រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានមាសមាសKTV ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
ខណៈពេលដែលម្ចាស់ហាងនិងជាងបានឡើងផ្សារដែកជួសជុលដំបូងស្លាកយីហោ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភោជនីយដ្ឋាន មាសមាសKTV លើផ្លូវ៣០ម៉ែត ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឲ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះ ហាក់ សុផល ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម្ចាស់ហាង រួមនិងជាងបានឡើងលើដំបូលហាងផ្នែកខាងមុខ ដើម្បីជួសជុលនិងផ្សារដែករៀបចំកែលំអយីហោ ស្រាប់តែផ្កាភ្លើងបានធ្លាក់ទៅប៉ះនិងស្បូវ ដែលប្រក់ដំបូលបណ្ដាលឲ្យឆាបឆេះក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងឆេះរាលដាទៅដល់ខ្យូសផ្សេងៗនៅក្បែរនោះ។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១២និង៤៩នាទីនៅថ្ងៃដដែល។

តាមនគរបាលឱ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឱ្យដំបូលហាងផ្នែកខាងមុខ និងកញ្ចុះចំនួន៦បានរងការខូចខាតទាំងស្រុង តែពុំបណ្ដាឲ្យឆេះរាលដាទៅដល់លំនៅឋានអ្នកជិតខាងឡើយ ។ មូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យបណ្ដាមកពីម្ចាស់ទីតាំងបានឡើងលើដំបូលប៉ាណូហាងដើម្បី កាត់នឹងផ្សារដំបូលបន្ថែម ពេលកំពុងផ្សាស្រាប់តែខ្ទេតកម្ទេចភ្លើងធ្លាក់លើដំបូលកញ្ចុះបណ្តាលអោយឆាបឆេះតែម្តង ៕




ចែករំលែកព័តមាននេះ