ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កម្មករ​ខ្មែរ​៥​នាក់ ក្រោយ​វាយ​ជនជាតិ​វៀតណាម​ម្នាក់​បណ្ដាល​ឲ្យ​ស្លា​.​ប់ នៅ​ក្រុង​បា​វិត

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់ សង្ស័យ​បែក​ថ្នាំ បាន​កាន់​កាំបិត​ចុង​ស្រួច​ក្នុង​ដៃ ដើរ​ចូល​អុកឡុក​ក្នុង​ហាង​លក់​បន្លែ​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈនោះ​មាន​កម្មករ​អ្នក​ដឹក​បន្លែ ១​ក្រុម បិទទ្វារ​ហាង​ព្រួត​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ…

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់ សង្ស័យ​បែក​ថ្នាំ បាន​កាន់​កាំបិត​ចុង​ស្រួច​ក្នុង​ដៃ ដើរ​ចូល​អុកឡុក​ក្នុង​ហាង​លក់​បន្លែ​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈនោះ​មាន​កម្មករ​អ្នក​ដឹក​បន្លែ ១​ក្រុម បិទទ្វារ​ហាង​ព្រួត​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ រួច​លើក​ជន​រង​គ្រោះ​មក​ទុក​ចោល​នៅ​ខាង​មុខ​ហាង ហើយ​បាន​ស្លា​.​ប់ បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៧​និង​៤០​នាទី​ព្រឹក ការិយាល័យ​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្លា​.​ប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង និង​លោក​វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិក​គណៈកម្មការ​កោសល្យវិច័យ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ ជា​លទ្ធផល នៃ​ការ​ពិនិត្យ​សាកសព ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ជុង (NGUYEN VAN CHUNG) ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ កាន់​អត្តសញ្ញាណ​បណ្ណ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ​។ ហើយ​នៅ​លើ​ខ្លួនប្រាណ​សាកស​.​ព មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង ។

តាម​ការ​សន្និដ្ឋាន​ផ្អែក​តាម​ការ​ពិនិត្យ​សាកសព សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ សន្និដ្ឋាន​បាន​ថា ៖ ឈ្មោះ ង្វៀ​ង វ៉ា​ន់​ជុង ស្លា​.​ប់​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ដោយឡែក​សាកស​.​ព សមត្ថកិច្ច​បាន​បញ្ជូន​តាម​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​សាល​តម្កល់​ស​.​ព​ក្នុង​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា លទ្ធផល នៃ​ការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា កាលពី​ព្រលឹម​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ស្លៀក​ខោខ្លី គ្មាន​អាវ ដេក​សន្លប់​បាត់ស្មារតី​នៅ​ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​ឈ្មោះ យិ​ន ស៊ី​ថា​ន ហើយ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​យក​មក​មន្ទីរពេទ្យ ។

សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​តាម​ពិនិត្យ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​រហូត​មក​ដល់​ម៉ោង​១២​និង​៣០​នាទី ឃើញ​ថា កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​ទៀប​ភ្លឺ មាន​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ជុង ស្លៀក​ខោខ្លី ពណ៌​ខ្មៅ គ្មាន​អាវ ដើរ​កាន់​កាំបិត​ពី​ទិស​ខាង​កើតមក​ខាងលិច មក​ដល់​ចំណុច​ហាង​លក់​បន្លែ​គ្មាន​ស្លាក​យីហោ មួយ​កន្លែង បាន​រត់​ចូល​ក្នុង​ហាង តែ​ត្រូវ​កម្មករ​នៅ​ខាងក្នុង​នាំ​គ្នា​ដេញ​ចេញ​មក​វិញ ពេល​នោះ​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ជុង បាន​ដើរ​ឆ្លងផ្លូវ​ចូល​ទៅ​ក្នុងផ្ទះ​លក់ដូរ​ឈ្មោះ យិ​ន ស៊ី​ថា​ន ខណៈនោះ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ទ្វារ​រួច​ដើរទៅ​ក្រោយ​ផ្ទះ ក៏​មាន​មនុស្ស​មួយ​ក្រុម​រត់​ចូល​ទៅ បាន​មួយសន្ទុះ ក៏​ឃើញ​លើក​សែង​បុរស​ជនជាតិ​វៀតណាម​នោះ មក​ទុក​ខាង​មុខ​ផ្ទះ ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​បាន​រូបភាព​វី​ដេ​អូ ពី​កា​ម៉ា​រ៉ា​សុវត្ថិភាព​នេះ​រួច​មក សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​នាំ​ខ្លួន​បុគ្គល​សង្ស័យ​ពាក់ព័ន្ធ​ចំនួន ០៥​នាក់ ជា​ជនជាតិ​ខ្មែរ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​។ បុគ្គល​សង្ស័យ​រួម​មាន ៖
១/​ឈ្មោះ យិ​ន ស៊ី​ថា​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បន្លែ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។ ២/​ឈ្មោះ អ៊ុ​ក តៃ​និ​ញ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បន្លែ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។ ៣/​ឈ្មោះ វាសនា សា​លិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បន្លែ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រង​បា​វិត ខេត្តស្វាយរៀង​។
៤/​ឈ្មោះ សូរ ប្រុស​ណេ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បន្លែ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រង​បា​វិត ខេត្តស្វាយរៀង និង​៥/​ឈ្មោះ តន ម៉េ​ង​ហួរ ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បន្លែ មាន​ទីលំនៅ​ភូមិ​ព្រៃ​រកា ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​ដោះសារ ដោយ​ឈ្មោះ អ៊ុ​ក តៃ​និ​ញ និង​ឈ្មោះ វាសនា សា​លិ ឆ្លើយ​ថា ពួក​ខ្លួន​ចូលរួម​ជួយ​ឃាត់​ប៉ុន្តែ​មិន​វាយ​ទៅ​លើ​បុរស​នោះ​ទេ​។ រីឯ​ឈ្មោះ សូរ ប្រុស​ណេ​ត និង​ឈ្មោះ តន ម៉េ​ង​ហួរ ហៅ​ត្រេ​ន ឆ្លើយ​ថា ពួក​ខ្លួនរ​ត់ទៅ​ជួយ​ឃាត់ រួច​ឈ្មោះ ណេ​ត បាន​ទាត់​មួយ​ជើង​ចំ​ត្រគៀក និង​ឈ្មោះ ត្រេ​ន វាយ​មួយ​ខ្សែ​ក្រ​វ៉ា​ត​ចំ​ខ្នង ។ ចំណែក​ឈ្មោះ យិ​ន ស៊ី​ថា​ន ឆ្លើយ​ថា ខ្លួនរ​ត់ទៅ​នាំ​ប្រពន្ធ​កូន​ចូល​បន្ទប់​ចាក់សោរ​ពុំ​បាន​វាយ​ជន​រង​គ្រោះ​នោះ​ទេ​។ ទោះបី​យ៉ាងណា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ