បាងកក ៖ បន្ទាប់ពីជួបគ្រោះរញ្ជួយដីនៅថ្ងៃទី២៨ ខែមីនា ២០២៥ ប្រជាជនថៃ ក្នុងទីក្រុងបាងកក ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរត្រឡប់ផ្ទះវិញ ដោយសាររថភ្លើងអគ្គិសនី និងរថយន្តក្រុងសាធារណៈ ត្រូវបានផ្អាកសេវាជាបណ្ដោះអាសន្ន បណ្តាលឱ្យមនុស្សម្នាជាច្រើននាក់ ជាប់គាំងនៅតាមដងផ្លូវ ជាពិសេសនៅតំបន់កណ្តាលទីក្រុងបាងកក នាវេលាម៉ោង៧យប់ថ្ងៃសុក្រនេះ បើតាមប្រភព PPTV PHOTO ។
មនុស្សមួយចំនួន កំពុងរង់ចាំរថយន្តក្រុង អស់ពេលជាង ៣ម៉ោង (ចាប់ពីម៉ោង ៤:០០ រសៀល ដល់ ៧:១៥ យប់) នៅតែមិនទាន់មានរថយន្តក្រុង។ ស្ថានភាពចរាចរណ៍កកស្ទះខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋថៃមួយចំនួនត្អូញត្អែរថា ៖ «ខ្ញុំមិនដឹងថា ពេលណាខ្ញុំទៅដល់ផ្ទះនោះទេ» ។
សូមបញ្ជាក់ថា ទីក្រុងបាងកក មានការរញ្ជួយដីកម្រិត៧,៤ រិចទ័រ រហូតដល់ធ្វើអោយមនុស្សរត់ចេញពីអគារ នៅរសៀលថ្ងៃទី២៨ ខែមីនានេះ ខណៈការរកស៊ីមួយចំនួនបានបិទបណ្តោះអាសន្ន រួមទាំងសេវាសាធារណៈមួយចំនួនផងដែរ ។
យោងតាមប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអង្កេតតាមដាន ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា កាលពីវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រ ភាគពាយ័ព្យ នៃទីក្រុងសាឃ្លាំង (Sagaing) នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើ នៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួន រួមមាន ៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ