ស្របពេលគ្រប់គ្នាកំពុងផ្តោតលើប្រធានបទទុរេនធ្លាក់ថ្លៃ សារព័ត៌មានវៀតណាម និងសារព័ត៌មានថៃបានចុះផ្សាយព្រមគ្នា ស្តីពីការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃឳឡឹកនៅតាមប្រទេសរបស់ពួកគេរៀងៗខ្លួន ។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយក្រោមចំណងជើងថា «អ្នកដាំឪឡឹកនៅខេត្តក្វាងណាម (Quang Nam) បរាជ័យហើយ ព្រោះតម្លៃធ្លាក់ចុះខ្លាំង» ដោយបញ្ជាក់ថា ចម្ការឪឡឹកជាច្រើននៅស្រុកPhu Ninh ដល់ពេលប្រមូលផលហើយ មិនត្រឹមតែទទួលបានទិន្នផលទាប និងលក់ចេញក្នុងតម្លៃមួយដ៏ថោកត្រឹមតែ៤ពាន់ដុង ឬស្មើនឹង៦០០រៀលខ្មែរ ក្នុងមួយគីឡូក្រាមនោះ សំខាន់គឺគ្មានអ្នកទិញថែមទៀត ។

មិនខុសពីវៀតណាមឡើយ ប្រភពពីសារព័ត៌មានថៃ khaosod ដែលបានរាយការណ៍កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក៏បានឱ្យដឹងដូចគ្នាដែរថា កសិករថៃនៅខេត្តរាតបូរី(Ratchaburi)កំពុងតែយំឈឺចិត្តដ្បិតម្លៃឪឡឹកធ្លាក់ទាបដល់បាតដោយលក់ចេញទាំងខាតឡុងចុងក្នុងតម្លៃត្រឹមតែ៥បាត ឬស្មើនឹង៦០០រៀលខ្មែរប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយអ្នកដាំឳឡឹកបានប្រើភាសាថា «ឪឡឹកងាប់» ព្រោះតែតម្លៃនេះមិនរួចទាំងថ្លៃពលកម្មនិងចំណាយផ្សេងៗ ខណៈដែលច្រើនខែមកនេះពួកគាត់ខិត្តថែទាំ ស្រោចទឹក ដាក់ជី ដោយសង្ឃឹមថា នឹងទទួលបានផលគុណភាពដែលអាចលក់បានតម្លៃខ្ពស់ដូចរាល់ឆ្នាំកន្លងមក ដែលយ៉ាងហោចណាស់មួយគីឡូក៏បានពី៧-៨បាតដែរ។

វៀតណាម៖ ពាក់ព័ន្ធនឹងបញ្ហាតម្លៃឳឡឹក សារព័ត៌មានវៀតណាម VN Express បានជួបសម្ភាសន៍ជាមួយម្ចាស់ចំការឳឡឹកជាច្រើនរូបនៅស្រុកហ្វូនិញ(Phu Ninh) ដែលជាស្រុកដែលមានឯកទេសខាងដាំឪឡឹកធំជាងគេប្រចាំខេត្តក្វាងណាម Quang Nam ដោយក្នុងរដូវរងារឆ្នាំនេះ ផ្ទៃដីដាំឪឡឹកសរុបទូទាំងស្រុកមួយនេះមានប្រហែល៤០០ហិកតា ។

លោកពូ Tran Van Nam នៅឃុំតាមហ្វុក(Tam Phuoc) ដែលកំពុងតែបង្វែរត្រឡប់ផ្លែឳឡឹកជាមួយប្រពន្ធរបស់គាត់បានរៀបរាប់ឱ្យដឹងថា “ចាប់តាំងពីដើមខែមក ឪឡឹកក្នុងចម្ការរបស់គាត់អាចប្រមូលផលបានហើយ ដោយឪឡឹកមួយផ្លែមានទម្ងន់ចាប់ពី៤-៨គីឡូក្រាម ប៉ុន្តែមិនមានឈ្មួញចុះមកប្រមូលទិញទេ ដូចនេះហើយបើពួកគាត់មិនបង្វែរត្រលប់ផ្លែវាចុះឡើងទេ វាអាចនឹងខូចប្រេះ ព្រោះតែកម្តៅព្រះអាទិត្យ ឬ សត្វល្អិតជាមិនខាន» ។

លោកពូណាំ បន្តថា ដាំឪឡឹកឆ្នាំនេះ គាត់ចំណាយប្រាក់ជាង៣០លានដុងលើគ្រាប់ពូជ ជី និងថ្នាំសម្លាប់សត្វល្អិត ដោយមិនគិតពីកម្លាំងពលកម្មទេ ។ កាលពីដើមរដូវជួបនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំងពេលដាំ បណ្តាលឱ្យកូនឪឡឹកងាប់សឹងតែអស់ ហើយត្រូវដាំវិញម្តងទៀត ។ នៅពេលកំពុងចេញផ្កា ស្រាប់តែអាកាសធាតុក្តៅខ្លាំង គួបផ្សំនឹងទឹកភ្លៀង ដែលបណ្តាលឱ្យកាន់ផ្លែតិច។ បន្ទាប់ពីដាំបាន៦៥ថ្ងៃ គាត់ប្រមូលផលបានពាក់កណ្តាល ដោយបេះមួយថ្ងៃបានឳឡឹក១,៥តោន លក់បាន២.៨០០-៤.០០០ដុង ក្នុង១គីឡូក្រាម ។ បើធៀបនឹងឆ្នាំមុន ទិន្នផលធ្លាក់ចុះ៥០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយតម្លៃធ្លាក់ចុះពាក់កណ្តាល។

លោកពូបន្តថា «នៅមានផ្លែទុំចំនួន ៣ចំការទៀត ប៉ុន្តែមិនទាន់មានអ្នកទិញនៅឡើយទេ ខណៈដែលឈ្មួញភាគច្រើនបានមកដល់ចំការហើយតែមិនទាន់មានអ្នកណាកក់លុយសោះ។
ដោយឡែក កសិករម្នាក់ទៀតឈ្មោះ លោកពូ ហ្វាន់ឌឺ តាំ (Phan The Tam) នៅឃុំតាំថាញ់ (Tam Thanh) បានអះអាងថា គាត់ទើបតែប្រមូលផល និងលក់ទៅអោយឈ្មូញក្នុងតម្លៃ ៤.០០០ដុងក្នុងមួយគីឡូក្រាមសម្រាប់ផ្លែទម្ងន់ជាង៤គីឡូកាលពីម្សិលមិញ ប៉ុន្តែព្រឹកនេះគាត់កាត់បន្ថែមបានជាង៨តោនយកមកផ្ទះដើម្បីរង់ចាំឡានមកយក ប៉ុន្តែឈ្មួញប្រាប់ថា មិនទទួលទិញទៀតទេ។ លឺដូចនេះ លោកពូតាំ បានទាក់ទងទៅស្តង់ផ្សេងៗជាច្រើនកន្លែងទោះជាថោកជាងនេះទៀតក៏គាត់លក់ដែរ ដើម្បីបានដើមមកវិញខ្លះសម្រាប់រដូវក្រោយៗ ហើយបើនៅតែគ្មានឈ្មួញទិញទេ គាត់នឹងដាក់លក់រាយនៅក្នុងភូមិតែម្តង ។

ពូ ហ្វាន់ឌឺ រំលឹកថា “បើកាលពីឆ្នាំមុនវិញ មានឡានរបស់ឈ្មួញដឹកឳឡឹករាប់សិបតម្រង់ជួរគ្នាដើម្បីទិញ និងនាំចេញឳឡឹកទៅលក់នៅប្រទេសចិន ប៉ុន្តែក្នុងឆ្នាំនេះ ប្រទេសចិនក៏បានដាំឪឡឹកដែរ។លោក ចាន់អ៊ូត អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តក្វាងណាម បានពន្យល់ថា “កាលពីឆ្នាំមុន ឪឡឹកត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិន ដូច្នេះតម្លៃគឺខ្ពស់ ប៉ុន្តែនៅឆ្នាំនេះ ឪឡឹកនាំចេញទៅប្រទេសចិនមានកម្រិតទាប ហើយភាគច្រើនលក់ក្នុងស្រុក ដូច្នេះតម្លៃទាប ដោយសារទីផ្សារប្រើប្រាស់»។

ប្រទេសថៃ៖ ងាកទៅប្រទេសថៃ ឯណោះវិញ អ្នកយកសារព័ត៌មានរបស់ khaosod បានចុះទៅដល់ចំការឳឡឹកនៅស្រុក ខេត្តរាតបូរី(Ratchaburi) ដែលឆ្នាំ២០២៥នេះ ប្រជាកសិករថៃនៅទីនោះស្រាប់តែនាំគ្នាងាកមកដាំឪឡឹកឡើងវិញ ដោយមានផ្ទៃដីដាំដុះជាង២០០រ៉ៃ ប៉ុន្តែចំការដែលប្រមូលផលបានមានប្រហែលតែ៦០រ៉ៃប៉ុណ្ណោះ ហើយអ្វីដែលជាបញ្ហានោះ ក្រៅពីមិនសូវពេញនិយមញ៉ាំ ក៏មានផ្លែឈើច្រើនប្រភេទដល់រដូវប្រមូលផលបុកគ្នា ដូច្នេះហើយទើបធ្វើឱ្យឳឡឹកឆ្នាំនេះលក់មិនចេញ បើលក់ចេញក៏មិនរួចថ្លៃទិញជីផង។

លោកពូ អាំណាត ប្លាបវ៉ាងក្លាម ជាម្ចាស់ចម្ការឪឡឹក នៅឃុំចោមបឹង បានឱ្យដឹងថា ឆ្នាំនេះគាត់បណ្តាក់ទុនប្រមាណ ១ម៉ឺនបាត ក្នុង១រ៉ៃលើថ្លៃថ្នាំ ជី និងគ្រាប់ពូជ ដោយគិតថានឹងបានតម្លៃល្អដូចឆ្នាំមុន។ ប៉ុន្តែនៅទីបំផុត បែជាមកជួបបញ្ហាតម្លៃឪឡឹកងាប់ ដែលនាំមកការខាតបង់ធ្ងន់ធ្ងរ។ ដូច្នោះហើយ មានតែបញ្ចុះតម្លៃត្រឹម៥បាតក្នុងមួយគីឡូក្រាម ប្រសើរជាងទុកឲ្យវាខូចចោលដែរ។

លោកពូ អាំណាត ពន្យល់ថា មូលហេតុដែលតម្លៃឳឡឹកធ្លាក់ដល់បាតបែបនេះ ដោយសារតែប្រជាពលរដ្ឋមិនសូវចូលចិត្តទទួលទានវាទេ ម្យ៉ាងវាចំពេលដែលផ្លែឈើផ្សេងទៀតក៏សំបូរ ជាពិសេសគឺទុរេន ស្របពេលស្ថានភាពសេដ្ឋកិច្ចក៏តោកយ៉ាក។ កសិករថៃរូបនេះ រៀបរាប់ទាំងស្រងូតស្រងាត់ថា តម្លៃនេះគឺទាបណាស់ មិនរួចដើមទេ ឆ្នាំនេះខាតច្រើន ទាំងដែលជំពាក់បំណុលគេនៅឡើយ»៕




ចែករំលែកព័តមាននេះ