ខេត្តព្រៃវែង ៖ ផ្ទះចំនួន៤៩ខ្នងត្រូវបានរងការខូចខាត ដោយផ្ទះខ្លះប៉ើងដំបូង ខ្លះប៉ើងជញ្ជាំង ខ្លះប៉ើងទ្រេតមួយចំហៀង និងមួយខ្នងផ្សេងទៀត បានដួលរលំបាក់ទាំងស្រុង ដោយសារតែខ្យល់កន្ត្រាក់ដែលបោកបក់មកជាមួយភ្លៀងមួយមេដ៏ធំ ។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង២០នាទីរសៀលថ្ងៃទី១០ មេសា ២០២៥ ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែខ្យល់កន្ត្រាក់នេះសរុបមានចំនួន៤៩ខ្នង ក្នុងនោះ របើកក្បឿងចំនួន៣២ខ្នង របើកសំយ៉ាបផ្ទះចំនួន៦ ខ្នង របើកដំបូលស័ង្កសីចំនួន៩ខ្នង របើកជញ្ជាំងចំនួនមួយខ្នង និងរលំបាក់ទាំង ស្រុងចំនួន១ខ្នង ដោយឡែកអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ក៏រងផលប៉ះពាល់ផងដែរ ដោយបានរលំបាក់អង់តែន រីវធ័រ ពាក់កណ្ដាលបង្គោលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្រោះធម្មជាតិមួយនេះ មិនបានបណ្ដាលឱ្យមានមនុស្សសត្វរងគ្រោះថ្នាក់នោះទេ គ្រាន់តែបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងរលំបាក់ដើមឈើនៅតាមដងផ្លូវមួយចំនួនប៉ុណ្ណោះ។







ចែករំលែកព័តមាននេះ