ខេត្តកំពង់ស្ពឺ ៖ ករណីអ្នកជិះម៉ូតូបុកចូលរថយន្តដោយខ្លួនឯង បណ្តាលឲ្យស្លាប់ចំនួន៣នាក់មកដល់ពេលនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅគេហដ្ឋានវិញ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមនុស្ស០៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដូចខាងក្រោម៖
១-ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អ រវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ កាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹតបំផុត។
២-បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលភស្តុតាង និងប្រភពព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមក សមត្ថកិច្ចរកឃើញថា ៖ អ្នកបើកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស៣នាក់ លើសចំនួនកំណត់របស់ច្បាប់ និងបើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្អួតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត០១គ្រឿង ដែលកំពុងធ្វើដំណើរបើកបរ បញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ចំណែកឯអ្នកបើកបររថយន្តវិញបានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ ករណីនេះ អ្នកបើកបរប្រឈមនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា៧៥ថ្មី ។
៣-ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌លើបទល្មើសចរាចរណ៍ ត្រូវរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានជ្រាប និងមានចំណាត់ការ ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ស្ថាប័ន អយ្យការសម្រេចបន្តនីតិវិធីករណីអ្នកបើកបរដោយគ្មានប័ណ្ណបើកបរតាមមាត្រា ៧៥ថ្មីខាងលើ ដើម្បីពិនិត្យទិដ្ឋ ភាពច្បាប់ប៉ុណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុម៉ូតូបើកបញ្ច្រាសទិសចូលរថយន្តនោះទេ។
មកដល់ពេលនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាត ឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅគេហដ្ឋានវិញ ហើយ ។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបតាមការគួរ ជៀសវាងការយល់ច្រឡំ ចំពោះការអនុវត្តនីតិវិធី៕

ចែករំលែកព័តមាននេះ