ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​ស្ព្រា​យ​បា.ញ់​សក់​មួយ​កន្លែង ក្នុង​សង្កាត់​ស្ទឹង​មាន​ទី​៣

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ទំនិញ (​ស្ព្រា​យ​បាញ់​សក់ គ្រឿង​សាឡ​ន​) មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ទំនិញ (​ស្ព្រា​យ​បាញ់​សក់ គ្រឿង​សាឡ​ន​) មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ សូ​ឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មានការ​ខូចខាត​ទំនិញ និង​សម្ភារៈ​ជា​ច្រើន និង​ងាប់​សត្វ​ឆ្កែ​(​សុ​ខន​) ០២​ក្បាល ក្នុង​ទ្រុង ផ្អើល​ឡានទឹក​រាប់​សិប​គ្រឿង ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ ។

បើ​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង គេ​បានឮ​សំឡេង​ផ្ទុះ​ចេញពី​ខាងក្រោយ អាគារ​ខុន​ដូ​មួយ​កន្លែង នៅ​ក្បែរ​នោះ ហើយ​ក៏​មាន​ផ្សែង​លាយឡំ​អណ្តាតភ្លើង​ក្រហម​ច្រាន​ថែម​ទៀត​ផង ភ្លាម​ៗ​នោះ គេ​បានឃើញ​ក្រុម​សន្តិសុខ​យាមឃ្លាំង​ស្តុក​ទំនិញ​គ្រឿង​សាឡ​ន រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ ជួយ​បាញ់​ពន្លត់ តែ​មិន​អាច​ទប់ស្កាត់​ជាមួយ​ផ្សែង និង​អណ្តាតភ្លើង​បាន ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​កាន់តែ​សន្ធោសន្ធៅ​ខ្លាំង​ឡើង ។

ជាមួយ​នោះ​ផង​ដែរ ក្រុម​សន្តិសុខ​យាមឃ្លាំង និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ទូរ​សទ្ទ​ខ្វាត់ខ្វែង​ទាក់ទង​ទៅ​សមត្ថកិច្ច​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ មក​ជួយ​អន្តរាគមន៍ និង​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​គ្រឿង​សាឡ​ន “​ស្ព្រា​យ​បាញ់​សក់​” នោះ​ភ្លាម និង​ទទួល​បាន​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​រោងចក្រ​ដែល​នៅ​ក្បែរ​នោះ ។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២៧​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​១៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៧​ឡាន ស្មើរ​នឹង​២៨​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៣​ឡាន ស្មើនឹង​១២​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន ស្មើនឹង​១២​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​ន​រា ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប និង​រថយន្ត​បុរី ប៉េង ហ៊ួ​ត ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប ។

ដោយឡែក​ចំពោះ​ប្រភេទ​ឃ្លាំង​ខាងលើ​នេះ គឺជា​ប្រភេទ ដែក​ប្រក់​ស័ង្កសី ទំហំ (៣​ម៉ែត្រ x ២០​ម៉ែត្រ​) ឆេះ​រោង​ដែក​ប្រក់​ស័ង្កសី ចំនួន​០៣​បន្ទប់ ទំហំ (៣​ម៉ែត្រ x ២០​ម៉ែត្រ​) អស់ទាំង​ស្រុង និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។ ចំពោះ ករណី​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង ៣​និង​០០​នាទី​រសៀល​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា គឺ​បណ្តាល​មក​ពី​ការ​ផ្ទុះ​កំប៉ុង​សា​ប្រៃ​បង្ក​ជា​អគ្គិភ័យ​។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ទេ គឺ​ងាប់​តែ​សត្វ​ឆ្កែ​០២​ក្បាល ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ