ទីក្រុងកៀវ៖ អ៊ុយក្រែនស្នើជួបគ្នាជាមួយរុស្ស៊ីជាថ្មីម្ដងទៀតនៅមុនដំណាច់ខែមិថុនានេះតែម្ដងដើម្បីពន្លឿនការចរចាសន្តិភាពជូនជាតិមាតុភូមិ។ ប៉ុន្តែរុស្ស៊ីថ្ងៃនេះហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេបន្ទាប់ពីយន្តហោះចម្បាំងរបស់ខ្លួនជាង៤០គ្រឿងត្រូវដ្រូនរបស់អ៊ុយក្រែនបាញ់កម្ទេចចោល។ ដូច្នេះ រុស្ស៊ីបដិសេធមិនទទួលយកបទឈប់បាញ់ដោយឥតលក្ខខណ្ឌជាដាច់ខាត។ បទឈប់បាញ់អាចទៅរួចត្រឹមពីរបីថ្ងៃ ហើយមិនមែនជាបទឈប់បាញ់ដ៏ពេញលេញទៅទៀត ឈប់បាញ់នៅកន្លែងណាដែលរុស្ស៊ីចង់ឈប់បាញ់។
ប្រភពខ្លះបង្ហើបឱ្យដឹងថារដ្ឋាភិបាលទីក្រុងកៀវស្នើសុំជួបគ្នាជាលើកទីបីនៅតួកគីចន្លោះពីថ្ងៃទី២០ដល់៣០មិថុនា។ អាចជ្រើសរើសថ្ងៃណាក៏បានដែរនៅអំឡុងពេលហ្នឹង។ ឥឡូវនេះ ភាគីទាំង២កំពុងធ្វើការរួមគ្នាដើម្បីដូរឈ្លើយសឹកគ្នាទៅវិញទៅមក។ នេះបើតាមការអះអាងរបស់លោកហ្សេឡិនស្គីដែលកំពុងស្ថិតនៅប្រទេសលីទុយអានីដើម្បីចូលរួមកិច្ចប្រជុំជាមួយក្រុមប្រទេសនៅអឺរ៉ុប។ កិច្ចប្រជុំលើកទី២នៅតួកគីចាប់ផ្ដើមឡើងយឺតជាងការគ្រោងទុករហូតដល់ពីម៉ោងដោយគ្មានការពន្យល់បកស្រាយអ្វីទាំងអស់។
ជួបគ្នាប្រហែលជាងមួយម៉ោង កិច្ចប្រជុំនោះបំបែកជួរទៅវិញ។ គេសង្កេតឃើញគណៈប្រតិភូរុស្ស៊ីម្នាក់ៗមានទឹកមុខមាំ និងមានកំហឹងនៅក្នុងចិត្តយ៉ាងខ្លាំង។ អ្នកសារព័ត៌មានឯកជន ឬប្លក់ខឺ (blogger) ម្នាក់ស្នើសុំឱ្យកងទ័ពរុស្ស៊ីចាត់ការវាយប្រហារស៊ុយក្រែនឱ្យបានខ្លាំងក្លាបំផុតដើម្បីជាការសងសឹក។ គេដឹងថានៅក្នុងចំណោមយន្តហោះដែលឆេះនៅមូលដ្ឋានអាកាសរុស្ស៊ីនោះក៏មានយន្តហោះខ្នាតយក្សសម្រាប់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានតាស់ (Tass) របស់រុស្ស៊ី និងរ៉យទ័រ។
យោងតាមសារព័ត៌មានដឹហ្កាឌាន (The Guardian) លោកហ្សេឡិនស្គីបានបញ្ចេញប្រតិកម្មតបទៅករណីដែលលោកពូទីនចេះតែរារាំងមិនឱ្យអ៊ុយក្រែនចូលអង្គការណាតូ។ ហ្សេឡិនស្គីថាលោកពូទីនគ្មានសិទ្ធិហារស្ដី ឬអារកាត់នៅក្នុងបញ្ហាអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនោះទេ។ លោកយល់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅតែជាវិធានការចាំបាច់សម្រាប់ចាត់ការប្រទេសរុស្ស៊ី។
ហ្សេឡិនស្គីថាបើគ្មានការដាក់សម្ពាធឱ្យបានខ្លាំងក្លាទេ ពូទីននៅតែបន្តលេងល្បែងសង្គ្រាមនេះគ្មានទីបញ្ចប់ទេ។ ដូច្នេះ អ្នកដែលសង្ឃឹមថានឹងចប់សង្គ្រាមនេះឱ្យបានឆាប់នោះប្រៀបដូចសង្ឃឹមផ្កាយលើមេឃដូច្នោះដែរ។ ការចរចាគ្នាម្ដងជាពីរដងកន្លងទៅនេះផ្ដោតសំខាន់តែទៅលើការដូរឈ្លើយសឹកគ្នាតែប៉ុណ្ណោះ។ ចំណែកបទឈប់បាញ់ប្រហែលជាគ្មានផ្លូវទេ។
ការស្នើឱ្យមានបទឈប់បាញ់ដោយឥតលក្ខខណ្ឌត្រូវរុស្ស៊ីជំទាស់ជាដាច់ខាត។ លោកវ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) ថ្លែងថារុស្ស៊ីគាំទ្របទឈប់បាញ់មិនពេញលេញ ហើយមានរយៈពេលខ្លី។ មានន័យថាបទឈប់បាញ់នៅកន្លែងណាដែលរុស្ស៊ីចង់ឱ្យមានបទឈប់បាញ់ ហើយឈប់បាញ់ត្រឹមតែពីរបីថ្ងៃតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាគោលបំណងនៃបទឈប់បាញ់រយៈពេលខ្លីនេះដើម្បីឱ្យកងទ័ពទាំងសងខាងមានឱកាសប្រមូលសាកសពយោធាដែលបានស្លាប់នៅក្នុងសមរភូមិ។ ទោះជាយ៉ាងណាក្ដី អ៊ុយក្រែនមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់រុស្ស៊ីនៅឡើយទេ៕
ចែករំលែកព័តមាននេះ