កន្ទេលធំបន្លំដេក…សុំច្បាប់ធ្វើរ៉ែខ្សាច់បក បែរជាសង្ស័យធ្វើរ៉ែមាស…ខេត្តទុកពេលឱ្យ៣ថ្ងៃ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ មន្ទីររ៉ែ និងថាមពលខេត្ត បានទុកពេលអោយលោក ឡុង សុភា ចំនួន៣ថ្ងៃ ដើម្បីចូលខ្លួនពិន័យតាមច្បាប់ក្រសួងរ៉ែ និងថាមពល…
ខេត្តស្ទឹងត្រែង ៖ មន្ទីររ៉ែ និងថាមពលខេត្ត បានទុកពេលអោយលោក ឡុង សុភា ចំនួន៣ថ្ងៃ ដើម្បីចូលខ្លួនពិន័យតាមច្បាប់ក្រសួងរ៉ែ និងថាមពល…
ខេត្តស្ទឹងត្រែង ៖ មន្ទីររ៉ែ និងថាមពលខេត្ត បានទុកពេលអោយលោក ឡុង សុភា ចំនួន៣ថ្ងៃ ដើម្បីចូលខ្លួនពិន័យតាមច្បាប់ក្រសួងរ៉ែ និងថាមពល ក្រោយស្នើសុំអាជ្ញាប័ណ្ណធ្វើរ៉ែខ្សាច់ បែរដាក់ឧបករណ៍ប្រព្រឹត្តសកម្មភាពផ្ទុយអាជ្ញាប័ណ្ណចេញដោយរដ្ឋបាលខេត្ត ។
ក្រោយការផ្សាយរបស់សារព័ត៌មានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី បានចាត់មន្ត្រីចុះទៅពិនិត្យសកម្មភាព និងគ្រឿងឧបរណ៍នៅក្នុងការដ្ឋានស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែខ្សាច់បក ស្ថិតនៅភូមិសាស្ត្រកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ក្រោយបែកធ្លាយអំពីសកម្មភាពក្រុមហ៊ុននោះបានដាក់ឧបករណ៍ប្រើប្រាស់ផ្ទុយពីអាជ្ញាបណ្ណស្នើសុំ ។តាមពិតទៅ សង្ស័យធ្វើរ៉ែមាស ប៉ុន្តែខេត្តមិនហ៊ាននិយាយចំទេ ។
លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់កោះសន្តិភាពអោយដឹងថា ចំពោះលទ្ធផលមន្ទីរពិនិត្យឃើញខុស២ចំណុច មន្ទីរបានផាកពិន័យចាប់ពី៥លានរៀលឡើងទៅ មើលតាមទំហំជាក់ស្តែងដែលអាជីវករធ្វើសកម្មភាព និងត្រូវផ្អាកបណ្តោះអាសន្នលើអាជីវកម្ម រង់ចាំអាជីវករកែសម្រួលសង្វាក់ផលិតកម្មអោយបានត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាប័ណ្ណ និងទុករយៈពេល៣ថ្ងៃ សម្រាប់អាជីវករមកចុះហត្ថលេខាលើកំណត់ហេតុ ។
លោកស្រីក៏បានបញ្ជាក់ទៀតថា ចំពោះគ្រឿងឧបករណ៍នៅក្នុងការដ្ឋាននោះ ជាម៉ាស៊ីនរ៉ែងខ្សាច់ និងក្រួស ។
លោកស្រីថា មន្ទីរមិនមានសមត្ថកិច្ចរឹបអូសវត្ថុតាងទេ លើកលែងតែព្រះរាជអាជ្ញាបញ្ជាច្បាប់រ៉ែ គឺពិន័យជាទឹកប្រាក់ ។
បើតាមការរៀបរាប់ពីអ្នកប្រកបរបរ និងមានបទពិសោធន៍ខាងអាជីកម្មធ្វើរ៉ែមាសបាននិយាយចំៗថា តាមរូបភាពនៃគ្រឿងឧបករណ៍ទាំងនោះ គឺជាឧបករណ៍កែច្នៃ ដើម្បីរែងចាប់យករ៉ែមាស ដែលគេនិយាយចំៗថា កន្ទេលធំបន្លំដេក គឺសង្ស័យសំងំធ្វើរ៉ែមាសមិនអាចប្រកែកបាន ។ ហើយឧបករណ៍ខ្នាតធំនេះ បើត្រូវផលិតឡើង គឺត្រូវចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារអាមេរិក ទើបអាចផលិតបាន ។ ចំណែកអាជីវករលក្ខណៈគ្រួសារកំប៉ិចកំប៉ុកគឺពុំមានលទ្ធភាពក្នុងការចំណាយលុយរាប់ម៉ឺនដុល្លារទៅធ្វើបាននោះឡើយ ។
ក្នុងអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាប័ណ្ណយកខ្សាច់បក) ចេញដោយរដ្ឋបាលខេត្តលេខ៩០២/ ២៤ លបជ ចុះហត្ថលេខាដោយលោក សរ សុពុត្រា អភិបាលនៃគណៈបាលខេត្តស្ទឹងត្រែងបានសម្រេចអនុញ្ញាតឱ្យលោក ឡុង សុភា ដែលមានអាសយដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើអាជីវកម្ម យកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានសុពលភាពចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ។
លោក ព្រំ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមប៉ាងបានបញ្ជាក់ថា ទាក់ទងករណីក្នុងការដ្ឋានធ្វើអាជីវកម្មខ្សាច់បក ដែលបានដាក់ឧបករណ៍ផ្ទុយពីលក្ខខណ្ឌក្នុងអាជ្ញាបណ្ណ លោកពុំបានដឹងនោះឡើយ សូមសួរទៅខេត្តវិញ ។
លោកសេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានបញ្ជាក់ដែរថា លោកនឹងចាត់កម្លាំងចុះទៅពិនិត្យជាក់ស្ដែង។ លោកបន្តថា ដោយសារប៉ុន្មានថ្ងៃមកនេះ មានការចាំបាច់ត្រូវរៀបចំទទួលទ័ពទើបពុំទាន់បានចាត់កម្លាំងចុះទៅពិនិត្យ តែទោះយ៉ាងណា លោកនៅតែចាត់កម្លាំងចុះពិនិត្យជាក់ស្ដែងដែរ ។
លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងអោយដឹងថាឯកឧត្ដមអភិបាលខេត្តនឹងធ្វើការបញ្ជាទៅមន្ទីរ និងគ្រប់ផ្នែកពាក់ព័ន្ធអនុវត្តវិធានការច្បាប់បើរកឃើញថា មានការអនុវត្តផ្ទុយនឹងគោលការណ៍ជាធរមាន ។
ទាក់ទិនករណីខាងលើ មានការលើកឡើងដែរថា ម្ចាស់អាជីវកម្មនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បន្ទាប់ពីបានផ្ដល់ទំនុកចិត្ត និងចុះហត្ថលេខាអនុញ្ញាតឲ្យប្រកបអាជីវកម្មធនធានរ៉ែខ្សាច់បក បែរជាឆក់ឱកាសកន្ទេលធំបន្លំដេកយកអាជ្ញាប័ណ្ណស្របច្បាប់ទៅប្រព្រឹត្តសកម្មភាពផ្ទុយពីលក្ខខណ្ឌច្បាប់អនុញ្ញាតទៅវិញ ម្យ៉ាងទៀតរូបភាពបែបនេះ អាចជាគំរូអាក្រក់ដល់ជនដទៃផងដែរ
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ