សហរដ្ឋអាមេរិក ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នឹងឡើងសង្វៀនប្រកួតអាជីពសាជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលជិត៤ឆ្នាំ ចាប់តាំងពីប្រកាសចូលនិវត្តន៍ផ្លូវការកាលពីឆ្នាំ ២០២១ ដើម្បីតទល់ជាមួយអ្នកប្រដាល់ឆ្នើមវ័យក្មេងអាមេរិក Mario Barrios ដណ្តើមខ្សែក្រវាត់ WBC welterweight នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ESPN បានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការប្រកួតអាជីពចុងក្រោយរបស់ ម៉ានី ប៉ាក់គីអៅ កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ នៅពេលដែលស្តេចប្រដាល់ហ្វីលីពីនវ័យ៤៦ឆ្នាំរូបនេះ ចាញ់ពិន្ទុក្រោមថ្វីដៃអ្នកប្រដាល់គុយបា Yordenis Ugas ការប្រកួតដណ្តើមខ្សែក្រវាត់ WBA welterweight ។ ក្រោយចាញ់ ប៉ាក់គីអៅ បានប្រកាសចូលនិវត្តន៍ផ្លូវការលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីផ្ដោតលើអាជីពនយោបាយជាចម្បង។
ពាក្យចចាមអារ៉ាមអំពីការវិលត្រឡប់របស់ ប៉ាក់គីអៅ ដែលជាអ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រឈ្នះខ្សែក្រវាត់ពិភពលោកលើ៨ប្រភេទទម្ងន់ផ្សេងគ្នា និងជាអ្នកប្រដាល់តែម្នាក់គត់ដែលកាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍ មកកាន់សង្វៀនអាជីពវិញ បានរីកសាយភាយមួយឆ្នាំកន្លងមកហើយ។ ជាក់ស្តែង ខែកក្កដា ឆ្នាំ២០២៤ ប៉ាក់គីអៅ បានឡើងសង្វៀនប្រកួតមិនអាជីព ឬការប្រកយតប្រដាល់តាំងពិពណ៌ជាមួយនឹងអ្នកប្រដាល់ Kickboxing ជនជាតិជប៉ុន Rukiya Anpo នៅសង្វៀន Super RIZIN 3 ដោយបញ្ចប់ទៅលទ្ធផលស្មើគ្នា។ ឈ្មោះ ប៉ាក់គីអៅ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការប្រកួតជាមួយនឹង Mario Barrios វ័យ២៩ឆ្នាំ ចាប់តាំងពីចុងឆ្នាំ២០២៤មកម្ល៉េះ។
យ៉ាងណាមិញ នៅឯការប្រកួតដែលអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez យកឈ្នះលើអ្នកប្រដាល់កូនកាត់គុយបា-អាល្លឺម៉ង់ William Scull កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ នៅអារ៉ាប៊ីសាអូឌីត លោក Mauricio Sulaiman ប្រធានក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC) ក៏បានបង្ហើបប្រាប់គេហទំព័រ Boxing King Media ថា តាមផែនការគឺសម្រាប់ Barrios ការពារខ្សែក្រវាត់របស់ខ្លួនជាមួយការប្រកួតនឹង ប៉ាក់គីអៅ។
កន្លងមក លោក Sean Gibbons ទីប្រឹក្សា និងជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយរបស់ប៉ាក់គីអៅ ធ្លាប់បានប្រាប់ទស្សនាវដ្តី The Ring ហើយថា ប៉ាក់គីអៅ នឹងពិចារណាឡើងសង្វៀនប្រដាល់អាជីពវិញ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាហ្វីលីពីនបញ្ចប់។ លោក Gibbons បានថ្លែងថា «បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១២ ខែឧសភា ប្រសិនបើប៉ាក់គីអៅ ក្លាយជាសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទីពីរ នោះគាត់នឹងសម្រេចចិត្តថា តើគាត់ចង់ត្រឡប់មកកាន់ការប្រដាល់អាជីពម្តងទៀតឬអត់? ខ្ញុំប្រាថ្នាចង់មានច្រើនជាងនេះ ប៉ុន្តែប៉ាក់គីអៅស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងតែង ហើយរឿងចុងក្រោយដែលគាត់មានក្នុងការគិតនៅពេលនេះគឺការប្រដាល់»។
មិនត្រឹមតែប៉ុណ្ណោះ លោក Gibbons ក៏ធ្លាប់បានលើកឡើងកាលពីឆ្នាំមុនថា ការប្រកួតជាមួយ Barrios គឺជាការប្រកួតដែលប៉ាក់គីអៅអាចយកឈ្នះបាន និងជាការប្រកួតដ៏ល្អឥតខ្ចោះសម្រាប់គាត់ លោកបានបន្ថែមថា ប៉ាក់គីអៅអាចប្រដាល់រហូតដល់គាត់មានអាយុ៥០ឆ្នាំ»៕ ប្រភព ៖ ESPN


ចែករំលែកព័តមាននេះ