លោក ត្រាំ ថាអាចកាត់បន្ថយអត្រាពន្ធលើចិនតិចតួច បើ TikTok ត្រូវបានលក់ឱ្យអាមេរិក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកអាចនឹងកាត់បន្ថយអត្រាពន្ធលើប្រទេសចិនតិចតួច…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកអាចនឹងកាត់បន្ថយអត្រាពន្ធលើប្រទេសចិនតិចតួច…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកអាចនឹងកាត់បន្ថយអត្រាពន្ធលើប្រទេសចិនតិចតួច ប្រសិនបើក្រុមហ៊ុនចិន ByteDance យល់ព្រមលក់ប្រតិបត្តិការបណ្តាញសង្គម TikTok មកឱ្យអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក ត្រាំ បានលើកឡើងថា «ប្រទេសចិននឹងត្រូវដើរតួនាទីដ៏សំខាន់មួយក្នុងការអនុម័តលើការដកខ្លួនចេញពី TikTok។ ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយផ្សេងទៀត ដើម្បីធ្វើឱ្យវាឆាប់រួចរាល់។ TikTok គឺធំ ប៉ុន្តែរាល់ចំណុចក្នុងពន្ធមានតម្លៃច្រើនជាង TikTok ទៅទៀត»។
លោកអត្ថាធិប្បាយបែបនេះ បន្ទាប់ពីការប្រកាសពន្ធនាំចូលថ្មីចំនួន ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងអស់ ដែលចូលមកកាន់ទឹកដីអាមេរិក ដែលជាសកម្មភាពគំរាមកំហែងដល់ការពង្រីកសង្គ្រាមពាណិជ្ជកម្មពិភពលោក។
លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថាវាអាចទៅរួចដែលលោកនឹងពន្យាពេលថ្ងៃផុតកំណត់ សម្រាប់កិច្ចព្រមព្រៀងលក់ TikTok ម្តងទៀត។ លោកថា «យើងនឹងមានទម្រង់នៃកិច្ចព្រមព្រៀងមួយ ប៉ុន្តែបើវាមិនទាន់ចប់ទេ វាមិនមែនជាកិច្ចព្រមព្រៀងធំនោះទេ។ យើងអាចនឹងពន្យាពេលថ្ងៃផុតកំណត់ម្តងទៀត»។
គួរឱ្យដឹងថា កាលពីអាណត្តិលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ច្បាប់សន្តិសុខជាតិមួយត្រូវបានធ្វើឡើងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ByteDance (ក្រុមហ៊ុនមេ TikTok) លក់ប្រតិបត្តិការ TikTok មកឱ្យអាមេរិក ឬប្រឈមមុខនឹងការបិទនៅទូទាំងសហរដ្ឋអាមេរិកតែម្តង។
ទោះជាយ៉ាងណាក៏ដោយ កាលពីខែមករាកន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលថ្ងៃផុតកំណត់ សម្រាប់កិច្ចព្រមព្រៀងលក់រហូតដល់ថ្ងៃទី៥ ខែមេសា។ លោក ត្រាំ ធ្លាប់និយាយកាលពីមុនថា លោកចង់ឱ្យអាមេរិកមានសិទ្ធិកាន់កាប់ ៥០% លើកម្មវិធីដ៏ពេញនិយម ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល១៧០លាននាក់មួយនេះ តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
អាមេរិកបានបង្កើនពន្ធលើការនាំចូលទាំងអស់ពីប្រទេសចិនដល់ ២០% ក្នុងខែនេះ។ នោះជាការបង្កើនពន្ធទ្វេដងដែលលោកបានដាក់លើចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅ។ នៅថ្ងៃទី១០ ខែកុម្ភៈ ប្រទេសចិនបានឆ្លើយតបជាមួយពន្ធសងសឹក រួមទាំងពន្ធ ១០-១៥% លើទំនិញកសិកម្មមួយចំនួនរបស់អាមេរិក។
ទីក្រុងប៉េកាំងក៏បានកំណត់គោលដៅក្រុមហ៊ុនអាកាសចរណ៍ ការពារជាតិ និងបច្ចេកវិទ្យាជាច្រើនរបស់អាមេរិក ដោយបន្ថែមទៅក្នុងបញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន និងដាក់ការត្រួតពិនិត្យការនាំចេញរបស់ខ្លួន។ ការយកពន្ធ ១០% បានកើនឡើងទ្វេដងដល់ ២០% នៅថ្ងៃទី៤ ខែមីនា ហើយចិនបានជំរុញឱ្យអាមេរិកត្រឡប់ទៅតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភព ៖ CNBC News និង BBC
ចែករំលែកព័តមាននេះ