រាជធានីភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងសង្ស័យថាដឹកទំនិញលើសទម្ងន់បានផ្ទុះកង់ខាងក្រោយបែកក្រឡាប់ផ្ងារជើងចាក់អីវ៉ាន់ពេញថ្នល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២៥នាទីឈានចូលព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឮសំឡេងផ្ទុះលាន់ឮដូចគ្រាប់បែកស្មានថាមានរឿងអី ក៏បាននាំគ្នាចេញមកមើលស្រាប់តែឃើញរថយន្តធន់ធំមួយគ្រឿងដឹកទំនិញក្រឡាប់ផ្ងារជើង ។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយបៃតង ដឹកប្រេងឆានិងមីខ្លាឃ្មុំ ដឹកពីទល់ដែនវៀតណាម យកមកដាក់ឲ្យម៉ូយនៅក្រុងភ្នំពេញ បានបើករថយន្តខាងលើតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុក៏បានផ្ទុះបែកកង់ខាងក្រោយចំហៀងខាងស្ដាំ ដោយសារតែរថយន្តដឹកធ្ងន់ផងក៏ក្រឡាប់តែម្ដងទៅ តែសំណាងល្អ មិនបង្កឲ្យមានអ្នកណារងរបួសនៅក្នុងករណីខាងលើនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះមកដល់កន្លែងកើតហេតុក៏បានពិនិត្យឃើញថារថយន្តខាងលើមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួស ហើយរងការខូចខាតដល់សម្បត្តិរដ្ឋ ទើបអនុញ្ញាតឲ្យអ្នកបើកបរ ហៅក្រុមកម្មករមកជួយ លើកចេញពីររថយន្តសាងដាក់រថយន្តមួយគ្រឿងទៀតនិងហៅរថយន្ត ស្ទូចមកស្ទូចយករថយន្តទៅជួសជុលដើម្បីកុំឲ្យកកស្ទះចរាចរណ៍នៅពេលព្រឹក ៕





ចែករំលែកព័តមាននេះ