ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​បទល្មើ.ស​ព្រៃឈើ​របស់​យាយ​មាន់​បំផ្លា.ញ​​ស្ពាន​មួយ​កន្លែង​នៅ​ស្រុក​សំឡូត​ អាជ្ញាធរ​អត់​​ខ្វ.ល់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​មួយ​គ្រឿង ដែល​គេ​អះអាង​ថា ជា​របស់​មេ​ឈ្មួញ​រត់ពន្ធ​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ម្នាក់ ប្រចាំ​ស្រុក​សំឡូត ដែល​គេ​រាល់គ្នា​ហៅ​គាត់​ថា «​យាយ​មាន់​» បាន​បំផ្លាញ​ស្ពានឈើ​ឆ្លង​អូរ​ក្នុងភូមិ​មួយ​កន្លែង​ខូចខាត​គ្មាន​សល់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​បន្តិច…

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​មួយ​គ្រឿង ដែល​គេ​អះអាង​ថា ជា​របស់​មេ​ឈ្មួញ​រត់ពន្ធ​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ម្នាក់ ប្រចាំ​ស្រុក​សំឡូត ដែល​គេ​រាល់គ្នា​ហៅ​គាត់​ថា «​យាយ​មាន់​» បាន​បំផ្លាញ​ស្ពានឈើ​ឆ្លង​អូរ​ក្នុងភូមិ​មួយ​កន្លែង​ខូចខាត​គ្មាន​សល់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​បន្តិច ឈាន​ចូល​ថ្ងៃ​ទី ១៩ ឧសភា ស្ថិត​ក្នុងភូមិ​អូរ​ក្រូច ឃុំ​តា​តោក ស្រុក​សំឡូត តែ​ពុំ​មាន​អាជ្ញាធរ ឬ មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច​តាម​ចាប់​រថយន្ត​ដឹកឈើ​បំផ្លាញ​ស្ពាន​នោះ​ចាត់ការ​តាម​និ​តិ​វិធី​ទេរ​ហូត​មក​ដល់​ពេល​នេះ​។

ប្រភព​នៅ​កន្លែង​កើតហេតុ បាន​រាយ​ការ​ណ៏​ថា រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​នោះ ជា​រថយន្ត​ធុន​ធ្ងន់ (​ប្រភេទ​រថយន្ត​កូរ៉េ​) ដឹកឈើ​ក្ដារ​ពេញ​រហូត​លើស​ទម្ងន់ ទើប​ធ្វើ​ឲ្យ​បាក់​ស្ពាន​អូរ​ក្រូច ខូចខាត​មិន​អាច​ឲ្យ​យានយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​គេ​ធ្លាប់​ស្គាល់ រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​នោះ​ជា​របស់​«​យាយ​មាន់​» ដែល​គេ​ស្កាល់​ស្ទើរ​គ្រប់​គ្នា​ថា ស្ត្រី​រូប​នេះ ជា​មេ​ឈ្មួញ​រកស៊ី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​ប្រចាំ​ស្រុក​សំឡូត​។ ប៉ុន្តែ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច ឬ មន្ត្រី​ជំនាញ​ក្នុង​អង្គភាព​ណាមួយ​ហ៊ាន​ចេញ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​«​យាយ​មាន់​» នេះ​បាន​ម្ដងណា​ឡើយ​។ ប្រភព​បាន​ដាក់​ការ​សង្ស័យ​ថា «​មូលហេតុ​ដែល​គេ​មិន​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​«​យាយ​មាន់​» ទំនង​មេ​ឈ្មួញ​ឈើ​រូប​នេះ សែន​ត្រូវ​ដង ត្រូវ​ផ្លែ តាំងពី​ដើមភូមិ រហូត​ដល់​ចុង​ភូមិ ទើប​គេ​មិន​បង្ក្រាប​រថយន្ត​ដឹក​របស់​យាយ​មាន់​»​។

ជាក់ស្ដែង​នៅ​ពាក់កណ្ដាល​យប់មិញ​នេះ​(​យប់​១៩ ០៥ ២០) រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​របស់​យាយ​មាន់ បាន​ធ្វើ​ឲ្យ​បាក់​ស្ពានឈើ នៅ​ចំណុច​អូរ​ក្រូច ចំ​កណ្ដាល​ភូមិ​តែ​ម្ដង ជាប់​រើ​មិន​រួច​រាប់​ម៉ោង​គ្មាន​សមត្ថកិច្ច ឬ អាជ្ញាធរ ឬ មន្ត្រី​ជំនាញ​ណា ចេញ​មុខ​អើត​មើល ដើម្បី​មាន​ចំណាត់ការ​អ្វី​ឡើយ​។ រថយន្ត​នោះ​បាន​ឡើង​ស្ពាន ហើយ​បាក់​ស្រុត​ផុង​កង់​ធ្លាក់​មួយ​កំណាត់​ក្រោយ​ចូល​ក្នុង​អូរ​។ ក្រោយមក​បន្តិច គេ​ឃើញ​គ្រឿងចក្រ (​អេ​ស្ការ​វ​ទ័​រ​) មក​ជួយ​លើក និង ជួយ​រុញ ទើប​រថយន្ត​ឆ្លងស្ពាន​រួច​។ នៅ​ទីនោះ គេ​ឃើញ​តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ បាន​ចោមរោម​មើល​រថយន្ត​ដឹកឈើ​បំផ្លាញ​ស្ពាន តែ​គេ​មិន​ប្រទះ​ភ្នែក​នឹង​សមត្ថកិច្ច ឬ មន្ត្រី​ព្រៃឈើ​ចេញ​មុខ​អើពើ​ឡើយ ទុក​ឲ្យ​រថយន្ត​យាយ​មាន់​ដឹកឈើ​បន្តដំណើរ​ទៅ​មុខ​យ៉ាង​រំភើយ​។

ទាក់ទិន​នឹង​រឿង​នេះ មេ​ភូមិ​អូរ​ក្រូច លោក ទូច យ៉ុ​ន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ថា ស្ពាន​ដែល​ខូចខាត​ដោយសារ​រថយន្ត​ដឹង​ឈើ​នោះ ជា​ស្ពានឈើ មាន​បណ្ដោយ​ប្រវែង​ប្រមាណ ២៥​ម៉ែត្រ និង ទទឹង​ប្រវែង​ប្រមាណ​០៥​ម៉ែត្រ​។ ស្ពាន​នេះ​ឆ្លងកាត់​អូរ​ក្រូច ស្ថិត​ចំ​កណ្ដាល​ភូមិ​តែ​ម្ដង​។

លោក​មេ​ភូមិ​បាន​និយាយ​ថា រថយន្ត​ដឹកឈើ​នោះ បាន​ព្យាយាម​បើក​ឆ្លងស្ពាន ស្រាប់តែ​បាក់​ស្រុត​ចុះ​ក្រោយ ខូចខាត​អស់​ប្រវែង​ប្រមាណ​០៧​ម៉ែត្រ ដែល​មិន​អាច​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​យានយន្ត អាច​បើក​ចុះ​ឆ្លង​អូរ​ប៉ែក​ខាងក្រោម​បន្តិច តែបើ​មាន​ភ្លៀង​ជោគ​ជាំ​នាំ​ឲ្យ​មានទឹក​ក្នុង​អូរ​ហូរ​ច្រើន គឺ ចប់​ហើយ អ្នកដំណើរ​មិន​អាច​ឆ្លងកាត់​អូរ​នេះ​បាន​ឡើយ​។

កោះសន្តិភាព​៖ តើ​សមត្ថកិច្ច ឬ អាជ្ញាធរ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​បំផ្លាញ​ស្ពាន​នោះ​ទេ ? លោក​មេ​ភូមិ​៖ «​អត់​មាន​នរណា​ឃាត់​ទេ​។ កណ្ដាល​យប់​ហើយ តេ​ទៅ​ក៏​គេ​មិន​លើក​ទូរស័ព្ទ​ដែរ​។ ក្រោយ​ពេល​គ្រឿងចក្រ​ជួយ​រុញ​ឡើង​ផុត​ស្ពាន រថយន្ត​នោះ​ក៏​ចេញដំណើរ​ទៅ​បាត់ រហូត​មក​ដល់​ពេល​នេះ​»​។ កោះសន្តិភាព​៖ តើ​ពេល​នេះ​ខាង​ណា​អ្នក​ទ​ទូល​ខុស​ត្រូវ​ជួសជុល​ស្ពាន​ឡើង​វិញ ? លោក​មេ​ភូមិ​៖ «​មាន​ខាង​ណា​..! មាន​តែ​អាជ្ញាធរ​ហ្នឹងហើយ​ជា​អ្នក​ធ្វើ​»​។

ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ដែល​គេ​អះអាង​ថា ជា​រថយន្ត​របស់​«​យាយ​មាន់​» ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​សំឡូត ដែល​បំផ្លាញ​ស្ពាន​«​អូរ​ក្រូច​» ខាងលើ​នេះ កោះសន្តិភាព មិន​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​«​យាយ​មាន់​» ឬ អ្នក​ទ​ទូល​ខុស​ត្រូវ​រថយន្ត​ដឹកឈើ​នោះ បាន​ទេ​គិត​ត្រិ​ម​រសៀល​ថ្ងៃ​ទី ១៩ ឧសភា​។ ប៉ុន្តែ​បើ​តាម​ប្រភព​ភាគច្រើន បាន​អះអាង​យ៉ាង​ជាក់លាក់​ថា រថយន្ត​ដឹក​បទល្មើស​ព្រៃ​បំផ្លាញ​ស្ពាន​នេះ ប្រក​ដ​ជា​របស់​«​យាយ​មាន់​» មែនហើយ​។ យាយ​មាន់ គាត់​កប​និង​ជោគជ័យ​ខ្លាំង​ណាស់ ជាមួយនឹង​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សំឡូត​នេះ​។ រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ដែល​យាយ​មាន់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្នុងស្រុក​សំឡូត​។ មន្ត្រី​ពាក់ព័ន្ធ​គ្រប់​អង្គភាព រាប់​ទាំង​សមត្ថកិច្ច​ផង បង្កើត​ប៉ុ​ស្ដ៏​យាម​ប្រចាំការ ឬ ស្នាក់​ការ​បណ្ដាក់​គ្នា​ដូច​ខ្យង​នៅ​តាម​ដងផ្លូវ គ្រប់​ច្រកល្ហក តែ​គ្មាន​មន្ត្រី​ណា ហ៊ាន​បង្ក្រាប​ដឹកឈើ​របស់​«​យាយ​មាន់​»​ឡើយ ដែល​មហាជន​ទូទៅ​ដាក់​ការ​សង្ស័យ​ថា «​អាច​ត្រូវ​សំណែន​» យាយ​មាន់​អស់ហើយ ទើប​ស្ងាត់​ដូច​ចោរលួច​សេះ​បែប​នេះ​។

បច្ចុប្បន្ន បទល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​សំឡូត នៅ​តែ​ដំណើរការ​យ៉ាង​គគ្រឹក គ​គ្រែង​ដដែល​។ ពេល​ខ្លះ​គេ​យក​ទាំង​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល របស់​អគ្គស្នងការ​នគរបាល​ជាតិ បើក​ជូន​ដំណើរ​រថយន្ត​ដឹកឈើ​យ៉ាង​ស្លុយ​ទៀត​ផង​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ០៩ ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ ក៏​មាន​រថយន្ត​មួយ​គ្រឿង ដឹក​ខ្សាច់​លើស​ទម្ងន់ បាន​បំភ្លេច​បំផ្លាញ​ស្ពានដែក​ឆ្លង​អូរ​មួយ​កន្លែង នៅ​ក្នុងភូមិ​អូរ​តា​ទាក ឃុំ​តា​តោក ស្រុក​សំឡូត​។

ស្ពានដែក​នោះ ខូចខាត​រហូត​មិន​អាច​ជួសជុល​ប្រើ​ការ​ឡើង​វិញ​បាន​ឡើយ​។ ប្រធាន​មន្ទីរ​សាធារណៈ និង ដឹក​ជញ្ជូនខេត្ត បាន​ទាមទា​ឲ្យ​អ្នក​ទ​ទូល​ខុស​ត្រូវ នៃ​រថយន្ត​ដឹក​ខ្សាច់​នោះ ធ្វើ​ស្ពាន​សង​ទាំងស្រុង និង ឲ្យ​បាន​ឆាប់​ទៀត​ផង ចៀសវាង​ការ​កកស្ទះ អ្នក​ធ្វើ​ដំណើរ ពេល​មាន​ជំនន់​ទឹក​ក្ន​ង​អូរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ស្ពានដែក​ដែល​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ខ្សាច់ កំរើក​ដៃ កំរើក​ជើង​ហើយ​ឬ​នៅ​នោះ​ទេ​។ ចន្លោះ​ពេល​១០​ថ្ងៃ បាក់​ស្ពាន​ឆ្លង​អូរ​០២​កន្លែង នៅ​ក្នុង​ឃុំ​តា​តោក​។ ស្ពានដែក​«​អូរ​ថ្ម​»​ត្រូវ​បាន​បំ​ភ្លា​ញ​ដោយ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់ រីឯ​ស្ពាន​«​អូរ​ក្រូច​» ត្រូវ​បាន​បំផ្លាញ​ដោយ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​របស់​យាយ​មាន់ តែ​អាជ្ញាធរ និង មន្ត្រី​ជំនាញ​អត់​ខ្វល់​ជាមួយ​យាយ​មាន់ សូ​ម្បី​ប៉ុន​ក្រចក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ