ទីក្រុងម៉ានីឡា៖ ថ្ងៃនេះ ទាហានអាមេរិក និងហ្វ៊ីលីពីនចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល៣អាទិត្យដោយផ្ដោតសំខាន់ទៅលើការការពារបូរណភាពទឹកដី។ ទាហានអាមេរិក និងហ្វ៊ីលីពីនសរុប៥ពាន់នាក់នឹងចូលរួមនៅក្នុងការហ្វឹកហាត់ធ្វើសង្គ្រាម និងផ្លាស់ប្ដូរបទពិសោធគ្នា។ នេះជាលំហាត់សមយុទ្ធវគ្គទីមួយសម្រាប់ឆ្នាំ២០២៥។ ចំណែកវគ្គទី២នឹងរៀបចំធ្វើនៅចុងឆ្នាំនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងធ្វើដំណើរទៅរដ្ឋធានីម៉ានីឡានៅសប្ដាហ៍នេះដើម្បីជួបថ្នាក់ដឹកនាំ និងកងទ័ពហ្វ៊ីលីពីន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់មន្ទីរបញ្ចកោណ។ វិញ្ញាសាសំខាន់នៃសមយុទ្ធយោធាលើកនេះគឺការប្រឡូកនៅក្នុងសមរភូមិរួមគ្នារវាងកងទ័ពទាំង២ ការចេញច្បាំងទ្រង់ទ្រាយធំ ការបាញ់គ្រាប់កាំភ្លើងពិត និងការការពារបូរណភាពទឹកដី។ ខាងលើនេះជាការថ្លែងបន្ថែមរបស់កងទ័ពហ្វ៊ីលីពីន។
សមយុទ្ធយោធាឈ្មោះសាឡាក់នីប (Salaknib) ចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ និងតែងតែចូលរួមដោយភាគីទាំង២ក្នុងនាមជាភាគីហត្ថលេខីនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ នេះជាផ្នែកមួយនៃការហ្វឹកហាត់យោធាដែលមានឈ្មោះថាបាលីកាតាន់ (Balikatan)។ ទំនាក់ទំនងយោធារវាងអាមេរិក និងហ្វ៊ីលីពីនកាន់តែពង្រឹងបន្ថែមទៀតនៅជំនាន់លោកម៉ាកូសកាន់អំណាច។
គាត់ច្រើនមានទំនោរងាកទៅរកអាមេរិក ផ្ទុយពីលោកឌូតឺតេដែលមានទំនោរងាកទៅខាងប្រទេសចិន។ នយោបាយអាទិភាពរបស់លោកម៉ាកូសគឺការពារសិទ្ធិអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ នៅជំនាន់លោកដឹកនាំជាតិ ហ្វ៊ីលីពីនឧស្សាហ៍ប៉ះទង្គិចគ្នាជាមួយទាហានចិននៅដែនទឹកមានជម្លោះ។ ពេលខ្លះ គេឃើញកងល្បាតរបស់ចិនបើកបរនាវាទៅដល់ក្បែរដែនសមុទ្រហ្វ៊ីលីពីន៕
ចែករំលែកព័តមាននេះ