ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីចុះពិនិត្យមើលសភាពការណ៍នៅតំបន់ដូញែតនៅថ្ងៃនេះខណៈដែលរុស្ស៊ីទើបតែចេញសេចក្ដីព្រមានថាខ្លួននឹងចាត់វិធានការវាយបកឱ្យបានខ្លាំងក្លាបំផុតដើម្បីឆ្លើយតបទៅនឹងករណីដែលអ៊ុយក្រែនចេះតែបន្តវាយប្រហារទីតាំផលិតថាមពលរុស្ស៊ី។ រុស្ស៊ីថានោះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអ្វីដែលអ៊ុយក្រែនធ្លាប់បានសន្យាថាខ្លួននឹងមិនធ្វើរឿងនេះទេនៅក្នុងសំណើនៃបទឈប់បាញ់រយៈពេល៣០ថ្ងៃ។
នៅដូញែត លោកហ្សេឡិនស្គីបានជួបសំណេះសំណាល និងសួរសុខទុក្ខមេបញ្ជាការកងទ័ពទទួលបន្ទុកខាងកងឯកភាពវាយប្រហារដោយយន្តហោះដ្រូន។ ទីតាំងដែលលោកចុះទៅនោះស្ថិតនៅក្បែរផូករ៉ូស (Pokrovsk)ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ុយក្រែននៅភាគខាងកើត។ អស់រយៈពេលជាច្រើនខែមកហើយ កងទ័ពអ៊ុយក្រែនខិតខំតស៊ូក្រាញននាលនៅលើទីតាំងនេះដើម្បីទប់ស្កាត់មិនឱ្យកងទ័ពរុស្ស៊ីវាយយកបាន។
រុស្ស៊ីបន្តវាយសម្រុកទៅមុខដោយសន្សឹមៗដើម្បីប៉ុនប៉ងវាយយកតំបន់ដូញែតនេះទាំងមូល។ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាលោកបានចុះពិនិត្យមើលបញ្ជាការដ្ឋាននៃទីក្រុងផូករ៉ូស និងបានជួបមេបញ្ជាការកងឯកភាពយន្តហោះដ្រូន។ លោកបានស្ដាប់របាយការណ៍ស្ដីពីស្ថានការណ៍សឹក, ការការពារតំបន់ប្រតិបត្តិការសឹកនៅផូករ៉ូស និងបេសកកម្មយោធាដទៃទៀត។ លោកកោតសរសើរវីរៈភាពអង់អាចក្លាហានរបស់ពួកគេ និងផ្ដល់គ្រឿងឥស្សរិយយសជូនពួកគេ។
នៅក្នុងសង្គ្រាមអ៊ុយក្រែន ភាគីទាំង២បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ រុស្ស៊ីទទួលបានដ្រូនសាហ៊ីតរបស់អ៊ីរ៉ង់ជាប្រភេទដ្រូនអត្តឃាត និងវាយប្រហារបានឆ្ងាយៗ អាចហោះទៅដល់សឹងតែគ្រប់ទិសទីនៃប្រទេសអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនក៏កំពុងពន្លឿនការផលិតដ្រូនក្នុងស្រុកផងដែរដើម្បីរត់ឱ្យទាន់តម្រូវការជាក់ស្ដែង។ នៅខែមីនានេះ ក្រសួងការពារជាតិអ៊ុយក្រែនបង្ហើបឱ្យដឹងថាខ្លួនត្រៀមទិញដ្រូនជាច្រើនគ្រឿងដែលមានតម្លៃសរុប៤,៥លានដុល្លារសម្រាប់ប្រើប្រាស់នៅឆ្នាំ២០២៥។ ភាគច្រើនជាដ្រូនផលិតដោយក្រុមហ៊ុនក្នុងស្រុកផ្ទាល់តែម្ដង។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែននេះ ក្រសួងការបរទេសរុស្ស៊ីបានបញ្ចេញប្រតិកម្មខ្លាំងៗតបទៅនឹងករណីដែលអ៊ុយក្រែនបន្តវាយប្រហារទីតាំងផលិតថាមពល។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីភាគីទាំង២វាយប្រហារគ្នាយ៉ាងខ្លាំងក្លាទៅលើទីតាំងផលិតថាមពលកាលពីម្សិលមិញ។ រុស្ស៊ីថាអ៊ុយក្រែនវាយប្រហារដេប៉ូស្តុកទុកប្រេងចំណុះ១សែនតោន។ ទាហានអ៊ុយក្រែនក៏បានចុចបំផ្ទុះស្ថានីយស្តុកទុកឧស្ម័នរុស្ស៊ីនៅតំបន់ព្រំដែនផងដែរនៅពេលពួកគេដកថយចេញពីទីនោះ។
ក្រសួងការបរទេសរុស្ស៊ីថ្លែងថាដូចឆ្នាំ២០២២ដែរ អ៊ុយក្រែននៅតែបន្តប្រើប្រាស់តាក់ទិចបង្កើនកម្ដៅនៃសង្គ្រាម។ គោលដៅរបស់ពួកគេដើម្បីបន្ទច់បង្អាក់ការចរចាសន្តិភាព។ យើងសូមព្រមានច្បាស់ៗថាបើសិនទីក្រុងកៀវនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញរុស្ស៊ីជាបន្តទៀត រុស្ស៊ីសូមរក្សាសិទ្ធិឆ្លើយតបវិញជាមិនខាន។ ក្នុងនោះក៏មានការឆ្លើយតបជាខ្សែសង្វាក់ផងដែរ៕
ចែករំលែកព័តមាននេះ