ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនិងសហការីជាច្រើននាក់បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពផ្លូវថ្នល់ កសាងដោយអភិវឌ្ឍន៍ជនបទនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងផ្លូវមួយខ្សែទៀត នៅក្នុងស្រុកបាធាយ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដែលតម្រូវការឲ្យជួសជុលបន្ទាន់សម្រាប់បម្រើប្រយោជន៍សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ផ្លូវទាំងនេះសម្រាប់ប្រយោជន៍បងប្អូនប្រជាកសិករដឹកកសិផលមកកាន់ទីផ្សារដោយឆាប់រហ័សនិងទាន់ពេលវេលា។ លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងនារសៀលថ្ងៃទី២៥ ឧសភា ថា កន្លងមក ដោយមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់។

ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ថាបនាផ្លូវថ្នល់មួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ពិនិត្យមើលពីវឌ្ឍនភាពនិងសោភ័ណភាពផ្លូវដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ ២០២៥ ដោយបានដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងផ្លូវចាស់មួយខ្សែទៀតប្រវែង១៣គីឡូម៉ែត្រ ដែលមានសភាពទ្រុឌទ្រោមនៅឃុំបឹងណាយ ដោយមានគ្រឿងចក្ររបស់កម្លាំងវិស្វកម្មធ្វើការជួសជុលសម្រាប់ឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង១៣គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ប្រយោជន៍ធ្វើយ៉ាងណាឱ្យផ្លូវនេះ ប្រើប្រាស់បានយូរអង្វែង និងនាំគ្នាទប់ស្កាត់រថយន្តធំៗបើកឆ្លងកាត់លើសទម្ងន់ ។

ជាមួយនឹងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោល គឺការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះ ផ្លូវ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ផ្លូវមួយខ្សែនោះពិតជាមានសារសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផលកសិកម្មពីតំបន់មួយមកកាន់តំបន់មួយទៀត ជាពិសេស គឺទីផ្សារតែម្ដង៕
ចែករំលែកព័តមាននេះ