ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តកណ្តាល បំភ្លឺ​ករណី​ជនសង្ស័យ​ជិះ​កង់​មក​លួច​ម៉ូតូ គេចខ្លួន​បាន​កន្លះ​ខែ ជាប់​ជង់

12 ម៉ោង មុន

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២០ ឧសភា ២០២៥​នេះ ចេញ​បំភ្លឺ​ពាក់ព័ន្ធ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aisyah…

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២០ ឧសភា ២០២៥​នេះ ចេញ​បំភ្លឺ​ពាក់ព័ន្ធ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aisyah Seom ដែល​បាន​បង្ហោះ​មាន​ខ្លឹមសារ​ថា ៖ អំពី​ប្អូនប្រុស​ឈ្មោះ រី ហា​ណា​ហ្វី គាត់​ត្រូវ​ប៉ូលិស​នគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល ចាប់​ទៅ​ឃុំខ្លួន រយៈពេល​២​ថ្ងៃ តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ ដែល​បាន​បាត់​ម៉ូតូ ដោយ​សង្ស័យ​តាម​ភិនភាគ​កាមេរ៉ា​សុវត្ថិភាព​។ តាម​ពិត ក្នុង​វី​ដស​អូ​កាមេរ៉ា និង​រូប​គាត់ មិន​មាន​ភិនភាគ​ដូច​គ្នា​ទេ ហើយ​កាលដែល​គាត់​សារភាព​ថា ខ្លួន​បាន​លួច​តាម​ការ​សាកសួរ​របស់​ប៉ូលិស​នោះ គាត់​នៅ​ជាប់​ឃុំខ្លួន ដោយ​ប៉ូលិស​មិន​អនុញ្ញាត​អោយ​ឪពុក​ម្តាយ​ចូល​ជួប​ឡើយ ពេល​នេះ​ប្រជាជន​ក្នុងភូមិ កំពុង​នាំ​គ្នា​ស្នើ​សុំ​ដោះ​លែង​គាត់​ហើយ ចាំ​មើល​ថា ទៅ​ជា​យ៉ាងណា បើ​គាត់​ចាប់​ខុស​មនុស្ស​សោះ មិន​ព្រម​ដោះ​លែង​ហើយ​ដើមបណ្តឹង ក៏​មិនឃើញ​ចេញ​មុខ​មក​ដោះស្រាយ​ដែរ សំខាន់​គាត់​អត់​ចេះ​ជិះ​ម៉ូតូ​ផង ទៅ​លួច​ម៉ូតូ​បាន​យ៉ាងដូចម្តេច សូម​ជួយ​ស៊ែរ អោយ​សារព័ត៌មាន​បានឃើញ និង​ជួយ​អត្ត​រាគ​មន៍​ផង ថ្ងៃ​១៩ ឧសភា ២០២៥ ។

ក្រោយ​ពេល​ទទួល​បាន​ព័​ត៍​មាន​ខាងលើ​រួច ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នគរបាល​ខេត្តកណ្តាល លោក​វរសេនីយ៍ឯក ស៊ី​ម ឃាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កកោះ​ធំ បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក​កោះធំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ ដោយ​ទទួលលទ្ធផល​ដូច​ខាងក្រោម ៖
ជា​ករណី​លួច​ម៉ូតូ​កើតហេតុ​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨:៥០​នាទី​ព្រឹក នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ឈ្មោះ ហៃ សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ រី ហា​ណា​ហ្វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

សម្ភារៈ​បាត់បង់​មាន ៖ ម៉ូតូ HONDA BEAT ពណ៌​ស​+​ខៀវ ស៊េរី​ឆ្នាំ​២០២២ ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1JD.0486 ចំនួន​០១​គ្រឿង ជា​របស់​ជន​រង​គ្រោះ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖
១/​កង់​តួ​ប្រុស ពណ៌​ខ្មៅ ០១​គ្រឿង ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ដើរ​លួច​។
២/​ទូរ​សព្ទ័​ដៃ ម៉ាក VIVO ពណ៌​ផ្ទៃមេឃ ០១​គ្រឿង ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ទៀត​ថា សភាព​រឿងហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨:៣០​នាទី ជន​រង​គ្រោះ​ឈ្មោះ ហៃ សុវណ្ណ បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ហើយ​បាន​អូស​ម៉ូតូ​ម៉ាក​ហុងដា BEAT ពណ៌ ស​+​ខៀវ ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1JD.0486 ចេញ​យក​មក​ទុក​នៅ​ខាង​មុខ​ផ្ទះ ហើយ​បាន​បែរ​ក្បាល​ម៉ូតូ ទៅ​ទិស​ខាងកើត ដោយ​បាន​ទុក​កូនសោ​ម៉ូតូ នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​។ ក្រោយ​ពេល​អូស​ម៉ូតូ​ចេញ​យក​មក​ខាងក្រៅ​ផ្ទះ​បាន​បន្តិច ជន​រង​គ្រោះ​ឈ្មោះ ហៃ សុវណ្ណ ក៏​បាន​ដើរ​ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ​បាន​បើកឡាន​ដឹក​អីវ៉ាន់​ចេញ​ទៅ​លក់ដូរ​បាត់​ទៅ​។ បន្តិច​ក្រោយមក ស្រាប់តែ​កូនស្រី​របស់​ជន​រង​គ្រោះ ឈ្មោះ វណ្ណ ស្រី​ណុ​ច គាត់​បាន​ទូរ​សព្ទ​មក​ប្រាប់​ថា បាត់​ម៉ូតូ ឮ​ដូច្នេះ​ជន​រង​គ្រោះ​ក៏​បាន​បើកឡាន​ត្រឡប់​មក​ផ្ទះ​វិញ​។ នៅ​ពេល​មក​ដល់​ផ្ទះ គាត់​ក៏​បាន​នាំ​គ្នា​ទៅ​សុំ​អ្នក​ជិតខាង​ឱ្យ​ជួយ​ឆែក​កាមេរ៉ា​សុ​វត្តិភាព​មើល​ទើប​ដឹង​ថា មាន​ក្មេង​ប្រុស​ម្នាក់ បាន​ជិះ​កង់​ចូល​មក​លួច​យក​ម៉ូតូ​របស់​គាត់​ជិះ​ចេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​២១ បាត់​ទៅ ដោយ​បាន​បន្សល់​ទុក​នៅ​កង់​តួ​ប្រុស ពណ៌​ខ្មៅ ០១​គ្រឿង នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​មក ជន​រង​គ្រោះ​ឈ្មោះ ហៃ សុវណ្ណ គាត់​បាន​មក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ដើម្បី​ឱ្យ​សមត្ថកិច្ច ជួយ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា ដែល​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​របស់​គាត់ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៩:០០​នាទី កម្លាំង​សមត្ថកិច្ច​ស្រុក​កោះធំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី បាន​ចេញ​ល្បាត​មក​ដល់​ចំណុច​លើ​ស្ពាន​ឆ្លង​ទន្លេបាសាក់​ស្រុក​កោះធំ ក៏​បាន​ជួប​ប្រទះ​នឹង​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ រី ហា​ណា​ហ្វី កំពុង​តែ​ជិះ​កង់​លេង​នៅ​លើ​ស្ពាន ឆ្លង​ទន្លេបាសាក់ ស្រុក​កោះធំ តែ​ម្នាក់ឯង​។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​យើង​បាន​ហៅ​ជនសង្ស័យ​ខាងលើ​នេះ​យក​មក​កាន់​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​អំពី​រឿងហេតុ​ដែល​បាន​កើតឡើង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ រី ហា​ណា​ហ្វី គាត់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ហៃ សុវណ្ណ ពិតប្រាកដ​មែន គឺ​ដោយសារ​ជន​រង​គ្រោះ​គាត់​បាន​ទុក​កូនសោ​ម៉ូតូ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ ដោយ​ឃើញ​មានឱកាស​ល្អ​ទើប​ខ្លួន​ដើរ​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់​ដោយ​បាន​បន្សល់​ទុក​នូវ​កង់​តួ​ប្រុស​ពណ៌​ខ្មៅ ០១​គ្រឿង​នៅ​កន្លែង​កើតហេតុ​។ ក្រោយ​ពេល​ជនសង្ស័យ​លួច​ម៉ូតូ​បាន​ហើយ គឺ​បាន​ជិះ​ម៉ូតូ​នោះ​យក​ទៅ​ដាក់បញ្ចាំ​ឱ្យទៅ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ក្រុង​សំពៅ​ពូន ខេត្តកណ្តាល បាន​លុយ​ចំនួន ២០០​ដុល្លារ យក​មក​ទិញ​ទូរ​សព្ទ​ដៃ​ថ្មី​មួយ​គ្រឿង​ម៉ាក VIVO ពណ៌​ផ្ទៃមេឃ​ក្នុង​តម្លៃ​១០០​ដុល្លារ ហើយ​លុយ ដែល​នៅ​សេសសល់​ចំនួន​១០០​ដុល្លារ ទៀត​គឺ​ទុក​សម្រាប់​ស៊ីចាយ ។

ចំពោះ​ករណី​ខាងលើ​នេះ​ផ្នែក​ជំនាញ​ស្រុក​កោះធំ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាប​កុំ​មានការ​ភាន់ច្រឡំ ៕ «ជិះ​កង់​មក​លួច​ម៉ូតូ គេច​ខ្លួន​បានកន្លះខែ​ជាប់​ជង់»

Processed with MOLDIV

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ