំវិញជំនន់ទឹកភ្លៀងកាលពីម្សិលមិញ ដែលវាយប្រហារបន្ថែមលើ«ស្ពានអូរថ្ម» ដែលរងការខូចខាតស្រាប់ និងផ្លូវដែលទើបឈូសឆាយថ្មីចាក់ដីឆ្លងអូរបណ្ដោះអាសន្នក្បែរស្ពាននោះផង បើតាមលោក ម៉ែន រីម អធិការស្រុកសំឡូត បានប្រាប់ថា ពិតជាបានកើតឡើង ធ្វើឲ្យមានការលំបាកក្នុងការឆ្លងកាត់មែន តែក្នុងរយៈពេលខ្លី។
លោកអធិការរូបនេះ បាននិយាយថា កាលពីថ្ងៃទី ០២ មិថុនា មានភ្លៀងធ្លាក់ខ្លាំង នៅតំបន់មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើឲ្យមានជំនន់ទឹកភ្លៀងនេះកើតឡើង ជន់ជោរតាមដង«អូរថ្ម» ត្រង់ចំណុចស្ពានដែកទ្រុឌទ្រមខាងលើនេះ។ ជំនន់ទឹកភ្លៀងក្នុងរយៈពេលដ៏ខ្លីនេះ បានលិចលង់ទាំងផ្លូវដែលទើបឈូសឆាយថ្មី ឆ្លងអូរជាបណ្ដោះអាសន្ន ធ្វើឲ្យអ្នកដំណើរជួបការលំបាកក្នុងការឆ្លងកាត់។ ប៉ុន្តែនៅថ្ងៃនេះ (០៣ ០៦ ២៦) ជំនន់ទឹកអូរបានស្រក ហើយអ្នកដំណើរអាចឆ្លងកាត់បានស្រូលវិញហើយ។ ដូច្នេះជំនន់ទឹកភ្លៀងនេះ គ្រាន់តែកើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ៕
















ចែករំលែកព័តមាននេះ