ខេត្តកណ្តាល ៖ ពលរដ្ឋទូរសព្ទទៅប្តឹងសមត្ថកិច្ចថា មានក្រុមអ្នកញៀនល្បែង កំពុងប្រមូលផ្ដុំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងគគ្រឹកគគ្រេង លេងល្បែងជល់មាន់តាមអនឡាញ ខណៈដែលសមត្ថកិច្ចចុះទៅដល់ ឃាត់ខ្លួនបានបុរសម្នាក់ ចំណែកឯ អ្នកញៀនល្បែងវិញ នាំគ្នារត់ចែកជើងគ្នាអស់ ដូចមានខ្មោចស្រុកឲ្យដៃ ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សា ហៀវ ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ ភ្នាក់ងារអនឡាញ ស្នាក់នៅផ្ទះជួល ភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
-កំព្យូទ័រ ០១ គ្រឿងម៉ាក DHP ពណ៌ ស
-ក្តារចុច ០១
-Mouse ចំនួន ០១
-ទូរសព្ទ ០៣ គ្រឿង
-ម៉ាក់ iphone ១២ pro ពណ៌ខ្មៅ
-ម៉ាក់ oppo A92 ពណ៌ទឹកសស្ទ្រីម
-ម៉ាក oppo Reno 2F ពណ៌ស
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣រសៀល មានប្រជាពលរដ្ឋបានរាយការណ៍តាមរយៈទូរសព្ទថា មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ កំពុងតែប្រមូលផ្ដុំគ្នា ស្រែកហ៊ោកញ្ជ្រៀវលេងល្បែងជល់មាន់តាមអនឡាញ ដុះស្លែមួយកន្លែង គ្មានខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចសោះទ្បើយ។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង បានធ្វើការដឹកនាំកម្លាំងធ្វើការឆ្មក់បង្ក្រាប ស្រាប់តែក្រុមអ្នកញៀនល្បែង ដូចជាដឹងមុនបានរត់ចែកជើងគ្នាអស់ សល់តែជនសង្ស័យម្នាក់ ជាអ្នកបើកម៉ាស៊ីនជល់មាន់តាមអនឡាញ ត្រូវឃាត់បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាល ដើម្បីធ្វើការសាកសួរនាំ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាល ដើម្បីកសាងសំណុំ រឿងតាមនិតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ