រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ គ្រោងដំណើរការប្រកួត រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមិថុនា ដែលមាន ២៥ រាជធានី-ខេត្ត ចូលរួម ដោយធ្វើការប្រកួតលើ១៤ប្រភេទ កីឡាស្មើ នឹង១២៣វិញ្ញាសា ។ សម្រាប់កីឡាចំបាប់គ្រោងដាក់៨ប្រភេទទម្ងន់ ឱ្យចូលរួមប្រកួត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ។
កញ្ញា កាំង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាចំបាប់ជ្រើសជើងឯក ថ្នាក់ជាតិ សិស្សមធ្យមសិក្សា ឆ្នាំ២០២៥ សហព័ន្ធបានត្រៀម ៨ប្រភេទទម្ងន់ លើវិញ្ញាសា ចំបាប់សេរី តែ១មុខប៉ុណ្ណោះ ។ ប្រភេទទម្ងន់ ដែលកីឡាចំបាប់មកពីតាមរាជធានី-ខេត្ត ចូលរួមប្រកួតប្រជែង មានដូចជា ចំបាប់សេរីនារី ទម្ងន់៥០គីឡូក្រាម ចំបាប់សេរីនារី ទម្ងន់៥៥គីឡូក្រាម ចំបាប់សេរីនារី ទម្ងន់៦០គីឡូក្រាម ។ ផ្នែកបុរស ចំបាប់សេរី ទម្ងន់៥០គីឡូក្រាម ចំបាប់សេរី ទម្ងន់៥៥គីឡូក្រាម ចំបាប់សេរី ទម្ងន់៦០គីឡូក្រាម ចំពាប់សរី ទម្ងន់៦៥គីឡូក្រាម និងទម្ងន់៧៥គីឡូក្រាម ផ្នែកបុរស ។
អគ្គលេខាធិការរូបនេះ បានឱ្យដឹងទៀតថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាឆ្នាំ២០២៥ ដែលរៀបចំធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា គោលដៅចម្បង ដើម្បីចម្រាញ់ និងស្វែងរកកីឡាករ កីឡាការិនី ចំបាប់ឆ្នើមៗ ដែលជាសិស្ស យកមកធ្វើការបណ្ដុះបណ្ដាល ឱ្យក្លាយជាកីឡាករ កីឡាការិនី មានសក្ដានុពលសម្រាប់កម្ពុជា ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។
ទន្ទឹមជាមួយគ្នានេះដែរ ការប្រកួតនេះ ក៏ជាផ្នែកមួយ ដើម្បីសុខមាលភាព ដល់សិស្ស និងបង្កើតបាន នូវបរិយាកាសសប្បាយរីករាយ ផ្សារផ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលជាការឆ្លើយតប និងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត ។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៦-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មាន១៤ប្រភេទកីឡាចូលរួម ស្មើនឹង១២៣វិញ្ញសា ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពី ២៥ រាជធានី-ខេត្ត សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៣,៦២០នាក់ ។ កីឡាករ ១,៥៨៩នាក់ កីឡាការិនី ១,២៦១នាក់ ៕

ចែករំលែកព័តមាននេះ