ផ្លែគុយ អ្នកភូមិបេះពីភ្នំគូលែន លក់១គីឡូ ចាប់ពី៣ម៉ឺនរៀល ទៅជាង៤ម៉ឺនរៀល
- សៀមរាប
ខេត្តសៀមរាប ៖ ផ្លែគុយ គឺជាដើមរុក្ខជាតិម្យ៉ាង ដែលជាប្រភេទវល្លិ ដុះក្នុងព្រៃ ឡើងតាមដើមឈើ ខ្ពស់ៗ មានដើមពីតូចដល់ធំរហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវាតូចៗ និងមានផ្លែប៉ុនមេជើងឬធំជាងនេះ និងមានរសជាតិជូរផ្អែម ផងដែរ។
ដើមគុយមានរាងជាវល្លិ និងមានស្លឹកពណ៌ខៀវ តោងតាមដើមឈើធំៗ ។ ដល់រដូវមានផ្លែគុយ ទើបប្រជាពលរដ្ឋនាំគ្នាឡើងទៅលើភ្នំគូលែន យករណារទៅអារដើមឈើធំៗនោះ ដើម្បីបេះផ្លែគុយយកមកលក់តាមទីផ្សារនានា ក្នុងក្រុងសៀមរាប ។
នៅក្នុងព្រៃលើខ្នងភ្នំគូលែន ស្ថិតនៅក្នុងស្រុកស្វាយលើខេត្តសៀមរាប មានគុយច្រើនជាងគេ នៅក្នុងព្រៃឧទ្យានអង្គរ ។ ផ្លែគុយនេះមាននៅក្នុងរដូវប្រាំងចាប់ពីខែមេសា រហូតដល់ចុងខែឧសភា ទើបផុតអស់ ។
អ្នកស្រីម្នាក់រស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាព នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា អ្នកស្រីលក់ផ្លែគុយ តាមថ្នល់ជាតិ បានទិញពីម្ចាស់លក់គុយ ដែលពួកគាត់ បានឡើងទៅលើភ្នំគូលែន បេះយកលក់ខ្លួនឯង និងបោះដុំឱ្យគេ។.
អ្នកស្រីរៀបរាប់បន្តថា អ្នកស្រីបានទិញពីអ្នកលក់ ក្នុង១គីឡូក្រាម តម្លៃ១៥០០០រៀល ហើយខ្ញុំយកទៅវិញ បាន៣០០០០រៀល ទៅ៤០០០០ រៀល ។ ហើយ ពួកគាត់យកទៅលក់ ខ្លួនឯង ក្នុង ១គីឡូ តម្លៃ ៤៥០០០រៀល ។ អ្នកខ្លះដាក់លក់ ក្នុងមួយចង្កោមទិញក្នុងតម្លៃពី ២០០០០ រៀល ទៅ ២៥០០០ រៀល។ ក្រៅពីអ្នកទិញយកទៅហូបធម្មតា ក៏មានឈ្មួញកណ្តាលទិញយកទៅលក់បន្តដល់រាជធានីភ្នំពេញផងដែរ ។
បច្ចុប្បន្ន អ្នកលក់ផ្លែគុយ តាមផ្លូវជាតិ ឬផ្សារក្នុងក្រុងសៀមរាប ១គីឡូក្រាម ចុះនៅសល់ត្រឹម ២០០០០រៀល ទៅ ២៥០០០រៀល។ ចំណែកក្នុង១ចង្ក្រោម ចុះត្រឹមតម្លៃ១២០០០រៀល ទៅ១៥០០០រៀល បើមានអ្នកតថ្លៃ ចុះត្រឹមតម្លៃ១០០០០រៀល ក៏បាន ។
សូមបញ្ជាក់ថា គុយជាប្រភេទផ្ផ្លែវល្លិធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ លើខ្នងភ្នំគូលែន និងនៅព្រៃភូមិចាស់របស់អ្នកស្រុក ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ ៕




























ចែករំលែកព័តមាននេះ