ខេត្តកោះកុង ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ចាប់ពីស្រែអំបិល-កោះកុង បានជិតរួចរាល់ហើយ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ត្រជាក់ភ្នែកជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន ខណៈគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សម្រេចលទ្ធផល៩៣,២៨%ហើយ ។

បើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ២៤ មីនា ឆ្នាំ២០២៥ បានលើកឡើងថា គ្រប់កំណាត់នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុតAC , គូសគំនូសចរាចរណ៍បែកចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាក សញ្ញាកំណត់ល្បឿន ។

បើតាមលោក ផន រឹម ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធ សាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ជាមួយគ្នានេះ អ្នកនាំពាក្យក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងមមារញឹកនេះ៕


ចែករំលែកព័តមាននេះ