ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រផ្នូលមិនល្អសម្រាប់ថៃ ! ដំរីព្រៃចូលអុ.កឡុកដល់ភូមិស្រុក តើជាសញ្ញាថាស្រុកទេសកើតកលយុគ ឬយ៉ាងណា?

3 ថ្ងៃ មុន

ថៃ ៖ សារព័ត៌មាន​ថៃ Khaosod ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ នៅ​ឯ​ភាគ​ឥ​សាន​ប្រទេស​ថៃ…

ថៃ ៖ សារព័ត៌មាន​ថៃ Khaosod ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ នៅ​ឯ​ភាគ​ឥ​សាន​ប្រទេស​ថៃ ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ហាង​លក់ទំនិញ​មួយ​កន្លែង នាំ​គ្នា​រត់​ចែក​ជើង​គ្នា គេច​យករួចខ្លួន ចេញពី​សត្វ​ដំរីព្រៃ​ដ៏​ធំ មួយ​ក្បាល ដែល​បាន​ចូល​មក​អុកឡុក នៅ​ឯ​ក្នុងស្រុក​ប៉ាក​ឆ​ង ខេត្ត​នគររាជ​សីមា ។

ប្រភព​បន្ត​ថា នៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែមិថុនា ដំរីព្រៃ​មួយ​ក្បាល​ដែល​មានឈ្មោះ​ថា «Plai Biang Lek» បាន​វង្វេង​ចេញពី​ឧទ្យាន​ជាតិ Khao Yai ហើយ​បាន​ដើរ​តម្រង់​ចូល​ទៅ​ក្នុង​ហាង​លក់ទំនិញ​តូច​មួយ នៅ​នៅ​ក្នុង​ឃុំ​ម៉ូ​ស៊ី ស្រុក​ប៉ាក់​ឆ​ង ដែល​មាន​ចម្ងាយ​ត្រឹមតែ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ច្រកចូល​ឧទ្យាន​ជាតិ​ខាងលើ ។

ម្ចាស់​ហាង​ទំនិញ​ឈ្មោះ​ថា Nong Ploy ដែល​កំពុង​ជាប់ដៃ​លក់ដូរ​គិតលុយ​អោយ​អតិថិជន បាន​បញ្ជាក់​ថា វត្តមាន​របស់​ភ្ញៀវ ដ៏​ចម្លែក​ជា​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​នេះ​បង្ក​អោយ​មាន​ភាព​ចលាចល​ផ្ទុះ​ឡើង​ក្នុង​ហាង ហើយ​គ្រប់​គ្នា​មានការ​ភិតភ័យ​បានរ​ត់រក​កន្លែង​សុវត្ថិភាព មុន​ពេល​ទាក់ទង​ទៅ​មន្ត្រី​ឧទ្យាន​ជាតិ Khao Yai ភ្លាម​ៗ​ដើម្បី​សុំ​ជំនួយ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​នាំ​យក​ដំរី​ត្រឡប់​ទៅ​ឧទ្យាន​វិញ ប៉ុន្តែ​ដំរី​មួយ​ក្បាល​នេះ ហាក់បីដូចជា​មិន​អើពើ​នោះ​ឡើយ ដោយ​វា​បាន​ចំណាយពេល​ជាង​១០​នាទី ដើម្បី​ស៊ី​អាហារ​ជា​ច្រើន​មុខ នៅ​ខាងក្នុង​នោះ មុន​ពេល​ដែល​វា​ត្រូវ​បាន​គេ​នាំ​យក​ចេញ​មក​ខាងក្រៅ​បាន​សម្រេច ។

ម្ចាស់​ហាង​ទំនិញ​បានឱ្យ​ដឹង​ថា សត្វ​ដំរី​បាន​រើស​ទំនិញ និង​ស៊ី​នេះ​ស៊ី​នោះ ដោយ​មិន​ទាន់​បាន​គិតលុយ​នៅឡើយ​នោះ ហើយ​ការ​ខូចខាត​ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​តម្លៃ​ជាង​១.០០០​បាត​តែ​ប៉ុណ្ណោះ ។

យោង​តាម​មន្ត្រី​ឧទ្យាន​ជាតិ Khao Yai បាន​អះអាង​ថា ដំរីព្រៃ​តែងតែ​ចូល​ភូមិ​ម្តងម្កាល ហើយ​ដំរី​ជា​ច្រើន​ក្បាល តែងតែ​ព្យាយាម​លួច​របស់​ស៊ី​ពី​តូប​លក់ដូរ​របស់​អ្នក​ភូមិ ។ ដែល​នេះ​ជា​សញ្ញា​ក្រើនរំលឹក​មួយទៀត សម្រាប់​សហគមន៍​ដែល​រស់នៅ​ភូមិ​ក្បែរ​ព្រៃ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ចំពោះ​វត្តមាន​របស់​ដំរី​ទាំងនេះ ។

គួរ​កត់​សម្គាល់ថា ព័ត៌មាន​ស្តី​ពី​វត្តមាន​ភ្ញៀវ​ដ៏​ធំ ដែល​គ្មាន​ម្ចាស់​ហាង​ណាមួយ​ចង់​ស្វាគមន៍​ខាងលើ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ទៅ​ដល់​សារព័ត៌មាន​អន្តរជាតិ​ដូច​ជា South China Morning Post និង New York Post ជាដើម ហើយ​ខណៈ​ដែល​មនុស្ស​ភាគច្រើន​ចាត់ទុកជា រឿង​កំប្លែង​នោះ​ក៏​មាន​មនុស្ស​ភាគច្រើន​ទៀត​លើក​ឡើង​ថា វា​មិនមែន​ជា​រឿង​លែង​សើច​ទេ ដំរីព្រៃ​អាច​បង្ក​គ្រោះថ្នាក់ អាយុជីវិត​មនុស្ស​បាន ហើយ​តើ​អ្នក​ណា​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​របស់​អ្នកស្រុក ខណៈ​ដែល​ក្រុម​មនុស្ស​ដែល​មាន​ជំនឿ ចំនួន​ចាត់​ទុក​ថា វា​អាច​ជា​ប្រផ្នូល ឬ​សញ្ញា​មិនល្អ​ក៏​ថា​បាន ។ ដូច​យើង​ដឹង​ហើយ​ថា ទាំង​ជនជាតិ​ខ្មែរ ទាំង​ជនជាតិ​ថៃ សុទ្ធតែ​មាន​មាន​ជំនឿ​ចំពោះ​ព្រលឹង​អារក្ស អ្នកតា គោរព​សាសនា​ព្រហ្មញ្ញ​ផង និង​ព្រះពុទ្ធ​សាសនា​ផង តាម​សម័យកាល​នីមួយ​ៗ ព្រមទាំង​មាន​ជំនឿ​ចំពោះ​សកម្មភាព​សត្វ​ដែល​បាន​ចូល​មក​ក្នុងភូមិ​-​ស្រុក និង​បាតុភូត​ធម្មជាតិ​ផ្សេង​ៗ​ទៀត​ផង​។

តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន អ្នកស្រុក​តែងតែ​សង្កេត​ចំពោះ​សកម្មភាព​សត្វស្រុក ឬ​សត្វព្រៃ​យ៉ាង​ហ្មត់ចត់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​បាន​ដំណាល​ប្រាប់​កូនចៅ​ត​ៗ​គ្នា​ថា សត្វ​ខ្លះ​នាំ​មក​នូវ​សិរី​សួស្ដី ឯ​ខ្លះ​នាំ​មក​នូវ​ឧបទ្រពចង្រៃ ។ ចំពោះ​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ វា​មាន​ទម្លាប់​ភ័យ​ខ្លាំង​ណាស់ មិន​ចង់​ឃើញ​មនុស្ស​ឡើយ ប៉ុន្ដែ​បើ​វា​ចូល​មក​ក្នុងស្រុក​ម្ដង​ៗ គេ​ថា វា​មាន​អ្នក​ថែរក្សា​ចូល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​សត្វ ដើម្បី​ប្រាប់​មនុស្ស​ពី​ប្រផ្នូល​មិនល្អ ថា អាច​នឹង​មាន​គ្រោះអាក្រក់​ដល់​ស្រុកភូមិ​ដែល​ចាស់​ៗ​តែង​ចំណាំ និង​ដំណាល​ប្រាប់​កូនចៅ​ថា ស្រុកភូមិ​យើង​នឹង​មាន​ឧ​ប​ទ្រ​ប​ចង្រៃ កើត​គ្រោះថ្នាក់ ឈ្លោះ​ទាស់ទែង​គ្នា ឃ្លាត​ចាក​ពី​ក្រុម​គ្រួសារ ឬ​ស្រុក​កំណើត​មិន​ខាន​ឡើយ ៕

កែសម្រួលដោយ