ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ធ្វើ​ស​ន្និ​សីទ​កា​សែត ​បកស្រាយ​បន្ថែម ​ដើម្បី​ឲ្យ​មហាជន​អស់​មន្ទិល​​រឿង​ការ​ដាក់​ពិន្ទុ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​មហាជន លើ​ការ​ប្រកួត​រវាង​កីឡាករ​គុន​ខ្មែរ រិ​ទ្ធី សូ​សែន និង​កីឡាករ​ឡាវ Thongbang Seuaphom ដែល​ប្រកួត​នៅ​សង្វៀន​បាយ័ន…

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​មហាជន លើ​ការ​ប្រកួត​រវាង​កីឡាករ​គុន​ខ្មែរ រិ​ទ្ធី សូ​សែន និង​កីឡាករ​ឡាវ Thongbang Seuaphom ដែល​ប្រកួត​នៅ​សង្វៀន​បាយ័ន ​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ ដែល​ផ្ទុះ​ការ​រិះគន់​ថា ចៅក្រម​ផ្តល់​ពិន្ទុ ​មិន​សុក្រឹត​យុត្តិធម៌ ហើយ​ផ្តល់​ពិន្ទុ​ ឱ្យ​កីឡាករ​គុន​ខ្មែរ រិ​ទ្ធី សូ​សែន ជា​អ្នក​ឈ្នះ​ ។

ជុំវិញ​ករណី​នេះលោក ម៉ិ​ល កាដូ ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បញ្ជាក់ ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ស្តា​ត​ចាស់​ថា នៅ​ក្នុង​ការ​កំណត់​លទ្ធផល ​នៃ​ការ​ប្រកួត​ឱ្យ​ឈ្នះ ឬ​ចាញ់ គឺ​ស្រប​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដោយ​ចៅក្រម​កាត់សេចក្តី ​នឹង​កំណត់​លទ្ធផល​ឈ្នះ​-​ចាញ់ លើ​គោលការណ៍​ធំ​ៗ ដូច​ជា​ឈ្នះ​ ដោយ​ពិន្ទុ ឈ្នះ​ដោយ​គូប្រកួត​សន្លប់ ឈ្នះ​ដោយ​គូប្រកួត​សុំ​ចុះចាញ់ និង​ឈ្នះ​ដោយ​របួស ដែល​អាជ្ញាកណ្តាល​ជា​អ្នក​បញ្ឈប់​។ ជា​រួម លោក​អះអាង​ថា រាល់​ការ​កំណត់​ការ​ឈ្នះ​ចាញ់​ក្នុង​ការ​ប្រកួត​នីមួយ​ៗ សុទ្ធតែ​យោង​ទៅ​គោលការណ៍​ច្បាស់លាស់ ​។

មន្ត្រី​ជំនាញ​ នៃ​គណៈវិនិច្ឆ័យ​ បាន​បញ្ជាក់​ថា ការ​ប្រកួត​រវាង​កីឡាករ រិ​ទ្ធី សូ​សែន និង​កីឡាករ​ឡាវ Thongbang Seuaphom ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ដណ្តើម​ខ្សែក្រវាត់ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ (​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​)​។ ក្រោយ​ការ​ប្រកួត​បញ្ចប់​៥​ទឹក គណៈវិនិច្ឆ័យ​បាន​សម្រេច​ឱ្យ​កីឡាករ រិ​ទ្ធី សូ​សែន ឈ្នះ​ដោយ​ពិន្ទុ ៩៧ ទល់ ៩៦ (​កីឡាករ Thongbang បង្គោល​ខៀវ​) ដែល​ក្នុង​នោះ​ នៅ​ទឹក​ទី​១ ចៅក្រម​ទាំង​៥​រូប ​បាន​ផ្តល់​ពិន្ទុ រិ​ទ្ធី សូ​សែន ស្ថិត​ក្នុង​បង្គោល​ក្រហម ពិន្ទុ ២០-១៩, ទឹក​ទី​២ ក្រហម​ពិន្ទុ ២០ និង​ខៀវ ១៩​ពិន្ទុ​, ​ទឹក​ទី​៣ ក្រហម ១៧ (​រាប់​២​ដង​ដក​៣​ពិន្ទុ​) ខៀវ ២០​ពិន្ទុ​, ទឹក​ទី​៤ ក្រហម ២០ ខៀវ​១៩ និង​ទឹក​ទី​៥ ក្រហម​ទទួល​បាន​ពិន្ទុ ២០ និង​ខៀវ ពិន្ទុ​១៩​។ សរុប​ពិន្ទុ ក្រហម ៩៧ ទល់​នឹង ខៀវ ៩៦ ​។

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ​ចៅក្រម​ដាក់​ពិន្ទុ​តាម​ទឹក ពី​ទឹក​១​ ដល់​ទឹក​៥ អ្នក​ឈ្នះ​បាន​២០​ពិន្ទុ អ្នក​ចាញ់​បាន​១៩​ពិន្ទុ រាប់​ម្តង​ដក​២​ពិន្ទុ រាប់​២​ដង​ក្នុង​១​ទឹក ​ដក​៣​ពិន្ទុ អ្នក​ដែល​សរុប​ពិន្ទុ​ មក​ច្រើន​ជាងគេ ជា​អ្នក​ឈ្នះ​ ដូច្នេះ​ក្នុង​ករណី​គូប្រកួត​នេះ កីឡាករ​បង្គោល​ក្រហម រិ​ទ្ធី សូ​សែន បាន​យកឈ្នះ​កីឡាករ​ឡាវ Thongbang Seuaphom​។ ការ​ដាក់​ពិន្ទុ​ប្រដាល់​គុន​ខ្មែរ​ គឺ​យោង​ទៅ​តាម​បទបញ្ជា​ប្រកួត​ ដែល​ទើបនឹង​បោះពុម្ពផ្សាយ កាលពី​ចុងឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​លក្ខណៈ​តួរ​លេខ និង​គណនេយ្យ​ភាព​ត្រឹមត្រូវ មិនមែន​ដាក់​ពិន្ទុ ​ដោយ​ការ​សន្មត់​ទេ ដោយ​ការ​សន្មត់ គឺ​គ្មាន​ភាព​ច្បាស់លាស់​នោះ​ឡើយ​ ។

បញ្ជាក់​បន្ថែម​ជុំវិញ​លើ​បញ្ហា​នេះ លោក ទុ​យ ប៊ុ​ន​ហឿ​ន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​គូសបញ្ជាក់​ថា តាម​ការ​ពិត គឺ​សហព័ន្ធ ​តែង​ចង់បាន​ការ​ដាក់​ពិន្ទុ​ ក្នុង​ភាព​សុក្រឹត​បំផុត ហើយ​សហព័ន្ធ​ ក៏​មិន​ដែល​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ ដែល​កើត​មាន​ឡើង​នោះ​ឡើយ ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ​តែងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ដឹកនាំ​ការ​ប្រកួត​ឱ្យ​បាន​ល្អ​ប្រសើរ​។ ជុំវិញ​ការ​ផ្ទុះ​បញ្ហា​រិះគន់​លើ​ការ​ប្រកួត​នេះ​ដែរ សហព័ន្ធ​ក៏​មិន​បាន​ទុក​ចោល​រឿង​នេះ​ដោយ​មិន​បាន​យកចិត្តទុកដាក់​នោះ​ដែរ ដោយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់ ក្នុង​ការ​ត្រួតពិនិត្យ វាយតម្លៃ និង​ដោះស្រាយ​តាម​គោលការណ៍​សហព័ន្ធ​ជា​បន្តបន្ទាប់​ផង​ដែរ ​។ ​ហើយ​អ្វី​ ដែល​សហព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ ​យក​មក​អនុវត្ត ​គឺ​យោង​ទៅ​តាម​សៀវភៅ​បទបញ្ជា​បច្ចេកទេស គ្រប់គ្រង​ការ​ប្រកួត​ ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ