ខេត្តកណ្តាល ៖ យុវជនម្នាក់បង្ហោះម៉ូតូបង្អួតគេឯង ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកមកធ្វើការអប់រំណែនាំ និងដាក់ពិន័យឱ្យលាងបន្ទប់ទឹក និងធ្វើអនាម័យសម្អាតបរិវេណអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្នុងបរិវេណការ៉ាស់សាំងតេលា ក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បានរាយការណ៍ថានៅចំណុចកើតហេតុខាងលើមានក្រុមក្មេងទំនើង កំពុងបង្ហោះម៉ូតូពេញដងផ្លូវ និង ខ្លាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រ រដ្ឋបាលពើក សហការជាមួយ កម្លាំងអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញទៅល្បាតពួនស្ទាក់តាមដងផ្លូវ ទើបឃាត់ខ្លួនយុវជនខាងលើ និង វត្ថុតាង ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។
បច្ចុប្បន្ន យុវជនរូបនោះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជើញក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ រួចឲ្យយុវជនខាងលើលាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យនៅបរិវេណ អធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ទើបឲ្យត្រទ្បប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ