ខេត្តស្វាយរៀង ៖ មានករណីក្មេងទំនើង០២នាក់ ផឹកស្រាស្រវឹង ឡើងរាំប៉ះគ្នាបន្តិចបន្តួច ផ្ទុះកំហឹងទៅផ្ទះយកដាវ មករកកាប់គូរជម្លោះ ផ្អើលរោងការ ត្រូវសមត្ថកិច្ចចាប់់ខ្លួនបញ្ជូនទៅតុលាការខេត្តស្វាយរៀង ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយេរៀងពាក់ព័ន្ធករណីកាន់ដាវអុកឡុកនៅក្នុងរោងការ ។
បើតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ក្មេងទំនើងទាំង២នាក់ ដែលចាប់ខ្លួន រួមមាន ៖
ទី១-ឈ្មោះ អ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២-ឈ្មោះពុត គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បន្តថា មុនពេលកើតហេតុវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ មីនា ២០២៥ ជនទាំង២ បានមកចូលរួមក្នុងមង្គលការនៅក្នុងភូមិត្រោកឃុំតាសួសស្រុកស្វាយជ្រំ លុះពេលផឹកស្រាស្រវឹង បានយកដាវ បង្កអុកឡុកក្នុងរោងការ និងបានទាស់ពាក្យសម្ដីគ្នាជាមួយភ្ញៀវ ហើយយកដាវបម្រុងកាប់ទៅលើភ្ញៀវ ក៏ត្រូវសមត្ថកិច្ចឃាត់ជនសង្ស័យបានចេញពីរោងការ ។ លុះព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនមកសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនបានទៅចូលរួមនៅក្នុងកម្មវិធីការកូនរបស់ឈ្មោះ អេង នាង នោះដែរ ពេលផឹកស្រាស្រវឹង ក៏បបួលគ្នាឡើងរាំលេង ពេលលើកដៃរាំនោះ ក៏ប៉ះដងខ្លួនឈ្មោះខៀវ សល់ហៅ (ឆក) ភ្លាមនោះពួកខ្លួនទាំង២នាក់ ខឹងបានរើសសំបកកំប៉ុងចោលទៅត្រូវឈ្មោះខៀវ សល់ បន្ទាប់មក ក៏បានទាស់ពាក្យសម្ដីគ្នា រួចហើយពួកខ្លួនទាំង២នាក់ ក៏បានជិះម៉ូតូឌុបគ្នាទៅយកដាវនៅផ្ទះឈ្មោះពុត គង្គា ពេលយកដាវបានហើយ ក៏ជិះម៉ូតូមករោងការវិញ ពេលមកដល់រោងការ មិត្តភក្តិខ្លួនឈ្មោះ ពុត គង្គា បានកាន់ដាវដើរ ចូលទៅក្នុងរោងការ ភ្លាមនោះ ក៏មានបងប្អូននៅក្នុងរោងការព័ទ្ធ និងឃាត់ចាប់ពួកខ្លួនបាន ក៏ទូរសព្ទប្តឹងទៅសមត្ថកិច្ចតែម្តង ចំពោះដាវ ១ទៀត ពួកខ្លួនបានលាក់ទុកនៅខាងលិចរោងការក្បែរផ្ទះកូនកំលោះ ។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់រួច លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ លោកចៅក្រមបានចេញដីការឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី២៦ មីនា ២០២៥ រួចហើយ ៕


ចែករំលែកព័តមាននេះ