ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាល ក្រុងតាខ្មៅធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចូលក្នុងផ្ទះពលរដ្ឋប៉ុនប៉ងលួច(កាច់.កម៉ូតូ) ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមុខបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យខាងលើ មានឈ្មោះ សុខ ឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិបឹងទំពន់១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកឌុបមានឈ្មោះស្រីតា ភេទស្រី អាយុ២០ឆ្នាំ បានរត់គេចខ្លួនបាត់។ ក្នុងនោះ សមត្ថកិច្ចដកហូតបានសម្ភារពីជនសង្ស័យរួមមាន ដែកសំប៉ែតចុងស្រួចចំនួន០១ និងសោកាច់ចំនួន០១ ។

បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនគ្រោះបានទុកម៉ូតូ មុខបន្ទប់ដូចសព្វរាល់ដង ។ ស្របពេលនោះ លេចមុខជនសង្ស័យប្រុសស្រី២នាក់ បានជិះឌុបគ្នាមកឈប់ នៅខាងមុខបន្ទប់ជួលរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះសុខឌី បានចុះពីម៉ូតូរបស់ខ្លួនហើយ រួចយកឧបករណ៍សម្រាប់កាច់ករម៉ូតូ បម្រុងលួចកាច់ក៎ម៉ូតូ របស់ជនរងគ្រោះម៉ាក ហុងដាប៊ីត ពណ៍ក្រហមលាយស ស្លាកលេខភ្នំពេញ 1LH -8566 ស្របពេលនោះ ជនរងគ្រោះក៏បាបានចេញពីបន្ទប់មកឃើញទាន់ក៏បានស្រែកថា «ចោរៗ» ទើបបង្កឲ្យការភ្ញាក់ទៅដល់ប្រជាពលរដ្ឋនៅជិតនោះនាំគ្នាចេញមកជួយដេញចាប់ ។

ភ្លាមៗ ជនសង្ស័យភ័យស្លន់ស្លោរពេក បានបោះឧបករណ៍សម្រាប់លួចកាច់សោម៉ូតូ ចោលក្បែរកន្លែងកើតហេតុ ហើយរត់ឡើងទៅជិះម៉ូតូដែលមានបក្សពួកម្នាក់ទៀតឈ្មោះស្រីតា កំពុងបញ្ឆេះចាំ តែរត់មិនទាន់ ព្រោះត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ចំណែកជនសង្ស័យម្នាក់ទៀត ឃើញបែបនេះ ក៏បានបើកម៉ូតូគេចខ្លួនបាត់តែម្តង ។

ខណៈនោះ ពលរដ្ឋប្រញាប់រាយការណ៍ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ចុះទៅធ្វើការឃាត់ខ្លួនយកមកសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវ សមត្ថកិច្ចក្រុងតាខ្មៅ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ