ទីក្រុងកៀវ៖ រុស្ស៊ី និងអ៊ុយក្រែនទើបតែដោះដូរឈ្លើយសឹកគ្នាជាង៥រយនាក់កាលពីពេលថ្មីៗនេះចំពេលដែលប្រទេសទាំង២អបអរសាទរបុណ្យអ៊ីសស្ទើដេ (Easter Day) ឬថ្ងៃដែលព្រះយេស៊ូរស់ពីសុគតតាមជំនឿរបស់អឺរ៉ុបខាងកើត។ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បង្ហោះសារនយោបាយនៅលើបណ្ដាញតេឡេក្រាមដើម្បីបញ្ជាក់អំពីរឿងនេះ។ លោកថាយុទ្ធជនអ៊ុយក្រែន (ដែលត្រូវរុស្ស៊ីចាប់ដាក់ឃុំ) ចំនួន២២៧នាក់បានវិលត្រឡប់ទៅដល់មាតុភូមិវិញហើយ។
ក្រសួងការពារជាតិរុស្ស៊ីក៏ប្រកាសស្រដៀងគ្នានេះដែរ។ ក្រសួងប្រកាសថាយុទ្ធជនរុស្ស៊ី២៤៦នាក់ត្រូវបានដោះលែងវិញហើយ ហើយកំពុងឈប់សំចតនៅប្រទេសបេឡារូសមួយសំណើសិនដើម្បីបន្តដំណើរទៅរុស្ស៊ីទៀត។ តាមរយៈវីឌីអូឃ្លីបដែលបង្ហោះដោយគណៈកម្មការរដ្ឋសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស គេឃើញថាយុទ្ធជនអ៊ុយក្រែនដែលដោះលែងទាំងនោះនៅជុំគ្នាមួយកន្លែងនៃតំបន់ព្រៃ។ អ្នកខ្លះដណ្ដប់ទង់ជាតិអ៊ុយក្រែននៅក្បែររថយន្តបឺសជាច្រើនគ្រឿងដែលរង់ចាំដឹកពួកគេទៅជួបជុំក្រុមគ្រួសារ។
បន្ទាប់មក ពួកគេអង្គុយនៅជ្រុងម្ខាង និងស្រែកបន្ទរជ័យឃោសស្នេហាជាតិមាតុភូមិ។ អ៊ុយក្រែនមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើទីតាំងប្រមូលផ្ដុំគ្នានោះស្ថិតនៅទីណាពិតប្រាកដទេ។ លោកហ្សេឡិនស្គីថ្លែងថាយុទ្ធជនអ៊ុយក្រែន និងជនស៊ីវិលសរុប៤៥៥២នាក់ត្រូវបានដោះលែង និងវិលត្រឡប់ទៅមាតុភូមិវិញចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ ភាគីទាំង២ រុស្ស៊ី និងអ៊ុយក្រែនក៏មិនភ្លេចអរគុណប្រទេសអារ៉ាប់រួមដែលជួយសម្របសម្រួលការដោះដូរឈ្លើយសឹកគ្នាលើកនេះ។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតពាក់ព័ន្ធនឹងការប្រកាសផ្អាកបាញ់គ្នារបស់លោកពូទីន។ អ៊ុយក្រែនអះអាងថាបន្ទាប់ពីលោកពូទីនប្រកាសជាឯកតោភាគីថាលោកផ្អាកវាយប្រហារអ៊ុយក្រែនរយៈពេល៣០ម៉ោងដើម្បីអបអរសាទរទិវាបុណ្យអ៊ីសស្ទើដេ (Easter Day) ទាហានរុស្ស៊ីនៅតែបន្តផ្ទុះអាវុធដដែល។ លោកពូទីនប្រកាសថាចាប់ពីម៉ោង៦ល្ងាចថ្ងៃសៅរ៍រហូតដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃចន្ទ រុស្ស៊ីសូមផ្អាកបាញ់គ្នាជាបណ្ដោះអាសន្ន។ លោកសង្ឃឹមថាអ៊ុយក្រែននឹងអនុវត្តដូចរុស្ស៊ីដែរ។
ប៉ុន្តែក្រោយពេលលោកពូទីនប្រកាសមិនបានប៉ុន្មានម៉ោងផង អ៊ុយក្រែនអះអាងថាទាហានរុស្ស៊ីនៅតែបន្តផ្ទុះអាវុធដដែល។ យោងតាមរបាយការណ៍ពីអគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន រុស្ស៊ីនៅតែបន្តវាយប្រហារឥតបន្ធូរដៃនៅលើសមរភូមិមួយចំនួន។ កាំភ្លើងធំរបស់រុស្ស៊ីនៅតែបន្តបាញ់ផ្ដក់ចូលទឹកដីអ៊ុយក្រែនដដែល។ នេះបើយោងតាមអ្វីដែលលោកហ្សេឡិនស្គីថ្លែងនៅក្នុងសុន្ទរកថាប្រចាំពេលរាត្រីរបស់គាត់៕
ចែករំលែកព័តមាននេះ