ទីក្រុងវ៉ាស៊ីនតោន៖ បុគ្គលិកស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសអាមេរិកត្រូវគេបាញ់ស្លាប់ភ្លាមៗនៅកណ្ដាលទីក្រុងវ៉ាស៊ីនតោនក្បែរសេតវិមានតែម្ដង។ ពួកគេជាអ្នកគាំទ្រឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់ដៃគ្នាកសាងជាតិ និងមិនចង់ឃើញការបង្ហូរឈាមគ្នាទេ។ នៅក្នុងនោះ ម្នាក់ត្រៀមភ្ជាប់ពាក្យដើម្បីរៀបការថែមទៀតផង។ ប៉ុន្តែគួរឱ្យស្ដាយ ជនប្រដាប់អាវុធម្នាក់ស្រាប់តែមកផ្ដាច់សង្ខារពួកគេស្រស់ៗ។ ឥឡូវនេះសមត្ថកិច្ចអាមេរិកចាប់ឃុំខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីគាត់ស្រែកជ័យឃោសគាំទ្រប៉ាឡេស្ទីន។
អ្នកទាំង២ទទួលរងការបាញ់ប្រហាររហូតដល់ស្លាប់នៅពេលចាកចេញពីកម្មវិធីជួបជុំដែលរៀបចំនៅក្នុងសារមន្ទីរជ្វីបនៃទីក្រុងវ៉ាស៊ីនតោន ចម្ងាយប្រហែល២គីឡូម៉ែត្រពីសេតវិមាន។ ស្នងការនគរបាលទីក្រុងវ៉ាស៊ីនតោន លោកស្រីផាមេឡា ស្មីត (Pamela Smith) ប្រាប់ថាបុរសម្នាក់នោះនៅសុខៗលើកកាំភ្លើងបាញ់សំដៅទៅមនុស្សបួននាក់ដែលដើរជាក្រុម ហើយគ្រាប់កាំភ្លើងក៏រត់ទៅត្រូវមនុស្ស២នាក់បណ្ដាលឱ្យស្លាប់។ មុនពេលកើតហេតុ គេឃើញជនសង្ស័យរូបនេះដើរអើតឡឺមៗនៅខាងក្រៅសារមន្ទីរ។
ជនរងគ្រោះម្នាក់ឈ្មោះយ៉ារ៉ុន លីស៊ីនស្គី (Yaron Lishchinsky) និងម្នាក់ទៀតឈ្មោះសារ៉ា លីន មីលគ្រីម (Sarah Lynn Milgrim) ជាបុគ្គលិកស្ថានទូត។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអ៊ីស្រាអែល។ ពួកគេកំពុងខិតខំសាបព្រោះគំនិតផ្សះផ្សាគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោកស្រីស្មីតប្រាប់ថាជនសង្ស័យតែម្នាក់ប៉ុណ្ណោះនៅក្នុងរឿងនេះត្រូវគេកំណត់អត្តសញ្ញាណបានហើយ។
គាត់ឈ្មោះអេលៀស រ៉ូឌ្រីហ្គេ (Elias Rodriguez) អាយុ៣០ឆ្នាំរស់នៅទីក្រុងឈីកាហ្គោ។ ក្រោយពេលបុរសនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាម គាត់ស្រែកពាក្យថា «ប៉ាឡេស្ទីនត្រូវតែមានសិទ្ធិសេរីភាព! ប៉ាឡេស្ទីនត្រូវតែមានសិទ្ធិសេរីភាព!»។ គាត់ប្រាប់ថា «គាត់ធ្វើនេះដើម្បីប្រជាជននៅហ្កាហ្សា សូមផ្ដល់សិទ្ធិសេរីភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន»។ និយាយពាក្យនេះមិនបានប៉ុន្មានផង ប៉ូលិសចូលទៅចាប់ខ្លួនគាត់ព្រឹបតែម្ដង។
ប៉ុន្តែតាមពិតទៅ គាត់ជួតកន្សែងក្បាលតាមបែបហ្សកដង់ មិនមែនប៉ាឡេស្ទីនទេ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោនប្រាប់ថាបុរសវ័យក្មេងម្នាក់ដែលបានស្លាប់នៅក្នុងអំពើបាញ់ប្រហារនោះដើម្បីត្រៀមភ្ជាប់ពាក្យជាមួយសង្សាររបស់គាត់ដែលរស់នៅទីក្រុងយេរូសាឡឹម។
ដំណឹងនេះបានលេចឮដល់លោកត្រាំហើយ ហើយលោកប្រកាសថ្កោលទោសការបាញ់ប្រហារនេះ។ លោកចាត់ទុកថានេះជាអំពើមនុស្សឃាតដ៏សាហាវយង់ឃ្នងដោយសារតែគំនិតប្រឆាំងនឹងជនជាតិជ្វីប និងអ៊ីស្រាអែល។ លោកថាអំពើស្អប់ខ្ពើមបែបនេះត្រូវតែបញ្ចប់នៅពេលនេះ។ លោកបង្ហោះសារនៅលើបណ្ដាញសង្គមថាការស្អប់ខ្ពើមគ្នា និងគំនិតជ្រុលនិយមមិនត្រូវឱ្យមានជាដាច់ខាតនៅលើទឹកដីអាមេរិក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏សម្ដែងការសោកស្ដាយផងដែរជាមួយក្រុមគ្រួសារជនរងគ្រោះ។ លោកថ្លែងថាចាប់ពីពេលនេះតទៅ អ៊ីស្រាអែលត្រូវតែពង្រឹងសន្តិសុខនៅតាមស្ថានទូតរបស់ខ្លួនទូទាំងពិភពលោក។ ក្រោយអំពើបាញ់ប្រហារនេះ គេជឿជាក់ថាពលរដ្ឋអាមេរិកាំងនឹងមានមតិបែកខ្ញែកគ្នាពាក់ព័ន្ធនឹងសង្គ្រាមនៅហ្កាហ្សា។ ជាពិសេស នៅក្នុងចំណោមអ្នកគាំទ្រអ៊ីស្រាអែល និងអ្នកហែបាតុកម្មប្រឆាំងនឹងសង្គ្រាម៕
ចែករំលែកព័តមាននេះ