ទីក្រុងបាងកក៖ ថ្មីៗនេះ សមត្ថកិច្ចថៃចាប់ខ្លួនថៅកែជនជាតិចិន និងអ្នកជាប់ពាក់ព័ន្ធដទៃទៀតសរុប៤នាក់ដែលទទួលខុសត្រូវនៅក្នុងសំណុំរឿងបាក់រលំអគារកំពុងសាងសង់នៅពេលមានហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅនេះ។ ឆ្លងកាត់ការធ្វើអធិការកិច្ចពីនាយកដ្ឋានស៊ើបអង្កេត អាជ្ញាធរចាត់ទុកថាសំណុំរឿងបាក់អគារសវនកម្មថ្មីរបស់ថៃដែលមានកម្ពស់៣០ជាន់កំពុងសាងសង់នោះមានលក្ខណៈពិសេសដែលត្រូវការស៊ើបអង្កេតដ៏ទូលំទូលាយ។
អាជ្ញាធរបានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតថាតើនរណាខ្លះមានចំណែកទទួលខុសត្រូវនៅក្នុងរឿងនេះ និងប្រមូលភស្តុតាងមួយចំនួននៅលើទីតាំងជាច្រើនកន្លែង។ បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ហើយ នាយកដ្ឋានស៊ើបអង្កេតខាងលើក៏ស្នើសុំទៅតុលាការដើម្បីចេញដីកាចាប់ខ្លួនមនុស្សទាំង៤នាក់នោះ។ កាលពីថ្ងៃទី១៩ ខែមេសា សមត្ថកិច្ចខាងស៊ើបអង្កេតបានតាមដានលោកសាង (Zhang) ទៅដល់សណ្ឋាគារមួយកន្លែងនៅបាងកក និងចាប់ខ្លួនគាត់។
មុនដំបូង គាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្នើសុំរកអ្នកបកប្រែម្នាក់ដែលបំពេញតួនាទីជាអ្នកប្រឹក្សាផ្នែកផ្លូវច្បាប់ផងដែរ។ ក្រោយមក លោកសាងត្រូវបាននាំខ្លួនចូលទីស្នាក់ការធំរបស់នាយកដ្ឋានស៊ើបអង្កេតដើម្បីសួរចម្លើយ។ មនុស្សបីនាក់ទៀតជាជនជាតិថៃដែលស្ថិតនៅក្នុងដីកាត្រូវចាប់ខ្លួនផងដែរ។ នៅថ្ងៃដដែលនោះម៉ោងប្រហែល៧ក្បាលព្រលប់ រដ្ឋមន្ត្រីយុត្តិធម៌ថៃ និងអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតបើកសន្និសីទសារព័ត៌មាននិយាយពីការចាប់ខ្លួនលោកសាង។
អាជ្ញាធរអះអាងថារហូតមកដល់ពេលនេះ ករណីបាក់រលំអគារសវនកម្មថ្មីដែលកំពុងសាងសង់នោះបានសម្លាប់មនុស្ស៤៧នាក់។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាជនជាតិថៃទាំងបីនាក់នោះជាអ្នកឈរឈ្មោះឱ្យគេជំនួសឱ្យអ្នកដេញថ្លៃជាជនជាតិបរទេស។ ដូច្នេះ ទង្វើនេះខុសនឹងច្បាប់របស់ប្រទេសថៃ។ តាមរយៈការស៊ើបអង្កេតទៅលើចរន្តសាច់ប្រាក់ អាជ្ញាធររកឃើញថាមានការវេរប្រាក់លើសពី២ពាន់លានបាតជាប្រាក់កម្ចីពីថៅកែជនជាតិចិន។
សាច់ប្រាក់ទាំងនេះជួយសម្រួលឱ្យក្រុមហ៊ុនចិនអាចទទួលបានសិទ្ធិម៉ៅការសាងសង់។ ដូច្នេះ ធ្វើឱ្យមានមតិសង្ស័យថាអាចនឹងមានអំពើឃុបឃិតគ្នាខុសច្បាប់នៅក្នុងការដេញថ្លៃម៉ៅការសាងសង់។ ឥឡូវនេះ អាជ្ញាធរកំពុងផ្ដោតសំខាន់ទៅលើចំណុចសំខាន់ៗដើម្បីចង់ដឹងថាតើមានការឃុបឃិតគ្នាខុសច្បាប់នៅក្នុងការដេញថ្លៃម៉ៅការសាងសង់ដែរឬទេ និងចង់ដឹងថាតើគ្រឿងសម្ភារៈសម្រាប់សាងសង់ដូចជាដែក និងស៊ីម៉ង់ត្រឹមត្រូវតាមស្តង់ដារដែរឬទេដើម្បីធានាគុណភាពសំណង់។
ហេតុនេះ សមត្ថកិច្ចខាងស៊ើបអង្កេតកំពុងពិនិត្យមើលឡើងវិញទៅលើប្លង់សាងសង់អគារ, ការគ្រប់គ្រងគម្រោងសាងសង់ និងការពិនិត្យផ្ទៀងផ្ទាត់គម្រោងសាងសង់។ អាចនឹងមានការក្លែងបន្លំហត្ថលេខារបស់វិស្វករ និងអ្នកគ្រប់គ្រងគម្រោងសាងសង់។ សមត្ថកិច្ចមួយក្រុមទៀតកំពុងស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការធ្វេសប្រហែសបណ្ដាលឱ្យស្លាប់មនុស្ស និងបាត់ខ្លួនជាច្រើននាក់ទៀត។ រដ្ឋមន្ត្រីយុត្តិធម៌ថៃបញ្ជាក់ថានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកំពុងចាត់ការសំណុំរឿងនេះដោយយកចិត្តទុកដាក់ដើម្បីធានាថាការស៊ើបអង្កេត និងការចាត់ការទៅតាមផ្លូវច្បាប់ធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌៕
ចែករំលែកព័តមាននេះ