ខេត្តស្វាយរៀង ៖ យ៉ាងហោច ជនសង្ស័យម្នាក់រងរបួសធ្ងន់ និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយការបាញ់តដៃជាមួយសមត្ថកិច្ច ខណៈចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទរំលោភលើទំនុកចិត្ត នៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ករណីផ្ទុះអាវុធបាញ់តដៃគ្នានេះ បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៦ មេសា ២០២៥ នៅភូមិកណ្តាល ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៦ មេសា ២០២៥ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ។

កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជេត សាមន មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្រួស ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន វិសាល មេប៉ុស្តិ៍ការពារព្រំដែនក្រួស បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ។

ប្រភពបានបន្តទៀតថា នៅពេលកម្លាំងសមត្ថកិច្ចសហការគ្នាចុះទៅអនុវត្តតាមដីកា និងមុខសញ្ញាមានដីកាចាប់ខ្លួននោះឈ្មោះ អ៊ុច អ៊ាន មានបក្ខពួកចំនួន៣នាក់ ៖
១-ឈ្មោះ មាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកណ្ដាល ឃុំក្រួស (ម្ចាស់ផ្ទះ) ។
២-ឈ្មោះ នី កក្កដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំក្រួស ។
៣-ឈ្មោះ អ៊ុច អ៊ាន ។

ដោយសារឈ្មោះ អ៊ុច អ៊ាន ដឹងខ្លួនថានឹងមានការចាប់ខ្លួនរូបគេនោះ ក៏មិនបានសហការជាមួយសមត្ថកិច្ច ដោយសារមានកាំភ្លើងខ្លីពណ៌ខ្មៅ១ដើម ក៏បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយបានព្យាយាមរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះ មឿង សាវុន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បន្ទាប់មក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និងលោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និង មានការអនុញ្ញាតពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឱ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញាឱ្យបាន រហូតដល់ម៉ោង១និង៤៥នាទីរសៀល ទើបសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង៣នាក់ខាងលើបាន ។

នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញា ឈ្មោះ អ៊ុច អ៊ាន ដែលមានកាំភ្លើងខ្លី បានបាញ់មកលើសមត្ថកិច្ចយ៉ាងព្រហើន ។ ដោយសារបាញ់តដៃបែបនេះ ទើបសមត្ថកិច្ចប្រើវិធានការការពារខ្លួន ដោយបាញ់តទៅវិញ បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន រងរបួសដៃខាងឆ្វេងដេកដួលលើដី លែងហ៊ានថ្លើមធំតដៃ ។ ត្រូវរបួសបែបនេះ សមត្ថកិច្ចចាប់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីព្យាបាល ។
ចំណែកជនសង្ស័យឈ្មោះ មាក សាំសូរិយា និងឈ្មោះនី កក្កដា សមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថា ឈ្មោះ អ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេជាច្រើនលើក ពេលលួចបាន ជួនកាលបានយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថា ឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់ តែពួកខ្លួនក៏ជួយលាក់មិនប្ដឹងសមត្ថកិច្ចណាទេ ។

សមត្ថកិច្ចបានធ្វើតេស្ដទឹកនោមលើជនសង្ស័យទាំង២នាក់ លទ្ធផលវិជ្ជមានគ្រឿងញៀន ។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងកាំភ្លើងខ្លីកែច្នៃពណ៌ខ្មៅ១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១ឈុត ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ