ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ច័យ១ម៉ឺនដុល្លាររបស់គ្រួសារនាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបាននាំទៅប្រគល់ជូនគ្រួសារស.ពដល់ប្រទេសថៃហើយ

22 ម៉ោង មុន

ប្រទេស​ថៃ ៖ ប្រភព​ពី​ក្រសួង​ការងារ​បាន​ប្រកាសប្រាប់​អ្នក​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមេសា ឆ្នាំ​២០២៥​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥…

ប្រទេស​ថៃ ៖ ប្រភព​ពី​ក្រសួង​ការងារ​បាន​ប្រកាសប្រាប់​អ្នក​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមេសា ឆ្នាំ​២០២៥​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ លោក​សេង សក្តា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​, តំណាង​ក្រុមការងារ ESEA, និង​តំណាង​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និង​ថវិកា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចំនួន​១​ម៉ឺន​ដុល្លារ​ជូន​ក្រុម​គ្រួសារ​នៃ​ស​.​ព​ពលករ​ខ្មែរ​លោក ផល្លា រតនា ដែល​កំពុង​ធ្វើបុណ្យ​ស​.​ពនៅ​ក្នុង​ប្រទេស​ថៃ ។

លោក ផល្លា រតនា អាយុ​២៤​ឆ្នាំ ជា​ពលករ​ខ្មែរ​ដែល​ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ បាន​ទទួលមរណភាព ដោយសារ​ការ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ។ នៅ​ក្នុង​ពិធី​បូ​ជាស​.​ព ដែល​បាន​រៀបចំ​ធ្វើ​នៅ​វត្ត​បា​ភ្លី​យ៉ៃ​ក្លា​ង ឃុំ​បាង​ភ្លី​យ៉ៃ ស្រុក​បា​ភ្លី ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ លោក សេង សក្តា បាន​សម្តែង​នូវ​សមាន​ទុក្ខ​ក្តុកក្តួល​រន្ធត់​ចិត្ត និង​សេចក្តី​សោក​ស្តាយស្រណោះ​អាឡោះអាល័យ​ជាទី​បំផុត និង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​លោក សៅ ផល្លា និង​លោកស្រី ឆាយ សោ​ភ័​ណ្ឌ ជា​ឪពុក​ម្តាយ​នៃ​ស​.​ព ព្រមទាំង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​កូន​ជាទី​ស្រឡាញ់ ដែល​បាន​លាចាក​លោក និង​លាចាក​ពី​ក្រុម​គ្រួសារ ។

ជាមួយ​គ្នា​នេះ​លោក សេង សក្តា ដែល​ជា​តំណាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក ផល្លា រតនា សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ វិទ្យាស្ថាន​វេជ្ជសាស្ត្រ​កោសល្យ​វិ​ច្ច័​យ​នៃ​មន្ទីរពេទ្យ​នគរបាល​ជាតិ​ប្រទេស​ថៃ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ កោសល្យ​វិ​ច្ច័​យ DNA ដោយ​បញ្ជាក់​ថា ក្នុង​ចំណោម​សាកស​.​ព​ទាំង​៤២ ដែល​បាន​រក​ឃើញ ក្រោម​គំនរ​បាក់បែក​នៃ​អគារ​សវន​កម្ម​ជាតិ គឺ​ជាស​.​ព​របស់​លោក ផល្លា រតនា ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ។

គួរ​កត់​សម្គាល់ថា ប្រតិបត្តិការ​ស្វែងរក​អ្នក​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ការិយាល័យ​សវន​កម្ម​ជាតិ​ថៃ​ដែល​កំពុង​សាងសង់​នៅ​សង្កាត់ Chatuchak ក្រុង​បាងកក រាប់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមីនា មក​ទល់​នឹង​ថ្ង​ទី​១៩ ខែមេសា បាន​បន្ត​អស់​រយៈពេល​២១​ថ្ងៃ​ហើយ ដោយ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ មេ​សា រក​ឃើញ​អ្នក​ស្លា​.​ប់​៤២​នាក់ របួស​៩​នាក់ និង ៥០​នាក់​បន្ត​បាត់​ខ្លួន ។

ក្រៅពី​សោកនាដកម្មរ​លំបាក់​អគារ នៅ​ទីក្រុង​បាក​កង បើ​តាម​លោក Phasakorn Boonyalak អគ្គនាយក​នៃ​នាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ បាន​រាយការណ៍ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា​ថា គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ បាន​បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ថៃ ដោយ​ក្នុង​នោះ​នាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​បាន​ទទួល​របាយការណ៍​អំពី​ការ​ខូចខាត​ក្នុង​ខេត្ត​ចំនួន​១៨ ស្រុក​១៣៩ ឃុំ​៤៣៥ ស្មើនឹង​៨៣៦​ភូមិ ខណៈ​ដែល​ទីក្រុង​បាងកក ដែល​ជា​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ។

ចំពោះ​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​ក្នុង​នៅ​ទីក្រុង​បាងកក គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៥ មាន​អ្នក​ស្លា​.​ប់​សរុប​ចំនួន​៤៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន​៦​នាក់ ជនបរទេស​ចំនួន​០៣​នាក់ និង​២២​នាក់ ពុំ​អាច​កំណត់​អត្តសញ្ញាណ​បាន ហើយ​ខូចខាត​អគារ​ចំនួន​៧​ផ្សេង​ទៀត ៕

កែសម្រួលដោយ