ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមេម៉ាយកូន០៣ម្នាក់ ត្រូវឃាតកវាយសម្លាប់នៅក្បែរបឹងស្រែក្រោយភូមិ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ខណៈដែលស្ត្រីរងគ្រោះទៅឃ្វាលគោដូចសព្វមួយដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងជំនាញចុះពិនិត្យធ្វើកោសល្យវិច្ច័យ ។
ហេតុការណ៍ប្រទះឃើញស្ត្រីមេម៉ាយកូន០៣នេះ ត្រូវបានឃាតករវាយសម្លាប់ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងស្រែកក់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ម៉េត សេត អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិពោធិមាស(ស្រែច្រាប) ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤នឹង៣០នាទី ចំណុចបឹងស្រែកក់(ក្នុងស្ទឹង)ស្ថិតភូមិពោធិ៍មាស ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ្ណ បានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្ត្រីរងគ្រោះឈ្មោះ ម៉េត សេត រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យបាត់បង់ជីវិត ។
នគរបាលស្រុកឱរ៉ាល់បានបន្តថា ក្រោយពីទទួលបានព័ត៌កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល សហការជាមួយកម្លាំងព្រហ្មកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ និងកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ បានចុះទៅដល់កន្លែកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវជុំវិញរឿងកើតខាងលើ ដើម្បីកំណត់សញ្ញា។ សពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ បាននិយាយឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ជាស្ត្រីមេម៉ាយកូន០៣ លែងលះប្តីច្រើនឆ្នាំកន្លងទៅហើយ។
ស្ត្រីរងគ្រោះខាងលើ តែងតែទៅឃ្វាលសត្វគោជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមកូនៗ ។ ហើយកាលពីប៉ុន្មានថ្ងៃមុន អតីតប្តី(ដែលលែងលះគ្នា) រស់នៅក្នុងភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកសុំស្ត្រីរងគ្រោះជាប្រពន្ធត្រូវរ៉ូវគ្នាវិញ ប៉ុន្តែស្ត្រីរងគ្រោះមិនព្រមឡើយ ៕
ចែករំលែកព័តមាននេះ