ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងកំពុងរងគ្រោះយ៉ាងដំណំពីភ្លើងឆេះព្រៃមិនទាន់បិទបញ្ចប់ទៅវិញផង ថ្ងៃនេះថែមព្រឹត្តិការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងស្លាប់អាកាសយានិកម្នាក់នៅពេលគាត់ចុះបំពេញការងារទម្លាក់ទឹកពីលើអាកាសដើម្បីពន្លត់ភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃរយៈពេល៥ថ្ងៃចុងក្រោយបានកើនឡើងដល់២៤នាក់។
ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោកហានដុកស៊ូ ប្រកាសថារដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពន្លត់ភ្លើងឆេះព្រៃដែលដុតបំផ្លាញព្រៃឈើជាង១ម៉ឺនហិចតារ។ មនុស្សជាង២,៧ម៉ឺននាក់ត្រូវតែបង្ខំចិត្តជម្លៀសខ្លួន។ ខណៈដែលភ្នាក់ងារពន្លត់អគ្គិភ័យខំប្រឹងទាំងយប់ទាំងថ្ងៃដើម្បីចាត់ការភ្លើងនេះឧទ្ធម្ភាគចក្រ១គ្រឿងបើកសុខៗស្រាប់តែគាំងម៉ាស៊ីន និងធ្លាក់ទៅលើដី។
ហេតុការណ៍នេះកើតឡើងនៅទីក្រុងអ៊ូយសឹងដែលកំពុងរងគ្រោះខ្លាំងជាងគេ។ សេវាកម្មព្រៃឈើកូរ៉េខាងត្បូងថ្លែងថាឧទ្ធម្ភាគចក្រនោះមានអ្នកបើកបរតែម្នាក់គត់។គេមិនបានដឹងលម្អិតអំពីអត្តសញ្ញាណរបស់គាត់ទេ។ គេគ្រាន់តែដឹងថាគាត់មានអាយុ៧៣ឆ្នាំ។ ប្រភពខ្លះថាឧទ្ធម្ភាគចក្រនេះម៉ាកអែស៧៦ (S-76) ផលិតឆ្នាំ១៩៩៥ អាចដឹកទឹកបាន១២០០លីត្រ។
អាជ្ញាធរថ្លែងថាគេបានរកឃើញសាកសពមនុស្សមួយចំនួនដែលជាភ្នាក់ងារពន្លត់អគ្គិភ័យស្លាប់នៅពេលបំពេញការងារ។ ចំណែកអ្នកស្រុកមួយចំនួនក៏បានស្លាប់ផងដែរដោយសារពួកគាត់មិនអាចជម្លៀសខ្លួនទាន់ពេលវេលា។ រដ្ឋាភិបាលកំពុងស្រាវជ្រាវដើម្បីចង់ដឹងថាតើដើមហេតុនៃការឆេះព្រៃនេះបង្កឡើងដោយឯកឯង ឬក៏ដោយសារការដុតដើមឈើងាប់ៗដើម្បីសម្អាតផ្នូរ ឬនៅពេលមនុស្សទៅសែនផ្នូរមានអុជទៀន និងធូបជាដើម។
ក្រឡេកទៅមើលប្រទេសជប៉ុនដែលនៅជិតខាងកូរ៉េខាងត្បូងក៏មានភ្លើងឆេះព្រៃដែរ។ នៅខេត្តអេហ៊ិមិ ភ្លើងបន្តឆាបឆេះចូលដល់ថ្ងៃទី៤ហើយ ហើយបានដុតបំផ្លាញព្រៃឈើជាង៣រយហិចតារ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចោលផ្ទះសម្បែង។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍អឹនអេចខេ (NHK)។ នៅទីក្រុងអ៊ីម៉ាបារី អាជ្ញាធរបញ្ជាឱ្យជម្លៀសមនុស្ស៦ពាន់នាក់។
ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តបំពេញការងារយ៉ាងសកម្មទោះបីគ្មានសញ្ញាថាភ្លើងឆេះព្រៃនេះនឹងបញ្ចប់នៅពេលណាក៏ដោយ។ មិនខុសពីប្រទេសកូរ៉េខាងត្បូងនោះទេ ជប៉ុនក៏ប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីទម្លាក់ទឹកពីលើអាកាសផងដែរ។ នៅ ប្រទេសជប៉ុនដដែលនេះមានភ្លើងឆេះព្រៃ១ទៀតនៅខេត្តអូកាយ៉ាម៉ា ដុតបំផ្លាញព្រៃជាង៤រយហិចតារ និងបង្ខំឱ្យមនុស្ស២ពាន់នាក់ចាកចោលផ្ទះសម្បែង។
ចំណែកនៅខេត្តមីយ៉ាសាគី អគ្គិភ័យបានដុតបំផ្លាញព្រៃ៥០ហិចតារ និងបង្ខំឱ្យមនុស្ស៧០គ្រួសារត្រូវតែប្រញាប់ចាកចេញពីតំបន់គ្រោះថ្នាក់ជាបន្ទាន់។ បើសរុបជាត្រួសៗទៅ ភ្លើងឆេះព្រៃធំៗកំពុងកើតមាន៣កន្លែងនៅប្រទេសជប៉ុន។ មិនទាន់មានសញ្ញាណាមួយបង្ហាញថាភ្លើងឆេះព្រៃណាមួយនៅក្នុងចំណោមបីនេះអាចនឹងរលត់ទៅវិញនៅក្នុងពេលឆាប់ៗនេះទេ៕
ចែករំលែកព័តមាននេះ