ខេត្តកំពង់ស្ពឺ៖ វិទ្យាល័យអង្គមេត្រី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងរងការជន់លិចនៅទីធ្លាសាលាដោយទឹកកខ្វក់ ជះក្លិនស្អុយ ដែលហូរចេញពីលូ កំពុងរំខានដល់ការបង្រៀន និងការរៀនសូត្ររបស់សិស្សានុសិស្ស។
នាយកសាលាវិទ្យាល័យអង្គមេត្រីលោក ហ៊ី ពិធូ បាននិយាយឱ្យដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទីធ្លាសាលាស្រាប់តែមានទឹកខ្មៅដែលមានទាំងក្លិនស្អុយឆួលហូរចូល។ ពីមួយថ្ងៃទៅមួយថ្ងៃទឹកនេះកាន់តែកើនឡើង ហើយក្លិនស្អុយក៏កាន់តែមានកម្រិតមិនអាចទ្រាំបាន។ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់មិនអាចស្ថិតនៅក្នុងសាលាបានទេ ដោយសារតែទ្រាំនឹងក្លិនស្អុយនេះមិនបាន។
នាយកវិទ្យាល័យអង្គមេត្រី បានបន្តថា ប្រសិនជាអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធមិនមានវិធានការ ឬចំណាត់ការឱ្យបានលឿនបំផុតនោះទេ សាលានឹងត្រូវបិទការបង្រៀនបណ្តោះអាសន្ន ឬមួយរយៈធំ ទម្រាំមានការដោះស្រាយ។មួយវិញទៀត ទឹកស្អុយដែលកំពុងហូរចូលមកក្នុងទីធ្លាសាលានេះដែរ ប្រសិនជាមិនថមថយ ឬដក់នៅយូរ គ្រឹះសាលា និងបេតុងចាក់សាបក៏ត្រូវលិចលង់ដែរ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤១ក្បែរវិទ្យាល័យអង្គមេត្រី ក៏បានលើកឡើងផងដែរថា ទឹកស្អុយដែលកំពុងហូរចូលទៅក្នុងវិទ្យាល័យខាងលើមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ការបង្រៀន និងរៀននោះទេ វាក៏បានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ដែលទាមទារឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវតែចេញដោះស្រាយបន្ទាន់។
សូមបញ្ជាក់ផងដែរថា ទឹកស្អុយនេះកាលដើមឡើយមិនហូរចូលទៅក្នុងសាលាទេ តែក្រោយក្រុមហ៊ុនរោងចក្របានដាក់លូរំដោះទឹកចេញពីរោងចក្រផ្នែកខាងលើរបស់គេ និងដោយគ្មានប្រព័ន្ធប្រឡាយសម្រាប់ហូរបន្ត ស្របពេលដែលទីធ្លាសាលាទាបជាងប្រឡាយបង្ហូរ ទើបធ្វើឱ្យទឹកស្អុយចាល់ហើយក៏ហូរចូលទៅក្នុងសាលាតែម្តង ៕












ចែករំលែកព័តមាននេះ