ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​សង្ឃ​ប៉ាប​ហ្វ្រង់​ស៊ីស​សុគត​កា​លពី​ព្រឹក​មិញ​ក្នុង​ជន្មាយុ​៨៨​វស្សា

7 ម៉ោង មុន

បុរី​វ៉ាទីកង់៖ សម្ដេច​សង្ឃ​កាតូលិក ប៉ាប​ហ្វ្រង់ស៊ីស បាន​សុគត​ហើយ​កាល​ពី​ព្រឹក​មិញ​ដោយ​រោគា​ពាធ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ក្នុង​វីឌីអូ​ឃ្លីប​ចេញ​ពី​បុរី​វ៉ាទីកង់​ផ្ទាល់​តែ​ម្ដងដែល​ថា​សម្ដេច​បាន​សុគត​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ជន្មាយុ​៨៨​ព្រះ​វស្សា​។ ព្រះ​អង្គ​បាន​ហែល​ឆ្លង​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ​ជា​យូរ​មក​ហើយ​។ គ្រាន់​តែ​ថា​ប៉ុន្មាន​ខែ​មុន​ពេល​សុគត​​ ព្រះ​អង្គ​មាន​អាពាធ​ជា​ទម្ងន់​ដល់​ដំណាក់​កាល​ដែល​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​លែង​បាន​ត​ទៅ​ទៀត​។​ មន្ត្រី​គណៈ​សង្ឃ​ជាន់​ខ្ពស់​នៃ​បុរី​វ៉ាទីកង់​ប្រកាស​ថា​សម្ដេច​សុគត​នៅ​វេលា​ម៉ោង​៧:៣៥​ព្រឹក​មិញ​។ ព្រះ​អង្គ​មាន​ព្រះ​នាម​ពី​កំណើត​ថា​ចច…

បុរី​វ៉ាទីកង់៖ សម្ដេច​សង្ឃ​កាតូលិក ប៉ាប​ហ្វ្រង់ស៊ីស បាន​សុគត​ហើយ​កាល​ពី​ព្រឹក​មិញ​ដោយ​រោគា​ពាធ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ក្នុង​វីឌីអូ​ឃ្លីប​ចេញ​ពី​បុរី​វ៉ាទីកង់​ផ្ទាល់​តែ​ម្ដងដែល​ថា​សម្ដេច​បាន​សុគត​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ជន្មាយុ​៨៨​ព្រះ​វស្សា​។ ព្រះ​អង្គ​បាន​ហែល​ឆ្លង​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ​ជា​យូរ​មក​ហើយ​។ គ្រាន់​តែ​ថា​ប៉ុន្មាន​ខែ​មុន​ពេល​សុគត​​ ព្រះ​អង្គ​មាន​អាពាធ​ជា​ទម្ងន់​ដល់​ដំណាក់​កាល​ដែល​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​លែង​បាន​ត​ទៅ​ទៀត​។​

មន្ត្រី​គណៈ​សង្ឃ​ជាន់​ខ្ពស់​នៃ​បុរី​វ៉ាទីកង់​ប្រកាស​ថា​សម្ដេច​សុគត​នៅ​វេលា​ម៉ោង​៧:៣៥​ព្រឹក​មិញ​។ ព្រះ​អង្គ​មាន​ព្រះ​នាម​ពី​កំណើត​ថា​ចច ម៉ារីអូ បឺហ្គោ​គ្លីយ៉ូ (Jorge Mario Bergoglio) ចាប់​កំណើត​កាល​ពី​ឆ្នាំ​១៩៣៦​ ជា​ជន​អន្តោ​ប្រវេសន៍​អ៊ីតាលី​ដែល​ទៅ​រស់​នៅ​ប្រទេស​អាហ្សង់​ទីន​។ ព្រះ​អង្គ​ទទួល​ការ​តែង​តាំង​ជា​សម្ដេច​សង្ឃ​កាតូលិក​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣​។​​

ទោះ​បីកិច្ច​ការ​ផ្ទៃ​ក្នុង​មាន​បញ្ហា​រកាំ​រកូស​ខ្លះ​ៗ​ក្ដី ប៉ុន្តែ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ សម្ដេច​សង្ឃ​ប៉ាប​ហ្វ្រង់​ស៊ីស​ជា​តារា​ដ៏​លេច​ធ្លោ​មួយ​អង្គ​ដែល​ត្រូវ​បាន​ទទួល​​​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នៅ​ពេល​​និមន្ត​ទៅ​ប្រទេស​ដទៃ​។ ព្រះ​អង្គ​តែង​តែ​សាប​ព្រោះ​ការ​សន្ទនា​គ្នា និង​ការ​កសាង​សន្តិ​ភាព​រវាង​គូ​ជម្លោះ​នយោបាយ​ និង​ប្រដាប់​អាវុធ​​។ ព្រះ​អង្គ​ក៏​ជា​អ្នក​​មាន​សមាន​ចិត្ត​ចំពោះ​ក្រុម​មនុស្ស​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា​ជន​អន្តោ​ប្រវេសន៍​ជា​ដើម​។​

ថ្វី​ដ្បិត​មាន​ជំងឺ​ប្រចាំ​កាយ​យ៉ាង​ណា​ក្ដី សម្ដេច​សង្ឃ​តែង​តែ​បំពេញ​តួនាទី​យ៉ាង​សកម្ម​ជា​និច្ច​។ ព្រះ​អង្គ​តែង​តែ​ចូល​រួម​ពិធី​សូត្រ​ធម៌​ប្រចាំ​សប្ដាហ៍ និង​ឧស្សាហ៍​និមន្ត​ទៅ​ក្រៅ​ប្រទេស​ជា​រឿយ​ៗ​។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤ ព្រះ​អង្គ​និមន្ត​ទៅ​ប្រទេស​ចំនួន​៤​នៅ​តំបន់​​មហា​សាគរ​ប៉ាស៊ីហ្វិច​ដែល​រួម​មាន​ឥណ្ឌូណេស៊ី, ប៉ាពួ​ញូហ្គីណេ, ទី​ម័រ​ខាង​កើត និង​សិង្ហ​បុរី​។​

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ​សុខ​ភាព​របស់​ព្រះ​អង្គ​ចាប់​ផ្ដើម​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​។ កាល​ពី​ដើម​ឆ្នាំ​២០២៥​ ព្រះ​អង្គ​ត្រូវ​គង់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ព្រះ​រោគ​រយៈ​ពេល​៥​អាទិត្យ​នៅ​ពេល​ដែល​ជំងឺ​រលាក​សួត​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​សឹង​តែ​ផ្ដាច់​សង្ខារ​របស់​ព្រះ​អង្គ​ម្ដង​ៗ​។ ក្រុម​គ្រូ​ពេទ្យ​ប្រាប់​ថា​ការ​ធ្វើ​ទុក្ខ​លើក​ចុង​ក្រោយ​នេះ​បាន​​​បំផ្លាញសួតទាំង​សង​ខាង​​របស់​ព្រះ​អង្គ​រួម​ទាំង​សរ​សៃ​សាច់​ដុំ​នៃ​ប្រព័ន្ធ​ដក​ដង្ហើម​ផង​ដែរ​។ បន្ទាប់​ពី​និមន្ត​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ព្រះ​អង្គ​ត្រូវ​គង់​នៅ​ក្នុ​ង​​បុរី​វ៉ាទីកង់​យ៉ាង​ហោច​ណាស់​​​២​ខែ​។​

នៅ​ដើម​ខែ​មេសា​ បុរី​វ៉ាទីកង់​បាន​ប្រកាស​លទ្ធ​ផល​ឆ្លុះ​កាំ​រស្មី​អ៊ិច​ទៅ​លើ​សួត​ដែល​បង្ហាញ​ថា​អាការៈ​ជំងឺ​រលាក​សួត​ហាក់​ដូច​ជា​​បាន​គ្រាន់​បើ​ជាង​មុន​, ប្រព័ន្ធ​ខួរ​ក្បាល,​ ប្រព័ន្ធ​សំឡេង និង​ប្រព័ន្ធ​ដង្ហើម​ក៏​បាន​ប្រសើរ​ជាង​មុន​ផង​ដែរ​​។ ទោះ​បី​ព្រះ​អង្គ​ត្រូវ​ដាក់​បំពង់​អុក​ស៊ីហ្សែន​ជាប់​ជា​និច្ច​ ប៉ុន្តែ​​ព្រះ​អង្គ​អាច​ដក​បំពង់​អុក​ស៊ីហ្សែន​​ចេញ​​ដើម្បី​​មាន​សង្ឃ​ដីកា​បាន​​ម្ដង​ម្កាល​​​ដែរ​។ ដូច្នេះ​ការ​សុគត​របស់​ព្រះ​អង្គ​ហាក់​ដូច​ជា​ហួស​ពី​ការ​ស្មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ