ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​ពិសេស​បោ​ស​សម្អាត​ក្រុម​ហាម៉ាស់

12 ម៉ោង មុន

ទី​ក្រុង​យេរូសា​ឡឹម៖ បន្ទាប់​ពី​លោក​ត្រាំបិទ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​នៅ​មជ្ឈិម​បូព៌ា​ត្រឹម​តែ​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ អ៊ី​ស្រា​អែ​ល​ប្រកាស​បើក​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​។ អាជ្ញា​ធរ​សុខា​ភិបាល​ប៉ា​ឡេ​ស្ទីន​អះ​អាង​ថា​មនុស្ស​ស្លាប់​រាប់​សិប​នាក់​នៅ​ថ្ងៃ​នេះ​។ អ៊ីស្រាអែល​ថ្លែង​ថា​គោល​ដៅ​របស់​ខ្លួន​លើក​នេះ​គឺ​​បោស​សម្អាត​ក្រុម​ហាម៉ា​ស់​​ និង​វាយរំដោះ​យក​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​​។ ទោះ​បី​រស់​ក្ដី ឬ​ស្លាប់​ក្ដី​​ត្រូវ​តែ​យក​ពួក​គេ​​មក​វិញ​ឱ្យ​ខាង​តែ​បាន​​​។​ អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ហ្កាហ្សា​ថ្លែង​ថា​គ្រាន់​តែ​វាយ​ប្រហារ​១​ប្រាវ​ទៅ​លើ​តំបន់​នេះ​កាល​​ពី​​យប់​ថ្ងៃសុក្រ​ស្លាប់៥៨​នាក់​។ បើ​គិត​ទាំង​ថ្ងៃ​ព្រហស្បតិ៍​ទៀត​…

ទី​ក្រុង​យេរូសា​ឡឹម៖ បន្ទាប់​ពី​លោក​ត្រាំបិទ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​នៅ​មជ្ឈិម​បូព៌ា​ត្រឹម​តែ​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ អ៊ី​ស្រា​អែ​ល​ប្រកាស​បើក​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​។ អាជ្ញា​ធរ​សុខា​ភិបាល​ប៉ា​ឡេ​ស្ទីន​អះ​អាង​ថា​មនុស្ស​ស្លាប់​រាប់​សិប​នាក់​នៅ​ថ្ងៃ​នេះ​។ អ៊ីស្រាអែល​ថ្លែង​ថា​គោល​ដៅ​របស់​ខ្លួន​លើក​នេះ​គឺ​​បោស​សម្អាត​ក្រុម​ហាម៉ា​ស់​​ និង​វាយរំដោះ​យក​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​​។ ទោះ​បី​រស់​ក្ដី ឬ​ស្លាប់​ក្ដី​​ត្រូវ​តែ​យក​ពួក​គេ​​មក​វិញ​ឱ្យ​ខាង​តែ​បាន​​​។​

អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ហ្កាហ្សា​ថ្លែង​ថា​គ្រាន់​តែ​វាយ​ប្រហារ​១​ប្រាវ​ទៅ​លើ​តំបន់​នេះ​កាល​​ពី​​យប់​ថ្ងៃសុក្រ​ស្លាប់៥៨​នាក់​។ បើ​គិត​ទាំង​ថ្ងៃ​ព្រហស្បតិ៍​ទៀត​ មនុស្ស​ស្លាប់​បី​រយ​នាក់​។ អង្គ​ការ​មើស៊ី​ខប (Mercy Corps) ដែល​ទទួ​លបន្ទុក​ផ្នែក​មនុស្ស​ធម៌​ប្រាប់​ទស្សនា​វដ្ដី​ញូស្វីក (Newsweek) ថា​គ្រោះ​ទុរ​ភិក្ស​​កើត​មាន​កាន់​តែ​ខ្លាំង​​​។​ មនុស្ស​រស់​នៅ​ទាំង​អត់​​អាហារ​កាន់​តែ​ច្រើន​ឡើង​​ៗ​។

សូម​រំលឹក​ថា​លោក​ត្រាំ​បិទ​បញ្ចប់​ទស្សន​កិច្ច​នៅ​អារ៉ាប៊ី​សាអូឌីត​ កាតា និង​អារ៉ាប់​អេមីរ៉ាត​ដោយ​គ្មាន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ទេ​។ ដូចនេះ ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ជោគ​វាសនា​របស់​ប្រជា​ជន​ប៉ាឡេ​ស្ទីន​នៅ​ហា្កហ្សា​។ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ថ្លែង​ថា​ពួក​គេ​​ត្រូវ​ផ្លាស់​ទៅ​រស់​នៅ​ភាគ​ខាង​ត្បូង​។ យោធា​អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​បានបញ្ជូន​កង​ទ័ព​ដើម្បី​វាយ​កាន់​កាប់​ជ្រោយ​ហ្កាហ្សា​។ នេះ​ជា​ផ្នែក​​១​នៃ​​យុទ្ធ​នា​ការ​យោធា​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា​ ប្រតិ​បត្តិ​ការ​ជី​ឌី​អន​ ឆារៀត (Gideon’s Chariots)។

អ៊ីស្រាអែល​ចេញ​សេច​ក្ដី​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ថា​កង​ទ័ព​របស់​ខ្លួន​បាន​បាញ់​សម្លាប់​យុទ្ធ​ជន​របស់​សត្រូវ​រាប់​សិប​នាក់ និង​វាយ​ប្រហារ​គោល​ដៅ​ជាង​៦៧០​កន្លែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​ការ​ប្រកាស​បើក​យុទ្ធ​នា​ការ​ធំ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​។ អាជ្ញា​ធរ​សុខា​ភិបាល​ប៉ាឡេស្ទីន​ថ្លែង​ថា​មនុស្ស​ស្លាប់​ច្រើន​ណាស់​ដោយ​សារ​ការ​វាយ​ប្រហារ​លើក​នេះ​។ ត្រឹម​តែ​រយៈ​ពេល២៤​ម៉ោង​ប៉ុណ្ណោះ​ មនុស្ស​ស្លាប់​យ៉ាង​តិច​១៥០​នាក់​។​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ស្លាប់​ថែម​យ៉ាង​តិច​១០៣​នាក់​ទៀត​។​

អ៊ីស្រាអែល​បញ្ជាក់​ថា​ផែន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើក​នេះ​គឺ​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ក្រុម​ហាម៉ាស់​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​យក​បទ​ឈប់​បាញ់​ស្រប​ទៅ​តាម​ការ​ទាម​ទារ​របស់​អ៊ីស្រាអែល​។ នៅ​ក្នុង​ចំណោម​នោះ មាន​ចំណុច​មួយ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​។ ប៉ុន្តែ​អ៊ីស្រាអែល​ថ្លែង​ថា​ទោះ​បី​ដោះ​លែង​ចំណាប់​ខ្មាំង​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ខ្លួន​យល់​ព្រម​បិទ​បញ្ចប់​សង្គ្រាម​ និង​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នោះ​ដែរ​។​ ចំណែក​​​ហាម៉ាស់​ថ្លែង​ថា​អ្វី​ដែល​ខ្លួន​ចង់​បាន​គឺ​ការ​បិទ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង និង​ជា​ស្ថា​ពរ។ ម៉្យាង​ទៀត​ អ៊ីស្រាអែល​ត្រូវ​តែ​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​តំបន់​ហ្កាហ្សា​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ