ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់ ម៉ូ និង Kader ចេញដំណើរ​ទៅ​ម៉ា​ឡេ​ស៊ី ត្រៀម​ជួយ ASEAN All Stars ប្រកួត​ទល់​នឹង Man Utd

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ កាន់ ម៉ូ និង​កីឡាករ Abdel Kader Coulibaly សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កីឡាករ កាន់ ម៉ូ និង​កីឡាករ Abdel Kader Coulibaly សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចេញដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​តារាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន ឬ ASEAN All Stars សម្រាប់​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្ដរជាតិ​តទល់​នឹង​ក្រុម Manchester United នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ នេះ​តាម​ការ​បង្ហោះ​លើ​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​២​រូប ខ្សែការពារ កាន់ ម៉ូ របស់​ក្លិប​វិសាខា និង​ខ្សែប្រយុទ្ធ Kader របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ឆ្នើម តំបន់​អាស៊ាន​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​លោក Kim Sang-sik បច្ចុប្បន្ន​គឺជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម និង​ជា​អ្នក​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម ASEAN All Stars ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​ទល់​នឹង​ក្រុម​បិសាច​ក្រហម Man Utd ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ជាតិ Bukit Jalil ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។

ក្រៅពី កាន់ ម៉ូ និង Kader កីឡាករ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា​២​រូប​ផ្សេង​ទៀត គឺ​ខ្សែប្រយុទ្ធ​ឡាវ Bounphachan Bounkong របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ខ្សែប្រយុទ្ធ​ទី​ម័​រ​ខាងកើត João Pedro របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក៏​ត្រូវ​បាន​ជ្រើសរើស​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង លោក Kim Sang-sik សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ខាង​មុខ​ផង​ដែរ​។

ដោយឡែក​ក្រុម Man Utd ក៏​ត្រូវ​បាន​រាយការណ៍​ថា​បាន​ចាក​ចេញពី​ចក្រភព​អង់គ្លេស ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ពោល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ចប់​ការ​ប្រកួត​បិទ​រដូវ​កាល​លី​គ​កំពូល​អង់គ្លេស Premier League ដែល​ពួក​គេ​បាន​យកឈ្នះ​ក្រុម Aston Villa ដោយ​លទ្ធផល ២​ទល់​នឹង​០ ដ្បិត​ពួក​គ​e​បញ្ចប់​យុទ្ធនាការ​រដូវ​កាល​២០២៤-២៥​នេះ នៅ​ចំណាត់ថ្នាក់​ទី​១៥​។

ប្រភព​ពី​កាសែត Daily Mail ក៏​បាន​រាយការណ៍​ថា ក្រុម​ដែល​ទើប​ខកខាន​ឱកាស​ឈ្នះ​ពានរង្វាន់ Europa League រដូវ​កាល ២០២៤-២៥ ក្រោយ​ចាញ់​ក្រុម Tottenham Hotspur ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​៨​លាន​ផោន ឬ​ស្មើនឹង​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្ដរជាតិ ដែល​នឹង​ឃើញ​ពួក​គេ​ប្រកួត​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​មក​នៅ​ទីក្រុង​ហុងកុង​៕ រូបភាព ៖ FFC និង Manchester United

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ